ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អគារការិយាល័យ ច្រកចេញចូលតែមួយ ស្រុកប្រាសាទបាគង កំពុងដំណើរការ សាងសង់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 06:33 ព្រឹក អ្នកអាន 507

(ខេត្តសៀមរាប)អគារការិយាល័យ ច្រកចេញចូលតែមួយ របស់ស្រុកប្រាសាទបាគង ដែលកំពុងដំណើរការសាងសង់ នេះមានបណ្តាយ២០ម៉ែត្រ និងទទឹង១០ម៉ែត្រ ស្ថិតនៅក្នុងបរិវេណសាលាស្រុក​ សាងសង់​តាមគំរូស្តង់ដា ដូចៗគ្នានៅទូទាំងប្រទេស ។ ការសាងសង់អគារនេះត្រូវប្រើរយៈពេលជាង៣ខែ ដោយប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្ត ។ មកដល់បច្ចុប្បន្ន មានការិយាល័យច្រកចេញចូលតែមួយក្រុងស្រុកខណ្ឌ ចំនួន ​៨៣ កំពុងនិងបានដាក់អោយអនុវត្តបំរើសេវានៅទូទាំងប្រទេស។
ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ គឺអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១២ សសរ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៨ ក្រសួងមហាផ្ទៃបានដាក់ចេញនូវប្រកាសលេខ ៩២៨ ប្រក ចុះថ្ងៃទី១២ ខែមិនា ឆ្នាំ២០០៩ ស្តីពីការបង្កើតការិយាល័យច្រកចេញចូលតែមួយនៅបណ្តាក្រុង ស្រុក ខណ្ឌ។ ការបង្កើតឡើងនូវការិយាល័យច្រកចេញចូលតែមួយថ្នាក់ក្រុង ស្រុក ខណ្ឌមានគោលបំណងសំខាន់ៗដូចខាងក្រោម៖
• លើកកម្ពស់គោលការណ៍អភិបាលកិច្ចល្អ ការកែទម្រង់ប្រព័ន្ធរដ្ឋបាលដោយពង្រីកវិសាលភាពសេវាកម្មដែលផ្តល់ដោយរដ្ឋបាលក្រុង ស្រុក ខណ្ឌឱ្យបានទូលំទូលាយតាមរយៈការប្រមូលផ្តុំសេវាកម្មទាំងអស់ ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រុង ស្រុក ខណ្ឌ ដែលត្រូវផ្តល់ជូនអតិថិជននៅកន្លែងតែមួយ។
• កែលម្អការផ្តល់សេវារដ្ឋបាល កាត់បន្ថយអំពើពុករលួយ និងបង្កើនការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធរដ្ឋបាល។
• លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់មតិយោបល់ និងការរិះគន់ស្ថាបនាដើម្បីកែលម្អការអនុវត្តលើប្រព័ន្ធរដ្ឋបាល។
• បង្ខិតរដ្ឋបាលឱ្យនៅកៀកជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព ឆ្លើយតបទាន់ពេលវេលា ទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ការិយាល័យច្រកចេញចូលតែមួយគឺជា
• កន្លែងផ្តល់សេវារដ្ឋបាលដែលប្រជាពលរដ្ឋត្រូវការចាំបាច់ ឱ្យបានទាន់ពេលវេលា មានតម្លាភាព និងតាមនីតិវិធីសាមញ្ញ
• កន្លែងប្រមូលផ្តុំសេវារដ្ឋបាល និងនីតិវិធីរដ្ឋបាលមួយចំនួននៅកន្លែងតែមួយ
• កន្លែងដែលអតិថិជនមកទទួលទម្រង់បែបបទ និងទទួលព័ត៌មានគ្រប់គ្រាន់ច្បាស់លាស់ស្តីពីការផ្តល់សេវារដ្ឋបាលផ្សេងៗ និងការបង់ថ្លៃសេវា ឬអាករផ្សេងៗ
• កន្លែងផ្តល់លទ្ធផលសម្រេចជាផ្លូវការលើសេចក្តីស្នើសុំដល់ប្រជាពលរដ្ឋ។
ការិយាល័យច្រកចេញចូលតែមួយត្រូវរៀបចំឱ្យមានផ្នែកសំខាន់ពីរគឺ ផ្នែកជួរមុខ និងផ្នែកជួរក្រោយ។ ផ្នែកជួរមុខត្រូវបានចាត់ទុកជាផ្នែកស្នូលនៃការិយាល័យច្រកចេញចូលតែមួយ ជាកន្លែងដែលប្រជាពលរដ្ឋមកប្រាស្រ័យទាក់ទងដោយផ្ទាល់ដើម្បីមកទទួលសេវាកម្មពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ផ្នែកជួរមុខមានបីក្រុម៖
• ក្រុមទទួល ប្រគល់ឯកសារ និងផ្តល់ព័ត៌មាន៖មានភារកិច្ចទទួលពាក្យស្នើសុំ ប្រគល់ឯកសារ និងផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋដោយផ្ទាល់។
• ក្រុមនីត្យានុកូលកម្ម៖ មានភារកិច្ចធ្វើនីត្យានុកូលកម្មឯកសារនិងត្រូវសម្រេចភ្លាមនៅផ្នែកជួរមុខតែម្តង។
• ក្រុមទូទាត់ប្រាក់៖ មានភារកិច្ចទទួលកម្រៃសេវាកម្មរដ្ឋបាលនិងរក្សាបញ្ជីថ្លៃសេវាកម្មទាំងអស់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,705 នាក់
ម្សិលមិញ : 74,071 នាក់
សរុប : 91,743,488 នាក់