ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី៖ កម្ពុជាគឺត្រូវការពង្រីកស្ថានីយ ទឹកស្អាត ឲ្យបានច្រើនថែមទៀត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ មករា ឆ្នាំ​ 2020 ម៉ោង 02:44 ល្ងាច អ្នកអាន 325

 ភ្នំពេញ៖ពាក់ព័ន្ធជាមួយនឹងបញ្ហាទឹកស្អាត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាគឺត្រូវការពង្រីកស្ថានីយទឹកស្អាតឲ្យបានច្រើនថែមទៀត ដោយសារតែរាជធានីភ្នំពេញកាន់តែរីកធំឡើងជាលំដាប់ពី ៣០០គីឡូម៉ែត្រការ៉េ រហូតទៅដល់ប្រមាណជាង៦០០គីឡូម៉ែត្រការ៉េ ហើយការអភិវឌ្ឍផ្ទះសម្បែងមានការរីកលូតលាស់ និងឆាប់រហ័សផងដែរ។ រីឯរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏កំពុងទទួលការផ្គត់ផ្គង់ទឹកទៅកាន់ក្រុងតាខ្មៅខេត្តកណ្ដាលផងដែរ។
នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារពីរដែលត្រូវធ្វើនោះគឺ ១)ត្រូវពង្រីកនូវសមត្ថភាពការផ្គត់ផ្គង់ទឹកស្អាត ឲ្យដល់ប្រជាពលរដ្ឋប្រើប្រាស់កាន់តែទូលំទូលាយ និង ២)គឺធ្វើយ៉ាងណាពង្រីកបណ្ដាញចែកចាយទៅកាន់តំបន់អភិវឌ្ឍន៍ថ្មីៗថែមទៀត។
ការអះអាងរបស់នាយករដ្ឋមន្ត្រី នេះនៅវិមានសន្តិភាព នាព្រឹកមិញនេះ ក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយ
លោក យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO) សមាជិកសភាជប៉ុន។

ក្នុងជំនួបនោះ លោក យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO) បានគោរពជម្រាបជូន សម្ដេចតេជោបន្តថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅពេលនេះ គឺមានគោលដៅពីរ ១)គឺដើម្បីសិក្សាពីសេវាទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ និងការអភិវឌ្ឍនប្លុកឆេងនៅកម្ពុជា។
ការអភិវឌ្ឍប្លុកឆេង(Blockchain) នៅកម្ពុជានេះ លោកបានបញ្ជាក់ថា បើសិនដាក់ឲ្យដំណើរការរួចហើយនោះ កម្ពុជាគឺជាប្រទេសទីមួយហើយដែលដាក់ចេញឲ្យប្រើប្រាស់នូវប្រព័ន្ធឌីជីថលទំនើបមួយនេះ។ គោលដៅទី២ គឺលោកមកធ្វើការសិក្សាអំពីបញ្ហាការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងភ្នំពេញ។
សម្ដេច ហ៊ុន សែន បានលើកទឹកចិត្តលោក មកធ្វើការសិក្សាទៅលើការប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ និងប្លុកឆេង (Blockchain) ដើម្បីឱ្យការទូទាត់តាមប្រព័ន្ធឌីជីថលនេះ ឲ្យមានដំណើរការល្អប្រសើរ និងសុក្រឹត្យភាពនៅកម្ពុជា៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,932 នាក់
ម្សិលមិញ : 66,973 នាក់
សរុប : 94,235,378 នាក់