ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ថ្នាក់លើនៅតែរក្សាទុក មេគយចល័តតំបន់៥ លោក ឈួន សោភា ដដែល បើទោះបី មានរឿងអាស្រូវ ជាច្រើនក៏ដោយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 02:11 ល្ងាច អ្នកអាន 367

ភ្នំពេញ៖រហូតមកដល់ពេលននេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដូចជាអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅមិនទាន់មានការផ្លាស់តួនាទីមេគយចល័តតំបន់៥ លោក ឈួន សោភា នៅឡើយទេ បើទោះបីជាកន្លងទៅលោកឈួន សោភា មានរឿងអាស្រូវនិងធ្លាប់ត្រូវបាន ថ្នាក់លើកោះហៅទៅបំភ្លឺយ៉ាងណាក៏ដោយ។

ជុំវិញរឿងអាស្រូវរបស់លោកឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ដែលមានទីស្នាក់ការនៅតាមដងផ្លូវជាតិលេខ៥ ជិតស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ ត្រូវបានសារព័ត៌មាន ចេញផ្សាយជាបន្តបន្ទាប់ដើម្បីឲ្យថ្នាក់លើមានវិធានការផ្លាស់ប្ដូរ ប៉ុន្តែថ្នាក់លើនៅតែរក្សាទុក លោកឈួន សោភា ឲ្យនៅកាន់មុខតំណែងដដែល។ ដែលប្រការនេះធ្វើឲ្យឈួន សោភា កាន់តែមានចរឹកក្រអឺតក្រទម យ៉ាងខ្លាំងដោហេតុថាបើទោះបីខ្លួន ធ្លាប់មានថ្នាក់លើកោះហៅបំភ្លឺយ៉ាងណាក្ដី ក៏ថ្នាក់លើមិនអាចដកតំណែងគេចេញបានឡើយ។

យោងតាមបណ្ដាញសារព័ត៌មានបានឲ្យដឹងថាជាយូណាស់មកមានក្រុមឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ឆ្លងកាត់មុខស្នាក់ការគយចល័តតំបន់៥ យ៉ាងរលូន ដែលសកម្មភាពទាំងនោះត្រូវបានគេសង្ស័យថា មានការត្រូវរូវជាមួយ
លោក ឈួន សោភា និងបក្ខពួករបស់គេ ដែលធ្វើឲ្យចំណូលពន្ធគយទាំងនោះ មួយភាគធំបានចូលក្នុងហោប៉ៅ ចំណែកចំណូលចូលរដ្ឋបានតិចតួចបំផុត។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវ របស់លោក ឈួន សោភា និងបក្ខពួកជាបន្ទាន់។

ក្រុមអាជីវករ ដឹកជញ្ជូនទំនិញបានលើកឡើងថាការដឹកជញ្ជូនទំនិញ ឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ ចូលទៅរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តនោះបើទោះបី មានការបង់ពន្ធគយនៅច្រកព្រំដែនរួចហើយក៏ដោយ ក៏ចៀសមិនផុតពីបង់លុយឲ្យគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ ដែរ។

សូមរម្លឹកថាលោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ដែលមានទីស្នាក់ការនៅតាមដងផ្លូវជាតិលេខ៥ ជិតស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ ត្រូវបានលោកគុណ ញឹម អគ្គនាយកគយ និងរដ្ឋាករធ្វើលិខិតកោះហៅ មកកាន់អគ្គនាយកដ្ឋានដើម្បីបំភ្លឺការងារមួយចំនួន តែគេមិនដឹងថាបំភ្លឺរឿងអ្វីខ្លះនោះទេ គ្រាន់តែមន្ត្រីគយមួយចំនួនខ្សឹបខ្សៀវគ្នាថា បើគ្មានភាពមិនប្រក្រតីពាក់ព័ន្ធការងារពន្ធគយទេ ក៏អគ្គនាយកមិនហៅមកបំភ្លឺដែរ។

យោងតាមលិខិតកោះហៅរបស់លោកគុណ ញឹម អគ្គនាយកគយ និងរដ្ឋាករចេញកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ បានកោះហៅ លោក ឈួន សោភា អត្ថលេខ៤៣៦ មានតួនាទីជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់គេចពន្ធតំបន់៥ អោយចូលខ្លួនមកបំភ្លឺនៅនាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក ដែលមានទីតាំងនៅអគ្គាវឌ្ឍនៈ កាពីតាល់ នៅវេលាម៉ោង១៤ និង៣០នាទីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩។
គេមិនដឹងថា លោកឈួន សោភា មានកំហុសពាក់ព័ន្ធនឹងការងារអ្វីនោះទេ បានដល់ថ្នាក់អគ្គនាយកកោះហៅ អោយមកបំភ្លឺយ៉ាងប្រញាប់ប្រញាល់បែបនោះ តែអ្នកដឹងរឿងបានអះអាងថា បើគ្មានរឿងទេ មិនដែលនៅសុខៗមេហៅអោយមកបំភ្លឺនោះឡើយ។

តាមមន្ត្រីគយមួយរូបបានបង្ហើបអោយដឹងថា ចាប់តាំងពីលោកឈួន សោភា ត្រូវបានតែងតាំងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់ ៥ដែលមានទីស្នាក់ការនៅតាមផ្លូវជាតិលេខ៥ក្បែរស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ មក គឺលោកឈួន សោភា ធ្លាប់ត្រូវបានអគ្គនាយក កោះហៅមកបំភ្លឺពីមុនៗផងដែរ។ រហូតមកដល់រសៀលថ្ងៃនេះបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោកឈួន សោភា នៅឡើយទេ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,281 នាក់
ម្សិលមិញ : 44,536 នាក់
សរុប : 92,499,117 នាក់