Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ជនជាតិឥណ្ឌាលក់មុងម្នាក់ ទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងសៀមរាប
សម្ដេចធិបតី៖ មិនទាន់ឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ មកកម្ពុជា
សម រង្ស៊ី មិនបដិសេធព័ត៌មានដែលគេផ្សាយយ៉ាងអាក្រក់ពីរូបគាត់ដែលអាចចាត់ទុកជាអំពើក្បត់ជាតិ?
អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍បន្ទាប់លោក សម រង្ស៊ី ថា កងកម្លាំងកម្ពុជាជាភាគីបាញ់ប្រហារថៃមុន ហើយដែលនាំឱ្យថៃតបតវិញ
អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ខណៈតំបន់អភិវឌ្ឍន៍ Long Bay ត្រូវបានបង្ក្រាប
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២៦


ជនជាតិឥណ្ឌាលក់មុងម្នាក់ ទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងសៀមរាប

ខេត្តសៀមរាប៖ជនជាតិឥណ្ឌាម្នាក់បានទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យជនបរទេសម្នាក់ទទួលមរណភាពនេះ ‎នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការខេត្តសៀមរាប បានដឹកនាំក្រុមការងារ ជំនាញចរាចរណ៍ និងព្រហ្មទណ្ឌ ចុះពិនិត្យទីតាំង ដែលកើតមាននៅលើផ្លូវបេតុង ក្រោយភូមិវប្បធម៌ចាស់ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងពីចន្លោះម៉ោង០១ ដល់ម៉ោង២:៣០ នាទីព្រឹកទាបភ្លឺ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦  បណ្តាលឲ្យជាជនជាតិឥណ្ឌា ឈ្មោះ  SINGH BAIJNATH ភេទប្រុស ឆ្នាំកំណើត 01.11.1999 មុខរបរលក់មុង ស្លាប់ដោយសារមានស្នាមរងរបួស ផ្នែក ក ធ្ងន់ធ្ងរ និងមានបាក់ឆ្អឹងកំភួនដៃផ្នែកខាងស្តាំ និងឆ្អឹងដងកាំបិត ផ្នែកខាងស្តាំ ផងដែរ។
‎
‎សូមជម្រាបថា ករណីនេះក្រោយទទួលបានព័ត៌មាន ថាមានប្រទះឃើញ ជនបរទេសម្នាក់ដេកស្លាប់ នៅចំណុចលើផ្លូវបេតុង ក្រោយភូមិវប្បធម៌ចាស់ ភ្លាមៗ មន្ត្រីនគរបាល ជំនាញចរាចរណ៍ និងព្រហ្មទណ្ឌខេត្ត/ក្រុងសៀមរាប រួមទាំងរថយន្តសង្គ្រោះ បានទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ និងនាំយកសាកសពទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។  ដោយឡែក នៅកន្លែងកើតហេតុ មន្ត្រីនគរបាលជំនាញឃើញមាន ម៉ូតូ១ គ្រឿង ម៉ាក Honda PCX ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1IG-5001 (បែកអាវ និងខូចខាតផ្នែកខាងឆ្វេង), ស្បែកជើង១ គូ, ទូរស័ព្ទដៃ១ គ្រឿង ម៉ាក Iphone បន្ទះដែកមួយដុំជាបំណែកម៉ូតូរបស់ជនរងគ្រោះ (ជាកម្មសិទ្ធិជនរងគ្រោះ) និងកញ្ចក់ផាសអាប់១ ចំហៀង ផ្នែកខាងស្ដាំ បន្សល់ទុក នៅបរិវេណកន្លែងកើតហេតុ។
‎
‎យោងតាមការបំភ្លឺរបស់មិត្តភក្កិរបស់ជនរងគ្រោះ ចំនួន០២ នាក់ បានឲ្យដឹងថា បន្ទាប់ពីផឹកស្រាបៀរ អស់ម្នាក់៣ កំប៉ុង ក្នុងភោជនីយដ្ឋានមួយកន្លែង ម្តុំផ្លូវកេសរកូល នៅវេលាម៉ោង១២:១៦ នាទីអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែឆ្នាំដដែល ជនរងគ្រោះ បានប្រាប់ឱ្យ មិត្តភក្ត្រចំនួន០២នាក់ អោយនៅចាំខ្លួន ដោយគាត់ ជិះម៉ូតូម៉ាក HONDA PCX ចេញទៅយកមិត្តស្រី របស់ខ្លួន តែក្រោយពី រងចាំជាង៤០ នាទី មិនឃើញ ជនរងគ្រោះត្រឡប់មកវិញ ពួកគាត់ ក៏បានទូរស័ព្ទ ទៅរកជនរងគ្រោះជាច្រើនដង ប៉ុន្តែមិនមានអ្នកឆ្លើយតបសោះ លុះដល់វេលាម៉ោងប្រហែល២:៣០នាទីរំលងអធ្រាត្រ ថ្ងៃខែឆ្នាំដដែល មិត្តភក្កិទាំង០២ នាក់នេះ ក៏សម្រចចិត្តជិះម៉ូតូត្រលប់ទៅគេងនៅបន្ទប់ជួលក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែវិញ ពេលជិះដល់ត្រង់ចំណុច ផ្លូវបេមិនស្គាល់ឈ្មោះភូមិ ស្រាប់តែឃើញមានរថយន្តសង្គ្រោះ និងសមត្ថកិច្ចជាច្រើននាក់កំពុងពិនិត្យកន្លែងកើតហេតុ ពួកគាត់ក៏បានឈប់ម៉ូតូចូលទៅមើល ទើបដឹងថាជនរងគ្រោះ ឈ្មោះ SINGH BAIJNATH ជាមិត្តភក្តិរបស់ខ្លួនបានស្លាប់បាត់ហើយ។
‎
‎យោងតាមការពិនិត្យមើល វិដេអូពីកាមេរ៉ាសុវត្ថិភាព (នៅកន្លែងកើតហេតុមិនមានឡើយ) នៅតាមតម្រាយផ្លូវធ្វើដំណើរ មុនពេលកើតហេតុ  ជនរងគ្រោះ បានបើកបរម៉ូតូតែម្នាក់ឯង ក្នុងទិសដៅ ពីទិសខាងកើតទៅទិសខាងលិច ក្នុងល្បឿនលឿន។
‎
‎បន្ទាប់ពីបានធ្វើការពិនិត្យកោសល្យវិច័យលើសាកសព យោងតាមចម្លើយបំភ្លឺ របស់មិត្តភក្កិជនរងគ្រោះ ក៏ដូចជាទិន្នន័យ ពីកាមេរ៉ាសុវត្ថិភាព ករណីខាងលើនេះ មន្ត្រីនគរបាលជំនាញ និងក្រុមគ្រូពេទ្យបានសន្និដ្ឋាន ជាបឋមថា ស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍។
‎
‎បច្ចុប្បន្ន ដោយមានលិខិតអនុញ្ញាតពីស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា សាកសព ត្រូវបានប្រគល់ជូន លោក VINOD YADAV ភេទប្រុស ជនជាតិឥណ្ឌា ត្រូវជាមិត្តភក្កិ របស់ជនរងគ្រោះ យកទៅរៀបចំបូជា៕SRP


