ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បរិវេណផ្សារផល្លារាត្រីអង្គរ ពោពេញទៅដោយសម្រាម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ មករា ឆ្នាំ​ 2020 ម៉ោង 04:34 ល្ងាច អ្នកអាន 469

 ខេត្តសៀមរាប៖ចិញ្ចើម នៃបរិវេណផ្សារផល្លារាត្រីអង្គរ ពោពេញទៅដោយសម្រាម ដោយមិនមានការយកចិត្តទុកដាក់ពីមន្ត្រីពាក់ព័ន្ធនោះឡើយ។
ផ្សារផល្លារាត្រីអង្គរ ដែលជាចំណុចប្រជុំដោយភ្ញៀវបរទេសចម្រុះជាតិសាសន៍ និងជាបេះដូងនៃក្រុងទេសចរណ៍សៀមរាបអង្គរ ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ។
ផ្សារមួយនេះ ចាប់ពីម៉ោង២ រសៀលរហូតដល់រំលងអាធ្រាត កកកុញដោយភ្ញៀវចម្រុះជាតិសាសន៍។ប៉ុន្តែពីម៉ោង៤ទាបភ្លឺ រហូតដល់ពេលរសៀលវិញ កកកុញដោយពលរដ្ឋខ្មែរ និងលាយលំភ្ញៀវបរទេសខ្លះៗ។
ប៉ុន្តែរៀងរាល់ថ្ងៃ ជាកត់សម្គាល់ ចាប់ពីព្រលឹមរហូតដល់ម៉ោង១១ទៅ១២ថ្ងៃត្រង់ នៅបរិវេណផ្សារផល្លារាត្រីអង្គរ ពិសេសផ្នែកខាងមុខ គឺកកកុញដោយសម្រាម។ ពេលខ្លះដោយមានជំនោរបក់បោកផង សម្រាមទាំងនោះ ដូចជាក្រដាស ថង់ប្លាស្ទិកជាដើម បានហោះហើរ ចូលទៅក្នុងផ្សារ និងពាសពេញទីសាធារណ:។
បើតាមការពិនិត្យ ការរក្សាទុកសម្រាមបែបនេះ មិនមែនទើបតែមានរយៈពេលខ្លីនោះទេ អាចនិយាយបានថា ចាប់តាំងពីពេលបង្កើតផ្សារ ផល្លារាត្រីអង្គរ ក៏អាចថាបាន។
ក្នុងករណីនេះ គេនៅមិនទាន់ដឹងថា ការចោលសម្រាមនៅបរិវេណផ្សារមួយនេះ វាស្ថិតក្រោមការ គ្រប់គ្រងរបស់ថៅកែផ្សារ ឬយ៉ាងណានោះទេ។
ពលរដ្ឋក៏ដូចជាអាជីវករលក់ដូរក្បែរនោះ បានឲ្យដឹងថា សម្រាមទាំងនេះគឺមានជាប្រចាំ។ ពេលខ្លះម៉ោង១១ទៅ១២ នៅមិនទាន់មានអ្នកមកប្រមូលផង ហើយពេលខ្លះទៀត ដល់ម៉ោងផ្សារនេះបើកដំណើរការទៅហើយ សម្រាមនៅដដែល។
ប្រភពដដែលនេះ ក៏បានស្នើសុំឲ្យមានការសំអាត ទាន់ពេលវេលាផង បើមិនខ្មាសអៀនចំពោះភ្នែកអ្នកទេសចរណ៍ ក៏គួរគិតដល់សុខភាព និងបរិស្ថានដល់បេះដូង ក្រុងទេសចណ៍មួយនេះផងដែរ។
ក្រៅពីរឿងសម្រាម ក្រុមពលរដ្ឋ ក៏បានទទូចសុំទៅនគរបានផ្នែកសណ្តាប់ធ្នាប់ មេត្តាពិនិត្យលើផ្លូវជាតិមួយខ្សែដែលចូលទៅកាន់ផ្សាររាត្រីខាងលើ។ ផ្លូវចង្អៀត ក្រៅពីចតឡានសងខាងហើយ បែជាមានការអនុញាតឲ្យលក់ដូរលើចំណីផ្លូវថែមទៀត។ នេះគេហៅថា ត្រួតស៊ីគ្នាផ្ទួនលើផ្ទួន។
ក្នុងករណីនេះ ក្រៅពីមិនអាចសុំការពន្យល់ឬបកស្រាយពីថៅកែផ្សារផល្លារាត្រីអង្គរបាន ក្រុមហ៊ុនប្រមូលសម្រាមប្រចាំខេត្តសៀមរាប ក៏មិនអាចទំនាក់ ទំនងសុំការបកស្រាយបាននោះដែរ។
ចំណែកអភិបាលក្រុងសៀមរាប លោកនួន ពុទ្ធារ៉ា ក៏មិនអាចសុំការពន្យល់បានដែរ ដោយទូរសព្ទហៅចូល តែគ្មានការឆ្លើយតប៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,794 នាក់
ម្សិលមិញ : 66,973 នាក់
សរុប : 94,235,240 នាក់