ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ខេត្តកំពង់ចាម៖​ ការ​ប្រើប្រាស់​ឱសថ​ទៀងទាត់​ ធ្វើ​ឲ្យ​កាត់​បន្ថយ​ ការ​ចម្លង​មេរោគ​អេដស៍​ ទៅ​អ្នក​ដទៃ​

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 06:54 ល្ងាច អ្នកអាន 426

ខេត្តកំពង់ចាម ៖លោក ហាន់ កុសល អភិបាល រង ខេត្ត កំពង់ចាម បាន ថ្លែង ថា អ្នកដែលសង្ស័យថាឆ្លងមេរោគអេដស៍ ត្រូវទៅធ្វើតេស្តជាបន្ទាន់ ដើម្បីឲ្យបានដឹងពីស្ថានភាពនៃការឆ្លងមេរោគអេដស៍ ហើយបើសិនជាមានផ្ទុក ត្រូវទទួលឱសថព្យាបាលភ្លាមៗ ដើម្បីកុំឲ្យមានភាពទ្រុឌទ្រោម ដល់សុខភាព ដែលជាការប្រឈមដល់អាយុជីវិត ចំពោះបងប្អូនដែលកំពុងតែទទួលឱសថព្យាបាលនោះ ត្រូវខិតខំ ទៅទទួល និងប្រើប្រាស់ឲ្យបានទៀងទាត់ តាមការណែនាំរបស់ពេទ្យ ពីព្រោះថាការប្រើប្រាស់ឲ្យបានទៀងទាត់ និងជាប់លាប់នេះហើយ ដែលធ្វើឲ្យកាត់បន្ថយ ការចម្លងមេរោគអេដស៍ទៅអ្នកដ៏ទៃទៀត។
ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង ឱកាស ប្រារព្ធទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍» នាព្រឹក ថ្ងៃ ទី ៤ ខែធ្នូ ឆ្នាំ ២០១៩ នៅ មន្ទីរ សុខាភិបាល ខេត្ត កំពង់ចាម ។

ថ្លែង ក្នុង ពិធី នោះដែរ លោក ហាន់ កុសល អភិបាល រង ខេត្ត បាន លើក ឡើង ថា តាមការវាយតំលៃពីអង្គការសុខភាពពិភពលោក បច្ចុប្បន្ននេះ កម្ពុជានៅតែឈានមុខគេទៀត លើផែនការ ៩០-៩០-៩០ នៅឆ្នាំ២០២០ខាងមុខនេះ ទី ១ គឺបងប្អូនដែលបានទៅធ្វើតេស្តឈាមរកមេរោគអេដសំរួចហើយនោះ បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន បានចំនួន ៩០% ក្នុងចំណោមអ្នកដែលបានផ្ទុកទាំងនោះបានទៅទទួលឱសថប្រឆាំងមេរោគអេដស៍នៅតាមសេវាព្យាបាល បាន៩០% រីឯអ្នកដែលបានទទួល ឱសថប្រឆាំងមេរោគអេដស៍ ហើយបានទៅបើកឱសថ និងលេបបានទៀងទាត់ជាប្រចាំបាន៩០% ។ ចំនួន៩០ទាំងបីនេះហើយ ដែល អន្តរជាតិបានទទួលស្គាល់ថា កម្ពុជាមានស្នាដៃក្នុងការឈានទៅដល់ ការលប់បំបាត់មេរោគអេដស៍ តាមផែនការអន្តរជាតិ គឺ៩៥-៩៥-៩៥ នាឆ្នាំ២០២៥ ខាងមុខជាបន្តទៀត ។ ដោយឡែក នៅខេត្តកំពង់ចាមយើង នាបច្ចុប្បន្ននេះ ក្នុងការឆ្លើយតបទៅនឹងគោលដៅ៩៥-៩៥-៩៥ គឺ គោលដៅទី១ តាមការប៉ាន់ប្រមាណរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ យើងនឹងមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណជា ៣ ៥២៨នាក់ ហើយក្នុងចំណោមនៃការប៉ាន់ប្រមាណនេះ គឺយើងបានស្រាវជ្រាវរកឃើញមាន បងប្អូនអ្នកផ្ទុកមេរគអេដស៍ចំនួន ៣០០៩ គឺស្មើនឹង ៨៥,២៨% ក្នុងគោលដៅទី១ ហើយមានបងប្អូនបានទៅ ទទួលឱសថប្រឆាំងមេរោគអេដស៍ បានចំនួន ៣០០៥នាក់ គឺស្មើនឹង៩៩% ក្នុងគោលដៅទី២ ក្នុងចំណោមគោលដៅ ទី២នេះ មានបងប្អូនចំនួន ២ ៨៣១នាក់ គឺស្មើនឹង ៩៤,២០% ដែលបានបញ្ជាក់ថា មានមេរោគចុះទាបគឺជាជោគជ័យ ក្នុងការព្យាបាលដោយបានប្រើឱសថប្រឆាំងមេរោគអេដស៍ទៀងទាត់ជារៀងរាល់ថ្ងៃ ផងដែរ ។

លោកវេជ្ជ. គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធាន
លេខាធិការដ្ឋានអេដស៍ខេត្តកំពង់ចាម បាន សំដែងនូវអំណរគុណ ចំពោះការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងភាពជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិត និងបញ្ញាញាណខ្ពស់របស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ ផ្តល់ការគាំទ្រជា នយោបាយ ជាយុទ្ធសាស្ត្រ ជាគោលនយោបាយ ជាពិសេសគោលនយោបាយប្រើប្រាស់ស្រោមអនាម័យ១០០% តាមគ្រឹះស្ថានកំសាន្តសប្បាយទាំងអស់ ជាមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជា និជាពិសេសគឺការបង្កើននូវថវិកាជាតិជាបន្តបន្ទាប់ ក្នុងការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ រហូតទទួលបាន នូវប្រសិទ្ធភាពខ្ពស់ ដូចសព្វថ្ងៃនេះ៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,357 នាក់
ម្សិលមិញ : 74,071 នាក់
សរុប : 91,743,140 នាក់