ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកស៊ុន ចាន់ថុល បញ្ជាគ្រឿងចក្រ បើកការដ្ឋានស្តារអូរ ប្រឡាយ ៥ខ្សែ នៅខេត្តព្រះសីហនុ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 10:00 ព្រឹក អ្នកអាន 330

 (ភ្នំពេញ)លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃទី០៩ បានអញ្ជើញវត្តមាន បើកការដ្ឋានការងារស្តារអូរប្រឡាយទាំង៥ ខ្សែនៅខេត្តព្រះសីហនុ ខេត្តព្រះសីហនុ (អូរឈេីទាល អូរអេម៉ារីអូ អូរសំអាត អូរអណ្តូងអ៊ុនតាក់ អូរស្ពានឆេះ) គ្រោងចំណាយថវិកា ប្រមាណ ១០ ពាន់លានរៀល ដោយមានការចូលរួមពី មន្ត្រីក្រសួងសាធារណការ និនិងដឹកជញ្ជូនលោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត លោកគួច ចំរេីន អភិបាលខេត្តព្រះសីហនុ អាជ្ញាធរដែនដី ក្រុមជំនាញការ និងភាគីពាក់ព័ន្ធផងដែរ។

រដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលើកិច្ចការអាទិភាពក្នុង ការស្តារអូធម្មជាតិទាំង៥ និងលូដែលមានស្រាប់ដែលសព្វថ្ងៃកំពុងទទួលរងនូវការរំលោភយកដីចំណីអូរ និងប្រឡាយដើម្បីបើកមុខទឹកនិងដោះស្រាយជំនន់ទឹកភ្លៀង ការកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និង ការពង្រីកប្រព័ន្ឋលូ និងតម្រូវការហេដ្ឋារចនាសម្ព័ន្ឋរូបវន្តផ្សេងទៀត។

សូមជម្រាបជូនថា៖ នៅឆ្នាំ២០១៨ បរិមាណបញ្ចេញទឹកកខ្វក់នៅខេត្តព្រះសីហនុមានរហូតដល់ ២៥ ០០០ ម៉ែត្រគីប/ថ្ងៃ ហើយត្រូវបានព្យាករណ៍ថា៖ នឹងកើនឡើងដល់៤៧ ០០០ម៉ែត្រគីប/ថ្ងៃនៅឆ្នាំ២០២៣ និង អាចបន្តកើនរហូតដល់ ៦៤ ០០០ម៉ែត្រគីប/ថ្ងៃ នៅឆ្នាំ២០៣០ផងដែរ។ ហេតុដូច្នេះរាជរដ្ឋាភិបាល កំពុងគិតគូរ លើវិធានការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ឋក្នុងក្រុងព្រះសីហនុដោយយកចិត្តទុកដាក់ បំផុត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តនេះឱ្យកាន់តែប្រសើរឡើងថែម ទៀត។

រដ្ឋមន្ត្រី ក៏បានរំឭកឡើងវិញអំពីអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យ ប្រើប្រាស់ថវិកាសន្សំរបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវ អនុវត្តនូវគោលការណ៍ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» ក្នុងការស្ថាបនា ជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ក្នុងខេត្តព្រះសីហនុ។

រដ្ឋមន្ត្រីបានគូសបញ្ជាក់ អំពីសារសំខាន់នៃសក្តានុពលពីធម្មជាតិរបស់ខេត្តព្រះសីហនុ ដែលមានតំបន់ឆ្នេរ ព្រៃធម្មជាតិស្រស់ត្រកាល អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ វិនិយោគិន បង្កើតការងារធ្វើ និងបានលើកឡើងពីការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ជាក់ស្តែងកាល ពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុចំនួន ៣៤ខ្សែ ប្រវែង ៨៤,៥០៥ គីឡូ ម៉ែត្រ ដែលផ្លូវទាំងនេះមានគុណភាពរឹងមាំ និងសោភ័ណភាពអាចបំរើឱ្យវិស័យទេសចរណ៍របស់យើង បាន។

រដ្ឋមន្ត្រី បានលើកឡើងអំពី៖ ការពង្រីកកំពង់ផែទឹកជ្រៅអាចដឹក ជញ្ជូនកាន់តែមានភាពងាយស្រួល ឱ្យនាវាធុនធំចេញចូល ធ្វើឱ្យតម្លៃដឹកជញ្ជូនកាន់តែថោក ការជំរុញការ កសាងពង្រីកព្រលានយន្តហោះអន្តរជាតិ អាចឱ្យយន្តហោះប្រភេទធុនធំចុះចតបានងាយស្រួល ដើម្បី បម្រើសេវាតាមផ្លូវអាកាសកាន់តែមានភាពងាយស្រួល និងគម្រោងកសាងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជ ធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ ដែលគ្រោង ដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២២ខាងមុខ៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,146 នាក់
ម្សិលមិញ : 44,536 នាក់
សរុប : 92,498,982 នាក់