Like 197
Comment 0
Share ចែកចាយ
Views 120.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២៦

សម្ដេចធិបតី៖ មិនទាន់ឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ មកកម្ពុជា

សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា៖ មកដល់ពេលនេះ គឺរយៈពេល៤ថ្ងៃហើយ ដែលខ្ញុំមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។

ឃើញតែគាត់ចេញសារជាច្រើនក្នុងប៉ុន្មានថ្ងៃមកនេះ ម្តងថាខ្លាចគេលបបាញ់គាត់ ឬវ៉ៃគាត់បែកក្បាល ម្តងថាគាត់ព្រមចាញ់ ដើម្បីខ្មែរឈ្នះ។ល។ ហើយចុងក្រោយនេះ ឃើញយកឈ្មោះអង្គការចាត់តាំងក្រៅច្បាប់មួយ មកដាក់ជាលក្ខខណ្ឌវែងអន្លាយជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលហាក់ដូចជាលក្ខខណ្ឌដើម្បីដោះខ្លួនចេញពីការអញ្ចើញអោយមកជជែកគ្នាបញ្ជាក់តំបន់តូចមួយនៃខ្សែព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ ៥២ និង ៥៩ ដែលគាត់ចោទថាមន្ត្រីជំនាញព្រំដែនរបស់រាជរដ្ឋាភិបាលបានលួចអោយថៃបោះបង្គោលចូលដីខ្មែរ។ បើគ្រាន់តែបញ្ជាក់លើដីប៉ុន្មានគីឡូម៉ែត្រ គាត់មិនហ៊ានមកជជែកឬមិនមានឯកសារមកជជែកផង តើរំពឹងថាគាត់អាចធ្វើលើព្រំដែនទាំងមូលទេ។

នៅរង់ចាំចម្លើយច្បាស់លាស់ពីគាត់ពាក់ព័ន្ធនឹងការអញ្ជើញមកជជែកគ្នាករណីព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលលេខ ៥២ និង ៥៩៕SRP

Like 197
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២៦

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ហេតុអ្វីបានជាលោក សម រង្ស៊ី មិនបដិសេធព័ត៌មានដែលគេផ្សាយយ៉ាងអាក្រក់ពីរូបគាត់ដែលអាចចាត់ទុកជាអំពើក្បត់ជាតិ?

ភ្នំពេញ៖ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីថា ឃើញលោក សម រង្ស៊ី បង្ហោះវីដេអូមួយដែលគាត់ផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP កាលពីឆ្នាំ ២០១៩ ហើយដែលសារព័ត៌មានអនឡាញថៃ Top News យកទៅប្រើដើម្បីរំលេចរូបភាព (Illustrate) នៅពេលលោក Nantiwat Samart អតីតអនុប្រធានការិយាល័យស៊ើបការណ៍សម្ងាត់ជាតិ និងជាអតីតលេខារដ្ឋមន្ត្រីក្រសួងការបរទេសថៃនិយាយពីលោក សម រង្ស៊ី។

លោក សម រង្ស៊ី និងគូកនរបស់គាត់បានយករូបភាពវីដេអូនេះមកធ្វើជាភស្តុតាងដើម្បីបញ្ជាក់ថា ជារូបភាពចាស់ដែលគាត់បានផ្តល់សម្ភាសន៍យូរហើយ។ ក្រុមរបស់គាត់ថែមទាំងបានចោទគេឯងថា បានយករូបភាពចាស់មកកាត់តដើម្បីវាយប្រហារលោក សម រង្ស៊ី ។

ខ្ញុំសូមបញ្ជាក់ជូនវិញថា បញ្ហាពាក់ព័ន្ធនឹងលោក សម រង្ស៊ី មិនមែនរូបភាពនោះទេ។ បញ្ហាគឺនៅត្រង់ថា លោក Nantiwat Samart បានប្រាប់សារព័ត៌មាន Top News ថា លោក សម រង្ស៊ី បាននិយាយថា៖«ភាគីកម្ពុជាជាអ្នកបាញ់មុន…»។ នេះជាចំណុចដែលលោក សម រង្ស៊ី ត្រូវចេញមុខបញ្ជាក់។

ចំណែកវីដេអូនោះ អ្នកសារព័ត៌មានគ្រាន់តែយកមកប្រើដើម្បីបង្ហាញរូបលោក សម រង្ស៊ី តែប៉ុណ្ណោះ។ អ្នកសារព័ត៌មានអាចប្រើរូបភាពណាមួយក៏បានដែលគេជ្រើសរើស មិនថារូបនោះចាស់ឬថ្មីឡើយពោលគឺជារូបឯកសារ ហើយគេដាក់ Caption/Credit photo នៅពីក្រោមដើម្បីបញ្ជាក់។ នេះជាកិច្ចការរបស់អ្នកសារព័ត៌មានទូទៅដែលតែងតែធ្វើ។ ដូច្នេះ ការបង្ហាញរូបនេះហើយអះអាងថា ជារូបភាពចាស់យូរហើយដើម្បីគេចវេសពីអ្វីដែលខ្លួនត្រូវបកស្រាយ មិនមែនជារឿងត្រឹមត្រូវទេ ហើយក៏មិនមែនជាមធ្យោបាយដោះស្រាយបញ្ហាដែរ។

ជាធម្មតា ពេលមានសារព័ត៌មានណាមួយចេញផ្សាយព័ត៌មានខុស ឬអ្នកណាម្នាក់និយាយប៉ះពាល់ដល់បុគ្គលណាម្នាក់ បុគ្គលរូបនោះត្រូវចេញមុខបដិសេធចោលដើម្បីបង្ហាញភាពស្អាតស្អំរបស់ខ្លួន ជាពិសេសរឿងធំៗដូចករណីដែលអតីតមន្ត្រីថៃបាននិយាយពាក់ព័ន្ធលោក សម រង្ស៊ី នៅពេលនេះជាដើម។ តែហេតុអ្វីបានជាលោក សម រង្ស៊ី មិនបដិសេធព័ត៌មានដែលគេផ្សាយយ៉ាងអាក្រក់ពីរូបគាត់ដែលអាចចាត់ទុកជាអំពើក្បត់ជាតិ? នេះជាសំណួរដែលត្រូវពិចារណា។

ហេតុអ្វីទាំងលោក សម រង្ស៊ី ទាំងលោក អ៊ុំ សំអាន ចេះតែគេចវេសពីការពិត ហើយបង្វែរទៅរឿងផ្សេងរហូត?

