ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

គយឈ្មោះ ម៉េង ផល្គុន រងការរិះគន់ថា ផ្អឹបឯកសារ បើក្រុមហ៊ុនណា មិនបង់លុយឲ្យខ្លួន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មករា ឆ្នាំ​ 2020 ម៉ោង 07:46 ល្ងាច អ្នកអាន 539

ភ្នំពេញ៖មានការលើកឡើងថា
បើក្រុមហ៊ុនទាំងឡាយណាមិនបង់លុយចំនួន ១៣២ដុល្លារ ទៅ ១៤២ដុល្លារ ជូនមន្ត្រីគយ និងរដ្ឋាករតំបន់សេដ្ឋកិច្ចពិសេសទាំង៣ ខេត្តព្រះសីហនុ ដែលមានលោក ម៉េង ផល្គុន ជាមេគយនោះទេគឺមន្ត្រីគយ នឹងកាក់ផ្អឹបឯកសារ និងមិនស៊ីញ៉េ នៅលើឯកសារនាំចេញ នាំចូលទំនិញទាំងនោះទេ។ ពោលគឺ ដូចគ្នាគយ ចាប់កុងតឺន័រទំនិញទាំងនោះទុក មិនឲ្យដឹកចេញ ឬចូល បានទេ។

យោងតាមប្រភពព័ត៌មានដែលបានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះបានឲ្យដឹងថាលោក ម៉េង ផល្គុន មេគយ និងរដ្ឋាករគ្រប់គ្រងទំនិញរួចពន្ធ តំបន់សេដ្ឋកិច្ចពិសេសទាំង៣ នៅខេត្តព្រះសីហនុ ត្រូវបានក្រុមអ្នករត់ការគយ ឬទំនិញ នៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ខេត្តព្រះសីហនុ បានអះអាងថា ថវិកាសម្រាប់បង់ពន្ធចូលរដ្ឋត្រឹម ១៥,០០០រៀល ប៉ុន្តែលុយរត់ចូលក្នុងហោប៉ៅ គឺអាចមានចន្លោះចាប់ពីជាង ១៣០ដុល្លារសហរដ្ឋអាមេរិក ទៅដល់ជាង ១៤០ ដុល្លារ ក្នុងទំនិញរួចពន្ធមួយទូរកុងតឺន័រ។

ប្រភពពីអ្នករត់ការគយ ឬរត់ការទំនិញ នៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងខេត្តព្រះសីហនុ
បានបង្ហើបថា លោក ម៉េង ផល្គុន តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឬអ្នករត់ការហៅថា មេគយប្រចាំតំបន់សេដ្ឋកិច្ចពិសេសទាំង៣ ក្នុងខេត្តព្រះសីហនុ បានតម្រូវឲ្យក្រុមអ្នករត់ការគយ ដាក់លុយក្រោមតុយ៉ាងតិច ១៣០ដុល្លារសហរដ្ឋអាមេរិក ក្នុងទំនិញមួយកុងតឺន័រ មុននឹងអនុញ្ញាតឲ្យដឹកទំនិញអត់បង់ពន្ធចេញពីតំបន់សេដ្ឋកិច្ចពិសេសទាំង៣នោះ។

ចំពោះបញ្ហានេះ ទាំងអ្នករត់ការទំនិញ ជាពិសេសសាធារណជន មានចម្ងល់ថា តើក្នុងមួយថ្ងៃៗ មានប៉ុន្មានកុងតឺន័រ ដែលត្រូវចេញចូលឆ្លងកាត់ មន្ត្រីគយ និងរដ្ឋាករ នៅតំបន់សេដ្ឋកិច្ចពិសេស ឈ្មោះ ម៉េង ផល្គុន នេះ.. ?

យោងតាមប្រភពបានឲ្យដឹងទៀតថាគយប្រចាំតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ ក្នុងខេត្តព្រះសីហនុ បានតម្រូវឲ្យពួកគេបង់លុយក្រោមតុចន្លោះចាន់ពីជាង ១៣០ ដុល្លារសហរដ្ឋអាមេរិក ទៅដល់ ១៤០ដុល្លារ ជូនមន្ត្រីខាងលើនេះ ក្នុងទំនិញ ឬឥវ៉ាន់មួយកុងតឺន័រជាមុនសិន។ ទើបមេគយរូបនេះ ចាប់ផ្ដើមពិនិត្យឯកសារ រួចអនុញ្ញាតឲ្យយកទំនិញចេញ ឬ ចូលក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

