ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរា គ្រោងអនុវត្ត ការជួសជុល ហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់សោភ័ណភាព រមណីយដ្ឋានអង្គរ ឲ្យកាន់តែមានភាព ទាក់ទាញ នៅឆ្នាំ២០២០

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 03:07 ល្ងាច អ្នកអាន 676

ខេត្តសៀមរាប៖ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី២៦ នៃគណៈកម្មាធិការអន្ដរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ នៅព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ក្រៅតែពីអាជ្ញាធរជាតិអប្សរាបានសហការជាមួយបណ្ដាដៃគូអន្តរជាតិជាច្រើនក្នុងការងារជួសជុល អភិរក្ស និងថែរក្សា ប្រាសាទបុរាណនោះ អាជ្ញាធរជាតិអប្សរាខ្លួនឯង ក៏មានគម្រោងជាច្រើនសម្រាប់ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ការងារលើកកម្ពស់សោភ័ណភាពរមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពទាក់ទាញថែមទៀតនៅឆ្នាំ២០២០ខាងមុខ។

ឯកឧត្តមអគ្គនាយកមានប្រសាសន៍បញ្ជាក់ទៀតថា៖
គម្រោងជួសជុលផ្លូវមួយចំនួនមានដូចជា ការកសាងផ្លូវក្នុងទីក្រុងអង្គរធំ ការជួសជុលផ្លូវពីផ្លូវជាតិលេខ៦ចូលប្រាសាទបាគងនិងព័ទ្ធជុំវិញប្រាសាទបាគង ការជួសជុលផ្លូវមុខប្រាសាទបន្ទាយក្តីនិងផ្នែកខាងជើងស្រះស្រង់ ការជួសជុលផ្លូវពីចំណុចស្វាយធំផ្លូវជាតិលេខ៦ទៅដល់រង្វង់មូលកូនដំរី ការជួសជុលផ្លូវពីវង់ធំក្នុងភូមិព្រះដាក់ឆ្លងកាត់ប្រាសាទបន្ទាយសំរែ ភ្នំបូករហូតដល់ចំណុចស្ពានឆេះផ្លូវជាតិលេខ៦៦ ការជួសជុលផ្លូវពីប្រាសាទអង្គរវត្តមកព្រលានយន្តហោះអន្តរជាតិសៀមរាប ការជួសជុលផ្លូវពីព្រលានយន្តហោះអន្តរជាតិសៀមរាបមកផ្លូវជាតិលេខ៦ត្រង់ចំណុចភ្លើងស្តុប និងការកែលម្អផ្លូវសម្ដេចវិបុលបញ្ញា សុខ អាន ចាប់ពីចំណុចបំបែកផ្លូវហ្សាលដឺហ្គោលរហូតទៅដល់រង្វង់មូលអប្សរា និងពីរង្វង់មូលអប្សរាទៅដល់ផ្លូវជាតិលេខ៦។

ចំពោះគម្រោងពាក់ព័ន្ធការលើកកម្ពស់សោភ័ណភាពប្រាសាទដែលនឹងត្រូវដាក់ឱ្យអនុវត្តន៍នៅក្នុងឆ្នាំ២០២០នោះ មានដូចជាគម្រោងរៀបចំប្រព័ន្ធស្វ័យប្រវត្តិស្រោចស្រពវាលស្មៅក្នុងបរិវេណ ប្រាសាទអង្គរវត្តឱ្យមានភាពបៃតងជានិច្ច។ ពាក់ព័ន្ធនឹងសោភ័ណភាពបរិវេណមុខប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរានឹងបន្តពង្រីកតំបន់ទេសភាពបៃតងដើម្បីប្រែក្លាយទីនោះឱ្យកាន់តែស្រស់ស្អាត ព្រោះកន្លងមកអាជ្ញាធរជាតិអប្សរាបានអនុវត្តរួចហើយនូវការដាំស្មៅ ដាំកូនឈើ ដាំដើមផ្កានៅផ្នែកខាងត្បូងមុខប្រាសាទអង្គរវត្តនៅពាក់កណ្តាលឆ្នាំ២០១៩។ ដូច្នេះ ការងារពង្រីកតំបន់ទេសភាពបៃតងនឹងត្រូវពង្រីកបន្តទៀត។

រីឯផ្លូវកៅស៊ូមុខប្រាសាទអង្គរវត្តប្រវែង៣៥០ម៉ែត្រក៏នឹងត្រូវជួសជុលកែលម្អដោយមានការរៀបចំប្រព័ន្ធរំដោះទឹក ដាំកូនឈើ ផ្លូវដើរ ចញ្ចើមផ្លូវ និងសួនច្បារ៕

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,135 នាក់
ម្សិលមិញ : 74,071 នាក់
សរុប : 91,742,918 នាក់