ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្រុមហ៊ុនស៊ីងបាយអូថេក រងការរិះគន់ថា បំផ្លាញព្រៃឡង់ យ៉ាងមហន្តរាយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 03:00 ល្ងាច អ្នកអាន 471

ភ្នំពេញ៖មានការលើកឡើងថា បច្ចុប្បន្នក្រុមហ៊ុនស៊ីងបាយអូថេក បានរងការរិះគន់ថា បានកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ យ៉ាងពេញបន្ទុក ដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។

ប្រភពបានឲ្យដឹងទៀតថា មួយរយៈចុងក្រោយនេះក្រុមហ៊ុនស៊ីងបាយអូថេក ទំនងមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធកំពុងបង្កើនសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ក្នុងខេត្តទាំង៤ យ៉ាងរាលដាល។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនអង្គរប្លាយវូដ ទំនងគឺជាអ្នកទិញឈើបន្តពីក្រុមហ៊ុនស៊ីងបាយអូថេក ដើម្បីដឹកជញ្ជូនចេញ យ៉ាងរលូន ព្រោះអាចមានការឃុបឃិតជាប្រព័ន្ធពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចជាច្រើនស្ថាប័ន។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា ច្រើនខែមកហើយដែលក្រុមហ៊ុនស៊ីងបាយអូថេក បានកាប់ដើមឈើធំៗក្នុងព្រៃឡង់ រួចអារច្រៀកដឹកជញ្ជូនធ្វើអាជីវកម្មយ៉ាងពេញបន្ទុក។ ហេតុនេះលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ក៏ដូចជាលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនគួរបណ្ដែតបណ្ដោយតទៅទៀតឡើយ ព្រោះបច្ចុប្បន្នក្រុមហ៊ុនស៊ីងបាយអូថេក កំពុងសម្រុកបំផ្លាញព្រៃឡង់ក្នុងខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ និងខេត្តព្រះវិហារ ដោយគ្មានញញើតអ្វីទាំងអស់។

ពាក់ព័ន្ទទៅនឹងការរិះគន់នេះ បណ្ដាញសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការ បកស្រាយពីតំណាងក្រុមហ៊ុនស៊ីងបាយអូថេក និងក្រុមហ៊ុនអង្គរប្លាយវូដ នៅឡើយទេ នារសៀលថ្ងៃនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,335 នាក់
ម្សិលមិញ : 44,536 នាក់
សរុប : 92,499,171 នាក់