ដើម្បីជម្រះរឿងនេះ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីរបស់អតីតមន្ត្រីថៃរូបនោះជាសាធារណៈ។ បើមិនបដិសេធ មានន័យថា គាត់ពិតជាបាននិយាយមែន!

Like 197
Comment 0
Share ចែកចាយ
Views 4.2K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២៦

អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍
បន្ទាប់លោក សម រង្ស៊ី ថា កងកម្លាំងកម្ពុជាជាភាគីបាញ់ប្រហារថៃមុន ហើយដែលនាំឱ្យថៃតបតវិញ

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្ដីថ្លែងការណ៍បន្ទាប់លោក សម រង្ស៊ី ថា កងកម្លាំងកម្ពុជាជាភាគីបាញ់ប្រហារថៃមុន ហើយដែលនាំឱ្យថៃតបតវិញ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ សារព័ត៌មានថៃឈ្មោះ Top News បានចេញផ្សាយកិច្ចសម្ភាសន៍ជាមួយលោក Nantiwat Samart អតីតអនុប្រធានការិយាល័យស៊ើបការណ៍សម្ងាត់ជាតិ និងជាអតីតលេខារដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដោយលោកបានអះអាងថា៖ «កាលពី ២-៣ថ្ងៃមុន លោក សម រង្ស៊ី មេដឹកនាំប្រឆាំងកម្ពុជាបានចេញមកអះអាងថា កងកម្លាំងកម្ពុជាជាភាគីបាញ់ប្រហារថៃមុន ហើយដែលនាំឱ្យថៃតបតវិញ»។ ព័ត៌មាននេះ ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមលើកយកមកផ្សាយ និងធ្វើអត្ថាធិប្បាយយ៉ាងច្រើន។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបដិសេធទាំងស្រុងចំពោះការលើកឡើងខុសការពិតនេះ ហើយសូមបញ្ជាក់ជាថ្មីម្តងទៀតថា គឺភាគីថៃជាអ្នកបាញ់មុន។ បញ្ហានេះត្រូវបាន សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជាក្រសួងការពារជាតិ និង ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បញ្ជាក់ច្បាស់លាស់រួចហើយ។ ដូច្នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិត៖

ទី១. ក្នុងករណីដែលលោក សម រង្ស៊ី មិនបាននិយាយដូច្នេះទេ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធជាផ្លូវការចំពោះការផ្សាយព័ត៌មាននេះ។

ទី២. ប្រសិនបើពិតជាបាននិយាយមែន លោក សម រង្ស៊ី ត្រូវចេញមុខសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈជាចាំបាច់ពីព្រោះការនិយាយបែបនេះគឺជាអំពើក្បត់ជាតិដ៏ធ្ងន់ធ្ងរមួយ។

ទី៣. ក្នុងករណីដែលលោក សម រង្ស៊ី មិនចេញមុខបដិសេធជាផ្លូវការនូវអ្វីដែលសារព័ត៌មានថៃបានផ្សាយទេ មានន័យថា លោក សម រង្ស៊ី ពិតជាបាននិយាយដូច្នេះមែន។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សង្ឃឹមថា លោក សម រង្ស៊ី មានសេចក្តីក្លាហានក្នុងការចេញមុខមកបញ្ជាក់រឿងនេះ៕SRP

Like 197
Comment 0
Share ចែកចាយ
Views 4.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២៦

អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ខណៈតំបន់អភិវឌ្ឍន៍ Long Bay ត្រូវបានបង្ក្រាប

ភ្នំពេញ៖ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បញ្ជាក់ថា អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ខណៈតំបន់អភិវឌ្ឍន៍ Long Bay ត្រូវបានបង្ក្រាប។ ការអាងបែបនេះឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Al Jazeera។

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា ករណីតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា មិនបានបណ្តែតបណ្តោយឱ្យទីតាំងនេះ ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាក់ស្តែងកាលពីខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចបានរកឃើញអគារមួយចំនួននៅក្នុងបរិវេណសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកអនឡាញ ដែលពួកក្រុមឧក្រិដ្ឋជនបានរត់គេចចេញ និងបន្សល់ទុកនូវភស្តុតាងជាច្រើនមានការជាប់សង្ស័យធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយអាជ្ញាធរសមត្ថកិច្ចខេត្តកោះកុងបានឃាត់ខ្លួនមុខសញ្ញាសង្ស័យមួយចំនួន និងរឹបអូសវត្ថុតាង ដើម្បីបម្រើការស្រាវជ្រាវសើបអង្កេត ព្រមទាំងបានបិទនិងគ្រប់គ្រងទីតាំងខាងលើនេះយ៉ាងម៉ត់ចត់។

ចំពោះបុគ្គលមានឈ្មោះ Deng Pibing សមត្ថកិច្ចកម្ពុជាបាននិងកំពុងស្រាវជ្រាវសើបអង្កេត សកម្មភាពសង្ស័យពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា បុគ្គលឈ្មោះ Deng Pibing បានចាកចេញពីប្រទេសកម្ពុជាតាំងពីអំឡុងចុងខែឧសភា ឆ្នាំ២០២៦។ តាមប្រភពព័ត៌មានជំនាញ បានរកឃើញថា បុគ្គលឈ្មោះ Deng Pibing នេះត្រូវបាននគរបាលអន្តរជាតិ Interpol ដាក់ចេញ និវេទក្រហម(red list)៕SRP

Like 197
Comment 0
Share ចែកចាយ
Views 4.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២៦

ក្រុមហ៊ុន ជា ចិន្តា និងក្រុមហ៊ុន ណេងណា ដឹកជញ្ជូនឈើរាប់សិបគ្រឿង សមត្ថកិច្ចជំនាញមិនគួរមើលរំលង!

ខេត្តមណ្ឌលគិរី៖មានការលើកឡើងថា កាលណាមានក្រុមហ៊ុនវិនិយោគដឹកជញ្ជូន ដាំដុះតាមបណ្តាស្រុក ខេត្ត គឺទទួលបានផលចំណេញចូលរដ្ឋ ប្រជាពលរដ្ឋ ក៏មានការងារធ្វើ ឱ្យតែអនុលោមទៅតាមច្បាប់។ សព្វថ្ងៃនឹងកន្លងមក ក្រុមហ៊ុន ជា ចិន្តា និងក្រុមហ៊ុន ណេងណា ដឹកជញ្ជូនឈើតាមរថយន្តវ៉េអងធំៗ មួយខ្សែៗ ចេញពីក្រុមហ៊ុនមាន។ ករណីនេះ សមត្ថកិច្ច និងជំនាញពិនិត្យ គួរមិនត្រូវនៅស្ងៀមស្ងាត់នោះទេ។គួរតែបានត្រួតពិនិត្យប៉េសេតើបានត្រឹមត្រូវដែរឬទេ។

