ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេដឹកនាំកម្ពុជា នឹងជួបអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃនេះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ មករា ឆ្នាំ​ 2020 ម៉ោង 01:32 ល្ងាច អ្នកអាន 187

ភ្នំពេញ៖មេដឹកនាំកម្ពុជា នាយករដ្ឋមន្ត្រី ហ៊ុន សែន
និងភរិយា នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ
នឹងជួបសំណេះសំណាល និងពិសាអាហារសាមគ្គីប្រចាំឆ្នាំជាលើកទី៤ ជាមួយមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងស្រុកជិត៦ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ជំនួបអាហារសាមគ្គីនៅឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំកន្លងទៅនោះដែរ ក្រៅពីអ្នកព័ត៌មានហើយនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អភិបាលរាជធានី ខេត្ត មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធលើវិស័យសារព័ត៌មាន ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីនេះផងដែរ។
ដោយមើលឃើញពីការរួមចំណែកដ៏មានសារៈសំខាន់របស់អ្នកព័ត៌មាននេះហើយ ជាហេតុនាំឱ្យ ប្រមុខដឹកនាំកម្ពុជារូបនេះសម្រេចផ្តល់ឱកាសចូលរួមស្រស់ស្រូបអាហារសាមគ្គីជាមួយអ្នកព័ត៌មានជារៀងរាល់ដើមឆ្នាំថ្មី និងចំថ្ងៃដែលមេដឹកនាំរូបនេះត្រូវបានសភាផ្តល់សេចក្តីទុកចិត្តធ្វើជានាយករដ្ឋមន្ត្រីដឹកនាំកម្ពុជា។ រយៈពេល៣ឆ្នាំកន្លងទៅក្នុងពេលអញ្ជើញផ្តល់កិត្តិយសពិសាអាហារសាមគ្គីនេះ នាយករដ្ឋមន្ត្រីតែងតែបានធ្វើការវាយតម្លៃចំពោះការបំពេញការងាររបស់អ្នកព័ត៌មានកម្ពុជា ហើយក៏តែងផ្តល់នូវអនុសាសន៍ផ្សេងៗ ដើម្បីជាការកែលម្អឱ្យការងារព័ត៌មាននេះ បានចូលរួមចំណែកកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតក្នុងការជួយកែលម្អ និងអភិវឌ្ឍន៍សង្គមកម្ពុជា។ ដោយឡែកអ្នកព័ត៌មានវិញ ក៏មិនខុសពី៣ឆ្នាំកន្លងទៅនោះដែរ។ ពួកគេបានចាត់ទុកពេលវេលានៃការជួបអាហារសាមគ្គីជាមួយ មេដឹកនាំកម្ពុជា ជាពេលវេលាដ៏ពិសិដ្ឋសម្រាប់ពួកគេ។ ក្រុមអ្នកព័ត៌មាននៅក្នុងប្រទេសកម្ពុជា បានចាត់ទុកការពិសាអាហារសាមគ្គី គឺជាការផ្តល់កិត្តិយស និងផ្តល់តម្លៃដ៏ធំធេងសម្រាប់ពួកគេពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
គួររំលេចទៀតថា មុន២ថ្ងៃនៃជំនួបជាមួយអ្នកសារព័ត៌មានកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន ចាត់ ទុកការ ផ្សព្វផ្សាយ ព័ត៌មាន វិជ្ជមាន អំពី ប្រទេស កម្ពុជា ជាការ ចូលរួម ចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ហើយ សម្តេចបានអរគុណចំពោះ អ្នកសារព័ត៌មាន ដែល បានផ្សព្វផ្សាយបែបនេះ។

មេដឹកនាំកម្ពុជារូបនេះ បានសរសេរ នៅលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃ ទី១២ខែមករាថា « អរគុណ អ្នក សារព័ត៌មានជាតិ និងអន្តរជាតិដែលបានចូលរួមផ្សាយព័ត៌មាន ពិតនិងព័ត៌មានវិជ្ជមានល្អពីកម្ពុជាដែលជាការរួមចំណែកដល់ការ អភិវឌ្ឍ ប្រទេសជាតិ»។
សូមរម្លឹកឲ្យដឹងទៀតថា កាលពីជំនួបលើកទី៣ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ជាមួយអ្នកសារព័ត៌មាន ប្រមុខដឹកនាំរូបនេះបានសំណូមពរ៨ចំណុចទាក់ទងនឹងវិស័យសារព័ត៌មាន៖
ទី១)ស្ថាប័នព័ត៌មានទាំងរដ្ឋនិងឯកជនត្រូវបន្តដើរតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងស្ថានភាពពិតនៃសង្គម។
ទី២)អ្នកសារព័ត៌មានបន្តធ្វើជាស្ពានចម្លងពីរដ្ឋទៅប្រជាជន និងពីប្រជាជនមករដ្ឋវិញ ទាំងកម្រិតគោលនយោបាយរួម និងកម្រិតនៃការអនុវត្ត។
ទី ៣)ចង់ឲ្យសារព័ត៌មានរិះគន់ស្ថាបនាទាំងកម្រិតគោលនយោបាយ ពិសេសការអនុវត្ដរបស់ស្ថាប័ននិងបុគ្គល។
ទី៤)ចង់អោយស្ថាប័នសារព័ត៌មានចូលរួមវិភាគក្នុងកម្រិតយុទ្ធសាស្ដ្រទាំងបញ្ហាជាតិតំបន់និងអន្ដរជាតិ។
ទី៥)អ្នកសារព័ត៌មានមានវិជ្ជាជីវៈត្រឹមត្រូវមិននិយាយបំផ្លើសញុះញង់ ជេរប្រមាថ បង្កជម្លោះ។
ទី៦)ខិតខំលុបបំបាត់ក្រុមព័ត៌មានដែលចាប់ជំរិត ទារប្រាក់។
ទី៧)សុំអ្នកសារព័ត៌មានទាំងអស់និងស្ថាប័នព័ត៌មានទាំងអស់ចូលរួមចំណែកប្រយុទ្ធជាមួយនឹងព័ត៌មានក្លែងក្លាយ។
ទី៨)ខិតខំលើក កម្ពស់សមត្ថភាពនិងការបណ្តុះបណ្តាលធនធានមនុស្សដើរទន្ទឹមនឹងការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយ។
គួរបញ្ជាក់ឲ្យដឹងថា ជំនួបលើកទី១ រវាងនាយករដ្ឋមន្ត្រីហ៊ុន សែនជាមួយអ្នកសារព័ត៌មាន បានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ហើយក្នុងឱកាសនោះដែរ នាយករដ្ឋមន្ត្រីបានប្រកាសថា នឹងបន្តជួបជាមួយបងប្អូនអ្នកសារព័ត៌មានជារៀងរាល់ឆ្នាំ។ ជំនួបនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ គឺជាជំនួបលើកទី៤ហើយ រវាងមេដឹកនាំកម្ពុជា
និងអ្នកសារព័ត៌មាន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,288 នាក់
ម្សិលមិញ : 74,071 នាក់
សរុប : 91,743,071 នាក់