ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ផ្អើលទាំងព្រឹក នៅក្រុងសៀមរាប រឿងរថយន្តទំនើប៤៧០មួយគ្រឿង មានឯកសារ២

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 01:00 ល្ងាច អ្នកអាន 11616

ខេត្តសៀមរាប៖មានការភ្ញាក់ផ្អើលទាំងព្រឹក ដោយសារតែមានរឿងរថយន្តសេរីទំនើប៤៧០មួយគ្រឿង មានឯកសារដល់ទៅ២។ដែលករណីនេះ ឈានដល់ដៃតុលាការផងដែរ។

ហេតុការណ៍បានធ្វើឡើងនៅថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩នេះ នៅចំណុចផ្ទះយីហោ លាង ហៃ លក់ទូរសព្ទដៃទំនើប ស្ថិតនៅតាមផ្លូវបេតុង ក្រោយអតីតពេទ្យនាគទេព ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

យោងតាមប្រភពបានឲ្យដឹងថាការចុះរឹបអូសរថយន្តសេរីទំនើបលុចស៊ីស៤៧០ ខាងលើ គឺអនុវត្តតាមដីកា របស់សាលាដំបូងខេត្តសៀមរាប ដឹកនាំដោយលោក ឡុង សារ៉ាត់ មន្ត្រីសាលាដំបូងខេត្តសៀមរាប។

ការបានដកហូតរថយន្តលុចស៊ីស ពីទីតាំងខាងលើ គឺយកទៅរក្សាទុកនៅតុលាការខេត្តជាបណ្តោះអាសន្ន ដោយរង់ចាំការដោះស្រាយតាមផ្លូវច្បាប់។ ករណីនេះធ្វើឡើងដោយមានពាក្យបណ្តឹងរបស់បុរសម្នាក់ដែលបានអះអាងថាជាម្ចាស់រថយន្តនិងបានជួលរថយន្តលុចស៊ីសនេះឲ្យទៅបុរសម្នាក់ ប៉ុន្តែក្រោយមកបែជារកឃើញ នៅកន្លែងលក់ទូរសព្ទខាងលើទៅវិញ។ ជាមួយគ្នានេះម្ចាស់ហាងលក់ទូរសព្ទ លាង ហៃ បានប្រាប់នៅកន្លែងកើតហេតុថាខ្លួនទិញរថយន្តលុចស៊ីសនេះ ក៏មានឯកសារផងដែរ។ ទោះយ៉ាងណាក្នុងរឿងរបស់មួយមានម្ចាស់២បែបនេះគេនៅមិនទាន់ដឹងថា នរណាជាម្ចាស់ពិតប្រាកដនៅឡើយ មានតែតុលាការតែប៉ុណ្ណោះដែលជាឯករាជអាចរកធាតុពិតប្រាកដរបស់ម្ចាស់រថយន្ត។

សូមបញ្ជាក់ថានៅខេត្តសៀមរាប កន្លងទៅក៏មានករណីបុគ្គលបានជួលរថយន្តសេរីទំនើបៗ ដើម្បីជិះនិងជួលបន្តឲ្យភ្ញៀវប៉ុន្តែករណីខ្លះ ត្រូវបានអ្នកជួលនោះយកទៅលក់ឬបញ្ចាំផងដែរ។ បាតុភាពបែបនេះ អ្នកមានរថយន្តសូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត មុននឹងសម្រេចចិត្តជួលរថយន្តរបស់ខ្លួនឲ្យទៅនរណាម្នាក់ចៀសវាងជួបបញ្ហា៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 10,816 នាក់
ម្សិលមិញ : 44,536 នាក់
សរុប : 92,498,652 នាក់