ប្រភពបានរាយការណ៍ថា កន្លងទៅសកម្មភាពដឹកជញ្ជូនឈើចេញពីទីតាំងក្រុមហ៊ុន ណេងណា ក្នុងស្រុកកោះញែក កាលពីរំលងអធ្រាត្រឈានចូលដើមខែតុលា ឆ្នាំ២០២៦ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីមានការរាយការណ៍ថា រថយន្តធុនធំប្រភេទវ៉េអងជាច្រើនគ្រឿង បានដឹកឈើជន្លង់ម្រេចចេញពីទីតាំងក្រុមហ៊ុនក្នុងពេលយប់។ នេះបើតាមព័ត៌មាននគរវត្តបានចុះផ្សាយ។

នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក អ៊ូ សុភក្ដី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ពិតជាមានការនាំឈើចេញពីក្រុមហ៊ុន ណេងណា ចំនួន ៦រថយន្ត ហើយតាមការបញ្ជាក់របស់ជំនាញ ឈើទាំងនោះមានលិខិតដឹកជញ្ជូន ឬលិខិតអនុញ្ញាត ត្រឹមត្រូវ។

ប៉ុន្តែចំណុចដែលកំពុងធ្វើឱ្យសាធារណជនចាប់អារម្មណ៍ គឺ ប្រសិនបើឯកសារត្រឹមត្រូវ តើហេតុអ្វីបានជារថយន្តទាំងនេះត្រូវបានរាយការណ៍ថា ឃាត់នៅស្រុកស្នួល ខេត្តក្រចេះ ហើយត្រូវឱ្យសមត្ថកិច្ចពាក់ព័ន្ធ និងជំនាញបន្តពិនិត្យ? ជាពិសេសក្រោយមួយថ្ងៃកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឃាត់រថយន្តដឹកឈើក្រុមហ៊ុន ណេង ណា សង្ស័យខុសប្រភេទឈើ ! ប៉ុន្តែមានអភិបាលរងខេត្តមណ្ឌលគិរី មួយរូបបញ្ជាឱ្យនគរបាលដោះលែងវិញ (មិនប្រាប់ពីហេតុផល) ហើយក៏បិទរឿងនេះស្ងាត់ដល់បច្ចុប្បន្ន។

ទាំងក្រុមហ៊ុនជា ចិន្តា និងក្រុមហ៊ុន ណេងណា បើមានការត្រួតពិនិត្យនៅដើមទី ត្រូវផ្ទៀងផ្ទាត់ចំនួនឈើ ប្រភេទឈើ បរិមាណឈើ និងលិខិតអនុញ្ញាតឱ្យបានច្បាស់លាស់ មុនពេលចុះហត្ថលេខា ឬអនុញ្ញាតឱ្យរថយន្តចាកចេញ ពិតជាមានតម្លាភាព ចៀសវាងដឹកចេញពីស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ដោយរលូន តែករណីខ្លះសមត្ថកិច្ចជំនាញខេត្តក្រចេះ ខេត្តត្បូងឃ្មុំឃាត់ថាដឹកជញ្ជូនមិនស្របច្បាប់អនុញ្ញាត តាមPC នេះជាក្តីបារម្ភមួយផងដែរ។

ព្រោះបើការត្រួតពិនិត្យនៅដើមទីមានភាពហ្មត់ចត់ ហើយឯកសារ និងបរិមាណឈើស្របគ្នាទាំងអស់ នោះការឃាត់នៅតាមផ្លូវគួរតែអាចបញ្ជាក់បានយ៉ាងច្បាស់ថា បញ្ហាស្ថិតនៅចំណុចណា និងអ្នកណាជាអ្នកទទួលខុសត្រូវក្នុងដំណើរការត្រួតពិនិត្យ?

ក្រុមហ៊ុន ណេងណា ត្រូវបានរាយការណ៍ថា ធ្លាប់មានករណីពាក់ព័ន្ធការដឹកជញ្ជូនឈើពីមុន។ តាមព័ត៌មានដែលបានផ្តល់មក កាលពីចុងខែកញ្ញា ឆ្នាំ២០២៦ ភ្នាក់ងារព្រៃឈើខេត្តត្បូងឃ្មុំ ត្រូវបានរាយការណ៍ថា បានឃាត់រថយន្តរបស់ក្រុមហ៊ុននេះចំនួន ២គ្រឿង នៅស្រុកមេមត់ ខណៈពេលប្រុងបត់ឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកកូនជ្រូក ហើយមានការរាយការណ៍ថា ឈើផ្ទុកលើសបរិមាណដែលមានក្នុងលិខិតអនុញ្ញាត និងត្រូវបានតម្រូវឱ្យបង់ផាកពិន័យចំនួន ១០០លានរៀល។

ក្រុមហ៊ុនជា ចិន្តា និងក្រុមហ៊ុន ណេងណា ត្រូវបានគេសង្ស័យថា បច្ចុប្បន្នក្រុមហ៊ុននេះអាចប្រមូលឈើពីដែនលំផាត់មណ្ឌលគិរីចូលក្នុងក្រុមហ៊ុន ដូច្នេះគប្បីសមត្ថកិច្ចជំនាញពាក់ព័ន្ធមានតួនាទីបង្ក្រាប និងទប់ស្កាត់ មេត្តាយកចិត្តទុកដាក់ស្រាវជ្រាវក្នុងករណីនេះផង ក្រែងជារឿងពិត ព្រោះឈើដែលមាននៅក្នុងក្រុមហ៊ុន ឃើញធំៗ ឈើទាំងមូល ទាំងឈើជ្រុងជាឡាំងនោះផងដែរ។

លោក អ៊ូ សុភក្ដី និងលោក អ៊ុក វណ្ណះ នាយ នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ត្រង់សំណួរដែលសួរថា ៖ «ក្រុមហ៊ុនគាត់មានច្បាប់អនុញ្ញាតដឹកតែកូនឈើ ជន្លង់ ប៉ុន្តែឃើញរូបភាពក្នុងក្រុមហ៊ុនមានប្រភេទឈើជ្រុងជាឡាំង តើអនុញ្ញាតឱ្យដឹកប្រភេទជាឈើជ្រុងទាំងនោះដែរឬទេ» ? ទាំងលោកនាយ នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី គាត់មិនធ្វើការបកស្រាយ ទាំងតាមប្រព័ន្ធតេឡេក្រាម ផ្តល់ទាំងរូបភាព និងស្នើសុំការពន្យល់បកស្រាយ គាត់ចូលមើលតែមិនឆ្លើយតប។