លោក ម៉េង ផល្គុន ដែលជាប្អូនថ្លៃ លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានគេចាត់ឲ្យលោក មកទទួលកិច្ចការត្រួតពិនិត្យទំនិញរួចពន្ធ ដែលចេញ-ចូលតំបន់សេដ្ឋកិច្ចពិសេសទាំងបី ក្នុងខេត្តព្រះសីហនុ រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ, តំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង និង តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ករណីនេះគឺគយ
តម្រូវឲ្យបង់លុយក្រៅ ដែលគ្មានវិក័យប័ត្រ ចាប់ពី ១៣២ដុល្លារអាមេរិក រហូតដល់ ១៤២ដុល្លារ ក្នុងមួយទូរកុងតឺន័រ នៃទំនិញនាំចូលរួចពន្ធ និង ទំនិញនាំចេញ ដែលក្នុងមួយខែៗ អាចមានទូរកុងតឺន័រឆ្លងកាត់គិតជាមធ្យមមានប្រមាណចន្លោះចាប់ពី ៦០០ ទៅ ៧០០ ទូរកុងតឺន័រ។
ក្រុមអ្នករត់ការទំនិញ ឬជើងសារគយ នៃក្រុមហ៊ុនមួយចំនួន ស្នើសុំមិនបញ្ចេញឈ្មោះ ដែលទទួលរត់ការឯកសារ ដើម្បីយកទំនិញនាំចូលរួចពន្ធ និងទំនិញនាំចេញ បានឲ្យដឹងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ថា ក្រុមហ៊ុនរបស់លោក មិនសូវទទួលបានលើការងាររត់ការលើទំនិញរួចពន្ធច្រើន ក្មុងមួយខែៗ មានត្រឹមក្រិមដប់ទូរ ឬក្រិមដប់កុងតឺន័រតែប៉ុណ្ណោះទេ។ ប៉ុន្តែលោកយល់ថា ចំពោះបញ្ហា ដែលក្រុមជើងសារគយបានលើកឡើងថា លោក ម៉េង ផល្គុន ថាបាទទួលលុយជាកញ្ចប់ចំនួន ចន្លោះចាប់ពីជាង ១៣០ ទៅជាង ១៤០ដុល្លារ ក្នុងមួយទូរទំនិញនោះ គឺមិនខុសទេ ព្រោះលុយទាំងនោះ ត្រូវគេគិតទាំងតម្លៃបំពេញបែបបទ ឬឯកសារផ្សេងៗ, តម្លៃមេស៊ីញ៉េ, តម្លៃមន្ត្រីគយ ជាកូនចៅចុះពិនិត្យ និងតម្លៃមន្ត្រីគយ និងរដ្ឋាករ ជាកូនចៅចុះបញ្ជីស្នាមផ្សេងៗជាដើម..។
ក្រុមអ្នករត់ការទំនិញ ឬជើងសារគយ បានបញ្ជាក់ថា ក្នុងមួយទូរកុងតឺន័រដឹកទំនិញ គឺប្រាប់ចំណូលចូលរដ្ឋ ដែលត្រូវបង់តាមវិក័យប័ត្រមានត្រឹម ១៥,០០០(មួយម៉ឺនប្រាំពាន់រៀល)តែប៉ុណ្ណោះ ។ ប៉ុន្តែចូលក្នុងហោប៉ៅ របស់មន្ត្រីឆ្លៀតឱកាសមានចំនួនជាង ១៣០ ទៅ ១៤០ ដុល្លារ ខណៈទំនិញនាំចេញត្រូវបង់ ១០៥ដុល្លារ ទៅ ១១០ដុល្លារ ក្នុងមួយទូរកុងតឺន័រ។ ហើយថា ក្នុងមួយថ្ងៃៗ អាចមានកុងតឺន័រទំនិញរួចពន្ធនាំចូល និងដឹកចេញយ៉ាងតិច ២០០ទូរកុងតឺន័រ ដែលត្រូវឆ្លងកាត់តួនាទីសម្រេច របស់ លោក ម៉េង ផល្គុន ដោយគេមិនទាន់គិតដល់ ទំនិញនាំចូលត្រូវបង់ពន្ធផងទេ។
ពាក់ព័ន្ធទៅការលើកឡើងខាងលើនេះ បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ នៅមិនទាន់ ទទួលការបកស្រាយពីលោក ម៉េង ផល្គុន នៅឡើយទេ ដោយមិនមានលេខទូរសព្ទទំនាក់ទំនង៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,974 នាក់
ម្សិលមិញ : 54,514 នាក់
សរុប : 94,002,098 នាក់