ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន មានមហិច្ឆិតា ជំរុញ កម្ពុជា ឲ្យក្លាយទៅ ជាប្រទេស មានចំណូលខ្ពស់ នៅឆ្នាំ២០៥០

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ មករា ឆ្នាំ​ 2020 ម៉ោង 05:00 ល្ងាច អ្នកអាន 420

 ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបានអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក Jeffrey D. Sachs ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ នៅវិមានសន្តិភាព នាព្រឹកមិញបានមានប្រសាសន៍ថាកម្ពុជាមានមហិច្ឆិតាធ្វើយ៉ាងណាជំរុញកម្ពុជាឲ្យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ នឹងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ កន្លងមកកម្ពុជាបានដាក់ចេញនូវគោលនយោបាយផលិតស្បៀង គឺការនាំអង្ករចេញហើយក៏បានទទួលភាពជោគជ័យ ជាពិសេសលើគោលនយោបាយផលិតស្បៀង។ កម្ពុជាដែលជាប្រទេសមួយធ្លាប់តែខ្វះស្បៀងអាហារ បានប្រែក្លាយជាប្រទេសមួយមានអតិរេកស្បៀងទៅវិញ។ ពេលនោះទៀត រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយឧស្សាហកម្មផងដែរ ដើម្បីធ្វើយ៉ាងណា ជំរុញឧស្សាហកម្មកម្ពុជា ក្នុងទិសដៅជំរុញកម្ពុជាឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
សម្ដេចតេជោមានប្រសាសន៍ថា កាលពី១៥ឆ្នាំមុន សម្ដេចបានជួបជាមួយនឹង លោក Jeffrey D. Sachs គឺបានពិភាក្សាគ្នា អំពីបញ្ហាការអភិវឌ្ឍសហវត្ស។ ប៉ុន្តែនៅពេលនេះ គឺយើងពិភាក្សាជាថ្មីម្ដងទៀត លើការអភិវឌ្ឍប្រកបដោយចីរភាពវិញ ហើយការអភិវឌ្ឍន៍ ប្រកបដោយចីរភាពនេះ គឺមានសារៈសំខាន់ណាស់ ហើយកត្តាសំខាន់ជាងគេបំផុត គឺវិស័យបរិស្ថានតែម្តង។ ទន្ទឹមនឹងនេះ សម្តេចតេជោបានមានប្រសាសន៍បន្តថា បញ្ហាបច្ចុប្បន្ននេះ គឺបញ្ហាស្ទះចរាចរណ៍ ដែលកាលពី១៥ឆ្នាំមុន មិនដែលបានឃើញទេ ហើយក៏ដូចជាបញ្ហាចំណតរថយន្ត បញ្ហាសំណល់រឹង សំណល់រាវ ជាពិសេសទៅទៀតនោះ គឺបញ្ហាប្រែប្រួលអាកាសធាតុ ដែរបញ្ហានេះបាននាំមកនូវការបារម្ភសម្រាប់កម្ពុជា ជាពិសេសលើវិស័យកសិកម្មផង លើវិស័យធនធានទឹកផងដែលធ្វើឲ្យកម្រិតទឹកនៅកម្ពុជា មានកម្រិតទាប។ ក្នុងន័យនេះសម្ដេចតេជោ បានមានប្រសាសន៍ថា យើងគប្បីណារួមគ្នា ធ្វើការដោះស្រាយ ជាពិសេសបញ្ហាប្រែប្រួលអាកាសធាតុនេះ ដែលកម្ពុជាគាំទ្រគោលនយោបាយ និងរាល់អ្វីៗ ដែលជាពាក់ព័ន្ធនឹងបញ្ហានេះ ដែលអង្គការសហប្រជាជាតិ បាន ដាក់ចេញមក៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,651 នាក់
ម្សិលមិញ : 67,366 នាក់
សរុប : 94,059,141 នាក់