នៅក្នុងក្រុមហ៊ុនជា ចិន្តា មានឈើជ្រុងធំៗ ឈើមូល និងមានឡានធំៗជាច្រើន ចាំដឹកនិងឡានខ្លះក៏បានលើកឈើដាក់ពេញ មិនដឹងថា ច្បាប់អនុញ្ញាតសុក្រិត្យ១០០% ឬមួយយ៉ាងណាទេ ពេលខ្លះបើកដឹកកាត់ខេត្តទាំងយប់ ចុះពីរង្វង់មូលគោព្រៃ មកដល់មន្ទីរពេទ្យបង្អែកខេត្ត មិនដឹងដាក់ចំណុះក្នុងកម្រិតណាទេ គឺរ៉ូម៉ាសុីន ប្រឹងបើកឡើងសម្លេងយ៉ាងខ្ទរខ្លាំង ដែលអ្នកស្តាប់ហើយជាសមត្ថកិច្ចជំនាញ បាននិយាយថា ស្នូរបែបនេះ អាចផ្ទុកក្នុងមួយឡានមិនតិចជាង៤០ម៉ែត្រគូបឡើយ។

សៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរជំនាញពាក់ព័ន្ធនឹងក្រុមហ៊ុន ជា ចិន្តា និងក្រុមហ៊ុន ណេងណា បាននៅឡើយទេគិតត្រឹមម៉ោងផ្សាយនេះដោយមិនមានលេខទំនាក់ទំនង៕SRP

Like 197
Comment 0
Share ចែកចាយ
Views 13.7K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ តុលា ២០២៦

នាយករដ្ឋមន្ត្រីខ្មែរ៖ ខ្ញុំនៅតែសង្ឃឹមថាលោក អ៊ុំ សំអាន និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជា តាមការអញ្ជើញរបស់ខ្ញុំ

ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតីហ៊ុន ម៉ាណែត នៅថ្ងៃនេះបានសរសេរសារឆ្លើយតបទៅនឹង លោក អ៊ុំ សំអាន។

ខាងក្រោមនេះជាសារទាំងស្រុងរបស់សម្ដេច៖ ខ្ញុំបានស្តាប់សាររបស់លោក អ៊ុំ សំអាន ឆ្លើយតបនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។

ក្នុងសាររបស់គាត់ប្រមាណ ៨០នាទី ក្រៅពីនិយាយអំពីបញ្ហាដដែលៗ ដែលរូបគាត់តែងតែនិយាយនាពេលកន្លងមកដោយគ្មានមូលដ្ឋានច្បាស់លាស់ លោក អ៊ុំ សំអាន មិនទាន់បានឆ្លើយតបជាក់លាក់ឡើយ ពាក់ព័ន្ធនឹងការអញ្ជើញរបស់ខ្ញុំ។
អ្វីដែលខ្ញុំយល់ គឺថាគាត់ហាក់ដូចជាមិនហ៊ានមកកម្ពុជាតាមការអញ្ជើញដើម្បីជជែកគ្នាដោយសារគាត់ខ្លាចស្លាប់ ឬគ្រោះថ្នាក់
ដោយអាចមានគេលបបាញ់គាត់ ឬវ៉ៃគាត់បែកក្បាល (តាមសម្តីរបស់គាត់)។ គាត់ថាបើជួបនៅក្រៅប្រទេសគាត់ជួប។

ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក អ៊ុំ សំអាន ខ្ញុំសូមបញ្ជាក់÷

១. ពាក់ព័ន្ធនឹងសុវត្ថិភាពរបស់លោក អ៊ុំ សំអាន និងក្រុមការងារ ÷

. ខ្ញុំសូមបញ្ជាក់សាជាថ្មី នូវការធានាអំពីសុវត្ថិភាពរបស់លោក និងក្រុមរបស់លោក ក្នុងអំឡុងពេល ដែលលោក និងក្រុមរបស់លោក មានវត្តមាននៅប្រទេសកម្ពុជា រហូតដល់លោក និងក្រុមរបស់លោក ចាកចេញផុតពីកម្ពុជា។

. បើលោកមិនទុកចិត្ត ខ្ញុំ និងរាជរដ្ឋាភិបាល លោកអាចពឹងពាក់អោយមានការជួយឃ្លាំមើលសុវត្ថិភាពរបស់លោកពីសំណាក់ស្ថានទូតបរទេសណាមួយនៅកម្ពុជា ឬអង្គការសង្គមស៊ីវិលណាដែលលោកទុកចិត្តបន្ថែមក៏បាន។

. បើសិនជា ខ្ញុំមានបំណងអាក្រក់អ្វីមួយចំពោះរូបលោក អ៊ុំ សំអាន ខ្ញុំមិនមានការចាំបាច់ផ្តល់ការធានាជាសាធារណៈបែបនេះទេ ព្រោះបើមានអ្វីកើតឡើងចំពោះរូបលោក គឺខ្ញុំទេដែលជាអ្នកខាតធំជាងគេ ដោយនឹងត្រូវខាតបង់នូវទំនុកចិត្តជាមេដឹកនាំ ក៏ដូចជារងការចោទប្រកាន់នានាផងដែរ។

២. ពាក់ព័ន្ធនឹងទីកន្លែងជជែកគ្នា ÷

. ការកំណត់យកប្រទេសកម្ពុជាជាកន្លែងជជែកគ្នា គឺមានគោលដៅពីរ:

. គោលដៅទី១ – គឺដើម្បីផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស ជាអាថិ៍អ្នកសារពត៌មាន តំណាងគណបក្ស អង្គការសង្គមស៊ីវិល និស្សិត បញ្ញវន្ត និងមហាជនខ្មែរ រួមទាំងអ្នកគាំទ្រលោក បានចូលរួមស្តាប់និងធ្វើជាសាក្សី នូវការជជែកគ្នានោះ។ ហេតុដូច្នេះ បើលោក អ៊ុំ សំអាន នៅទុកចិត្តនិងផ្តល់តម្លៃអោយប្រជាពលរដ្ឋខ្មែរក្នុងប្រទេស លោកមិនគួរបដិសេធការជជែកគ្នានៅក្នុងប្រទេសកម្ពុជា លើកលែងតែលោកយល់ថាប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសមិនអាចទុកចិត្តបាន ឬមិនមានតម្លៃស្មើសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក។

. គោលដៅទី២ – គឺខ្ញុំមិនចង់អោយការជជែកគ្នា បានត្រឹមតែជជែកនៅលើតុ ប្រើក្រដាសរៀងៗខ្លួនតែប៉ុណ្ណោះទេ ព្រោះធ្វើបែបនេះវាអត់បានបញ្ជាក់អ្វីច្បាស់លាស់ និងដាច់ស្រេចឡើយ។ វានាំតែខាតពេលវេលា និងអាចអោយកាន់តែច្របូកច្របល់ក្នុងអារម្មណ៍ប្រជាពលរដ្ឋខ្មែរដែលតាមដានករណីនេះ។ ក្នុងករណីដែលការជជែកគ្នានៅលើតុ មិនច្បាស់លាស់ និងដាច់ស្រេច មានតែការផ្ទៀងផ្ទាត់ជាក់ស្តែងនៅលើដីទេទើបអាចផ្តល់ភាពច្បាស់លាស់បាន។ ហេតុដូច្នេះ មានតែការជជែកគ្នានៅក្នុងប្រទេសកម្ពុជាទេ ទើបអនុញ្ញាតអោយយើងចុះទៅផ្ទៀងផ្ទាត់នៅលើដីជាក់ស្តែងក្នុងករណីចាំបាច់។

