ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ភរិយា អភិបាល ខេត្តកំពង់ចាម ចែកអំណោយដល់ ពលរដ្ឋ ៥គ្រួសារ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 27 ខែ មករា ឆ្នាំ​ 2020 ម៉ោង 02:50 ល្ងាច អ្នកអាន 340

 ខេត្តកំពង់ចាម៖ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសាមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម រួមដំណើរដោយ លោកស្រី ស្រី គឹមឆយ សមាជិករដ្ឋសភា លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងសហការី ព្រមទាំង អាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០នេះ បាន អញ្ជើញសួរសុខទុក្ខ និងនាំយកសម្ភារៈ ថវិកា ចែកជូនប្រជាពលរដ្ឋ ដោយ ជីវភាពមានការ លំបាក ចំនួន៥គ្រួសារ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

នាឱកាសនោះដែរ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ លោកជំទាវកិត្តិសឹង្កហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនចំពោះ បងប្អូនប្រជាពលរដ្ឋ ទាំង០៥គ្រួសារ ផងដែរ ។
លោកស្រី មានប្រសាសន៍ថា បន្ទាប់ពី ទទួល បាន ព័ត៌មាន ថាមានប្រជាពលរដ្ឋ ដែល រស់នៅ ក្នុង ជីវភាពខ្វះខាត និងជួបការលំបាក ដូច្នេះ លោកស្រី រួមជាមួយអភិបាលរងខេត្ត ក៏ដូចជា សាខាសមាគម និងអាជ្ញាធរមូលដ្ឋាន បានរួមគ្នា បរិច្ចាកនូវធនធាន និងសម្ភារៈផ្ទាល់ខ្លួន មកចែកជូនបងប្អូន ដល់លំនៅដ្ឋានដោយផ្ទាល់ដៃ ដើម្បីរួមចំណែកជួយដោះស្រាយការលំបាក របស់បងប្អូនបានមួយគ្រា និងទាន់ពេលវេលា។
លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ក៏បាន ធ្វើ ការ ផ្ដាំផ្ញើ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ ខិតខំប្រឹងប្រែងដោយខ្លួនឯងបន្តទៀត តាមរយៈ ការប្រកបអាជីវកម្ម និងមុខរបរផ្សេងៗ ដើម្បីចិញ្ចឹមក្រុមគ្រួសារ ព្រមទាំង សូម ឲ្យ មានការ ចូលរួមថែរក្សាសុខភាព និងអនាម័យបរិស្ថាន តាមរយៈ ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ជាពិសេស ប្រសិនបើមានអាការៈក្ដៅខ្លួន ខុសពីធម្មតា សូមរូសរាន់ទៅកាន់មន្ទីរពេទ្យ ឲ្យទាន់ពេលវេលា ផងដែរ ។
សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ទាំង០៥គ្រួសារ មាន ៖ ១-អ្នកស្រី ហម ភាព អាយុ៦៤ឆ្នាំ ជាស្រ្តីមេម៉ាយគ្មានទីពឹង ។ ២-លោកយាយ អឿន អាត អាយុ៦៧ឆ្នាំ មានចៅកំព្រា២នាក់ ក្នុងបន្ទុក ។ ទាំង ២គ្រួសារនេះ រស់នៅភូមិ តាណេង ក្នុង ១គ្រួសារៗ ទទួលបានសម្ភារៈមួយចំនួន និងថវិកា ៤៥ម៉ឺនរៀល ។ ដោយឡែក គ្រួសារទី៣ លោកស្រី ហៀ ស៊ីវន ពិការភាព ទទួលបានថវិកា ចំនួន ១៣ម៉ឺនរៀល ។ ៤-គ្រួសារទី៤ ប្តី ឈ្មោះ ហុល ហេង ប្រពន្ធឈ្មោះ យោគ ផុន មានកូនក្នុងបន្ទុក ៣នាក់ និង៥-អ្នកស្រី សាត រីន មានកូន ៥នាក់ ទាំង ២គ្រួសារ រស់នៅភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្នុង ១គ្រួសារៗ ទទួលបានថវិកា ៤៥ម៉ឺនរៀល និងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,902 នាក់
ម្សិលមិញ : 66,973 នាក់
សរុប : 94,235,348 នាក់