ខ្ញុំនៅតែសង្ឃឹមថាលោក អ៊ុំ សំអាន និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជា តាមការអញ្ជើញរបស់ខ្ញុំ ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។ នេះក៏ជាការបង្ហាញអំពីកម្រិតនៃការទុកចិត្តនិងការផ្តល់តម្លៃរបស់លោក អ៊ុំ សំអាន ចំពោះប្រជាពលរដ្ឋខ្មែរក្នុងប្រទេសផងដែរ៕SRP

Like 197
Comment 0
Share ចែកចាយ
Views 2.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២៦

លោកអ៊ុំ សំអាន តែងនិយាយរឿងព្រំដែនកម្ពុជា.ថៃ. នាយករដ្ឋមន្ត្រីខ្មែរអញ្ជើញឲ្យចូលក្នុងស្រុកដើម្បីលោកបង្ហាញព័ត៌មានការពិត

ខាងក្រោមនេះជាសាររបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត៖

ឱកាសមាសសម្រាប់លោក អ៊ុំ សំអាន និងក្រុមរបស់គាត់ ដើម្បីបង្ហាញសមត្ថភាព ជាអ្នកជំនាញព្រំដែន ដែលមានការទទួលខុសត្រូវ។

លោក អ៊ុំ សំអាន ដែលធ្លាប់ជាទណ្ឌិតជាប់ពន្ធនាគារ ដែលបានផ្សាព្វផ្សាយពីរឿងព្រំដែនដោយគ្មានមូលដ្ឋានត្រឹមត្រូវ បច្ចុប្បន្នបានតាំងខ្លួនសាជាថ្មីជាអ្នកជំនាញព្រំដែន។ គាត់បាននិងកំពុងបន្តនិយាយច្រើនពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ដោយគ្មានមូលដ្ឋានច្បាស់លាស់ដូចមុនដែរ។ ប៉ុន្មានថ្ងៃ ចុងក្រោយនេះ ឃើញគាត់លើកអំពីករណីព្រំដែន​​ កម្ពុជា-ថៃ​ ចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ដោយចោទប្រកាន់ថាការបោះបង្គោលបណ្តោះអាសន្នដែលបានធ្វើដោយក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ភាគច្រើនចូលក្នុងដីខ្មែរ ដែលធ្វើឱ្យខ្មែរបាត់បង់ទឹកដី និង​ថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃ ដើម្បីប្តូរយកសន្តិភាពនិង​អំណាច។

ការលើកបែបនេះ គឺមិនត្រឹមតែចោទប្រកាន់មកលើរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែ​គឺចោទប្រកាន់ត្រង់តែម្ដងទៅលើមន្ត្រីជំនាញព្រំដែនរបស់កម្ពុជា ថាពួកគាត់បានធ្វើឱ្យបាត់បង់ទឹកដីខ្មែរ ទាំងដែលពួកគាត់បានខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់បំផុត​ក្នុងការការពារអធិបតេយ្យភាព និងទឹកដីស្របច្បាប់របស់កម្ពុជា​​ ជាច្រើនទសវត្សរ៍មកហើយ។ នេះគឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរមួយ ដែលមិនអាចទទួលយកបាន។

ដើម្បីបង្ហាញនូវតម្លាភាព, គណនីយភាព និងការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាល​​ និងមន្ត្រីជំនាញព្រំដែនរបស់យើង ក៏ដូចជាផ្តល់ឱកាសឱ្យលោក អ៊ុំ សំអាន និងក្រុមរបស់គាត់​ បានបង្ហាញសមត្ថភាពពិត និងការទទួលខុសត្រូវរបស់គាត់ពាក់ព័ន្ធនឹងការនិយាយរបស់គាត់អំពីបញ្ហាព្រំដែន ខ្ញុំសូមផ្ដល់ឱកាសឱ្យលោក អ៊ុំ សំអាន និងក្រុមរបស់លោក​​ ដូចខាងក្រោម ÷

១. អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់លោក នាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ​ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅ​ ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន​ នៅកម្ពុជា។

២. ក្នុងដំណាក់កាលនេះ ដែលការចរចា​ និងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ​មិនទាន់ចប់ យើងមិនអាចបញ្ចេញនូវព័ត៌មានរសើបមួយចំនួន ជាលក្ខណៈទូលំទូលាយ​តាមបណ្ដាញសង្គមនោះទេ។ ទោះជាយ៉ាងនេះក្តី ដើម្បីបង្ហាញនូវតម្លាភាព, គណនីយភាព និងការទទួលខុសត្រូវ ក្នុងពេលជជែកវែកញែកគ្នានោះ យើងនឹងបើកឱកាសឱ្យមានការចូលរួមស្តាប់ ពីអ្នកសារពត៌មាន, តំណាងគណបក្ស, អង្គការសង្គមស៊ីវិល, និស្សិត បញ្ញវន្ត​ និងមហាជនខ្មែរ ក្នុងកម្រិតណាមួយ ដើម្បីធ្វើជាសាក្សី និងបានដឹង បានលឺ អំពីព័ត៌មានពិត ពាក់ព័ន្ធបញ្ហាដែលជាកង្វល់របស់ប្រជាពលរដ្ឋ។

៣. ខ្ញុំធានាសុវត្ថិភាពឱ្យលោក អ៊ុំ សំអាន និងក្រុមរបស់លោក អំឡុងពេលមានវត្តមាននៅកម្ពុជា រហូតដល់លោក និងក្រុមរបស់លោក​​ ចាកចេញផុតពីកម្ពុជាវិញ។

៤. បើលោកខ្វះលុយទិញសំបុត្រយន្តហោះមកកម្ពុជា ខ្ញុំនឹងចេញថ្លៃសំបុត្រយន្តហោះឱ្យលោក។

៥. បើលោកខ្វះមធ្យោបាយធ្វើដំណើរ និងកន្លែងស្នាក់នៅ ខ្ញុំនឹងរៀបចំឱ្យ​ដោយឥតគិតថ្លៃ ក្នុងអំឡុងពេលលោកមានវត្តមាននៅកម្ពុជា។

នេះមិនមែនជាការចង់ផ្ចាញ់ផ្ចាលជាមួយលោក អ៊ុំ សំអាន និងក្រុមរបស់លោកនោះទេ ប៉ុន្តែ គឺដើម្បីបង្ហាញនូវតម្លាភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។

រាជរដ្ឋាភិបាលមិនមានការលាក់បាំងអ្វី ហើយក៏មិនខ្លាចក្នុងការការទទួលខុសត្រូវចំពោះកិច្ចការងាររបស់ខ្លួននោះទេ ហើយក្រុមការងារបច្ចេកទេសជំនាញព្រំដែន របស់រាជរដ្ឋាភិបាល​ ត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមការជជែកគ្នាត្រង់ទៅ​​​ ត្រង់មក ជាមួយលោក អ៊ុំ សំអាន និងក្រុមរបស់លោក។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោក អ៊ុំ សំអាន និងក្រុមរបស់លោក មិនខ្លាចនឹងទទួលយកនូវការអញ្ជើញរបស់ខ្ញុំ ដើម្បីមកជជែកគ្នាជាមួយក្រុមការងារបច្ចេកទេសជំនាញព្រំដែនរបស់រាជរដ្ឋាភិបាល (ដែលលោកចោទពួកគាត់ថាបានលួចកាត់ដីឱ្យថៃ​ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩) នៅចំពោះមុខអ្នកសារពត៌មាន តំណាងគណបក្ស អង្គការសង្គមស៊ីវិល និស្សិត បញ្ញវន្ត និង​មហាជនខ្មែរនោះទេ។

ខ្ញុំនិងប្រជាពលរដ្ឋទូទៅ បានឃើញថាលោកតែងតែលើកយកប្រធានបទព្រំដែនគ្រប់ទីកន្លែងមកនិយាយ ហេតុដូច្នេះ លោកមិនត្រូវខ្លាចនឹងចូលមកជជែកគ្នាករណីព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ដើម្បីបង្ហាញជាឧទាហរណ៍ជាក់ស្ដែង ឱ្យប្រជាពលរដ្ឋបានឃើញ នូវសមត្ថភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់លោកនោះទេ។ សង្ឃឹមថាលោកនឹងមិនមានលេសអ្វីផ្សេងទៀត​ដើម្បីគេចវេសមិនទទួលការអញ្ជើញមកជជែកគ្នានោះទេ។

ខ្ញុំសូមបញ្ជាក់សាជាថ្មី នូវការធានាអំពីសុវត្ថិភាពរបស់លោក​ និងក្រុមរបស់លោក ក្នុងអំឡុងពេល ដែលលោក និងក្រុមរបស់លោក​ មានវត្តមាននៅប្រទេសកម្ពុជា រហូតដល់លោក និងក្រុមរបស់លោក​ ចាកចេញផុតពីកម្ពុជា។ ហេតុដូច្នេះ ការព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោក និងក្រុមរបស់លោក មិនគួរជាកម្មវត្ថុដែលរារាំងពួកលោកមិនឱ្យមកចូលរួមតាមការអញ្ជើញរបស់ខ្ញុំនោះទេ។

នេះគឺជាឱកាសមាសសម្រាប់លោក អ៊ុំ សំអាន ក្នុងការបង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែន ដែលមានមូលដ្ឋានត្រឹមត្រូវ និងការទទួលខុសត្រូវច្បាស់លាស់ និង​ មិនមែនជា អ៊ុំ សំអាន ដែលធ្លាប់ជាទណ្ឌិតជាប់ពន្ធនាគារដែលបានផ្សាព្វផ្សាយពីរឿងព្រំដែន​ ដោយគ្មានមូលដ្ឋានច្បាស់លាស់​ កាលពីពេលមុននោះទេ៕SRP

Like 197
Comment 0
Share ចែកចាយ
Views 11K
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ តុលា ២០២៦

សម្ដេចតេជោ៖ តាំងពីជំនាន់ខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីរហូតពេលនេះ ឲ្យតែរាជរដ្ឋាភិបាលដាក់ឲ្យចរាចរក្រដាសប្រាក់ថ្មីពួកឆ្កែក្រៅរបងផ្ទះប៉ុន្មានក្បាលតែងតែនិយាយថារាជរដ្ឋាភិបាលអស់លុយទើបបោះក្រដាសប្រាក់ថ្មី

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន បានផ្ញើសារទៅកាន់ពួកនៅក្រៅស្រុកមួយចំនួនដោយសម្ដេចបានសរសេរសំណេរដើមដូចខាងក្រោម៖ តាមពិតខ្ញុំមិនគួរតមាត់ជាមួយពួកបំផ្លាញជាតិប៉ុន្មានក្បាលនៅក្រៅប្រទេសនោះទេដូចម្តាយខ្ញុំប្រាប់ថា (បើឆ្កែខាំជើងយើងនោះយើងកុំខាំជើងឆ្កែវិញ) តែបើមិនបកស្រាយទេប្រជាជននឹងអាចភាន់ច្រឡំ។

សម្ដេចតេជោហ៊ុនសែនបានសរសេរបន្តថា៖ តាំងពីជំនាន់ខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីរហូតពេលនេះឲ្យតែរាជរដ្ឋាភិបាលដាក់ឲ្យចរាចរក្រដាសប្រាក់ថ្មីពួកឆ្កែក្រៅរបងផ្ទះប៉ុន្មានក្បាលតែងតែនិយាយថារាជរដ្ឋាភិបាលអស់លុយទើបបោះក្រដាសប្រាក់ថ្មី។ ខ្ញុំគ្រាន់តែប្រាប់ថាសាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម2.5 ពាន់លានដុល្លារទេ (ពីរពាន់ប្រាំរយលានដុល្លារ) ឯបៀវត្សរ៍ ១ខែចាយត្រឹម២៣០លានដុល្លារ ក្នុង១ខែទេ។ ចំណូល៩ខែជាង៥ពាន់លានដុល្លារដែលជាមធ្យម៥០០ទៅ៦០០លានដុល្លារ/ខែល្មមគ្រប់គ្រាន់ចំណាយនិងរក្សាទុកសាច់ប្រាក់ក្នុងរតនាគារមិនឲ្យទាបជាង២៥០០លានដុល្លារ។ សូមពួកនៅក្រៅស្រុកប្រញ៉ាប់យកលុយដែលប្រមូលបាននៅវត្តភ្នំសេរីមកជូនជនភៀសសឹកដែលពេលនេះកំពុងរក្សាទុកដើម្បីចិញ្ចឹមបក្សនយោបាយមួយនៅក្នុងស្រុក។

សម្ដេចតេជោបានសរសេរបញ្ជាក់ទៀតថា៖ ខ្ញុំនឹងបង្ហោះសារសំឡេងនៃការប្រជុំមួយដែលនិយាយដល់ការយកលុយដែលរៃអង្គាសបានសម្រាប់ជនភៀសសឹកសម្រាប់ជួយគណបក្សនៅពេលក្រោយ។ ឱពួកបោកប្រាស់ក្រៅស្រុកអើយបើចេះត្រូវចេះឲ្យគេកោតតែបើឆោតគឺត្រូវឆោតឲ្យគេអាណិត។ បើគង់តែរាជរដ្ឋាភិបាលអស់លុយដែរគួរតែអបអរសាទរព្រោះរាជរដ្ឋាភិបាលនឹងឆាប់រលំឯពួកអស់លោកនឹងបានមកកាន់អំណាចដូចដែលអស់លោកដេកចង់រាល់ថ្ងៃ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2.7K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ តុលា ២០២៦

ផ្លាស់ប្ដូរមេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ​

ខេត្តកំពង់ធំ៖លោកវរសេនីយ៍ឯក ឃុន ប៊ុនហូ​ មេបញ្ជាការរង ត្រូវបានប្រគល់ភារកិច្ចជាមេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ​បណ្តោះអាសន្ន ជំនួសឧត្តមសេនីយ៍ត្រី​ មាស យ៉ត ដែលទទួលភារកិច្ចនៅកន្លែងថ្មី។

នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ នារសៀលថ្ងៃទី៨ ខែតុលា​ ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល​ និងប្រគល់ភារកិច្ចបណ្តោះអាសន្នជាមេបញ្ជាការជូនលោកវរសេនីយ៍ឯក​ ឃុន ប៊ុនហូរ។

សូមជម្រាបថាលោកវរសេនីយ៍ឯក ឃុន ប៊ុនហូ ជាអតីតមេបញ្ជាការអាវុធហត្ថស្រុកស្ទោង និងក្រោយមកត្រូវបានតែងតាំងជាមេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថខេត្តកំពង់ធំ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 13.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ តុលា ២០២៦

អភិបាលខេត្តកំពង់ចាម ស្នើដល់អ្នកលក់ដូរទាំងអស់កុំឆ្លៀតដំឡើងថ្លៃទំនិញ និងសេវាកម្ម នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ‎

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលប្រកបរបរលក់ដូរក្នុងខេត្ត កុំឱ្យមានគំនិតឆ្លៀតឱកាសដំឡើងថ្លៃទំនិញ និងសេវាកម្មផ្សេងៗឡើយ ស្របពេលដែលប្រទេសកម្ពុជាកំពុងរៀបចំប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរ។

ការថ្លែងស្នើបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងាររយៈពេល ៩ខែ ដើមឆ្នាំ២០២៦ នៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានរៀបចំឡើងនៅសាលាខេត្តកំពង់ចាម។

‌‎​ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់មន្ទីរទេសចរណ៍ខេត្ត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះតាមដាន និងត្រួតពិនិត្យឱ្យបានជាប់ជាប្រចាំនៅតាមបណ្តារមណីយដ្ឋាននានាទូទាំងខេត្ត។ ឯកឧត្តមបានបញ្ជាក់ធ្ងន់ៗថា ប្រសិនបើពិនិត្យរកឃើញមានករណីអាជីវកររូបណាឆ្លៀតឱកាសតំឡើងថ្លៃទំនិញ ឬសេវាកម្មដោយហួសហេតុពេក អាជ្ញាធរត្រូវអនុវត្តវិធានការក្តៅ ដោយតម្រូវឱ្យបញ្ឈប់ការលក់ដូរនៅទីនោះតែម្តង។

‌‎ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ​វិធានការនេះ ធ្វើឡើងក្នុងគោលបំណងការពារផលប្រយោជន៍ និងសម្រួលដល់បន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកធ្វើបុណ្យទាន និងកម្សាន្តនៅក្នុងខេត្តកំពង់ចាម នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ឱ្យទទួលបានភាពរីករាយ និងក្តីកក់ក្តៅបំផុត៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ តុលា ២០២៦

កាប់យកម៉ូតូនៅស្រុកអង្គរជុំជិត៤ខែមុន ត្រូវបានបង្ក្រាប

ខេត្តសៀមរាប៖ជនសង្ស័យចំនួនពីរនាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គរជុំសហការជាមួយនគរបាលស្រុកពួកធ្វើការចាប់ខ្លួនករណី អំពើលួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) នៅស្រុកអង្គរជុំ កាលពីជិត៤ខែមុន។

នគរបាលខេត្តសៀមរាបបានឲ្យដឹងថា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញបានចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ លេខៈ ១១៦នខស/ថ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ចេញដោយលោក ស៊ិន ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ទៅលើមុខសញ្ញាឈ្មោះ វ៉ាន់ លក្ខ ហៅវូច ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កសិករ ទីកន្លែងកំណើត និងទីលំនៅមុនពេលចាប់ខ្លួនភូមិត្រីញ័រ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

នគរបាលបានបន្តថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បានបន្តចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៨២ ចខស/ថ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ចេញដោយលោក ស៊ិន ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ រ័ត្ន រតនសុផុន ឬ រដ្ឋ ណាតាផុន ហៅ ភុន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកសិករ មានទីកន្លែងកំណើត និងទីលំនៅមុនពេលចាប់ខ្លួន នៅភូមិត្រីញ័រ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ដែលត្រូវបានចោទប្រកាន់ពីបទ ទទួលផលចោរកម្ម ប្រព្រឹត្តនៅចំណុចក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។ក្នុងការចុះអនុវត្តដីកាខាងលើ កម្លាំងជំនាញបានធ្វើការឆែកឆេរ និងដកហូតបានម៉ូតូរបស់ជនរងគ្រោះចំនួន០១ គ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៦ លេខតួ-លេខម៉ាស៊ីន ND125NE-0405013។ ម៉ូតូនេះត្រូវបានជនសង្ស័យដោះស្លាកលេខ និងដោះកញ្ចក់ចេញ រួចយកទៅលាក់ទុក។ ម៉ូតូខាងលើ ត្រូវបានយកមករក្សាទុកជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប រង់ចាំគោលការណ៍សម្រេចពីថ្នាក់ដឹកនាំ ដើម្បីប្រគល់ជូនជនរងគ្រោះវិញ តាមនីតិវិធី។

ការចុះអនុវត្តដីកាខាងលើ ធ្វើឡើងបន្ទាប់ពីកាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយអធិការដ្ឋាននគរបាលស្រុកអង្គរជុំ និងអធិការដ្ឋាននគរបាលស្រុកពួក ធ្វើការស្រាវជ្រាវ និងបង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងករណីអំពើ លួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) ប្រព្រឹត្តនៅចំណុចភូមិកុក ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប បានចំនួន ០៣ នាក់។ដោយឡែក បក្សពួកជនសង្ស័យដែលបានគេចខ្លួន ត្រូវបានកម្លាំងនគរបាលជំនាញធ្វើការស្រាវជ្រាវ ស្វែងរកអត្តសញ្ញាណ និងបានស្នើសុំដីកាបង្គាប់ឱ្យចាប់ខ្លួនជាបន្តបន្ទាប់ បានចំនួន ០២ នាក់បន្ថែមទៀត។ ក្នុងនោះ ជនត្រូវចោទឈ្មោះ រ័ត្ន រតនសុផុន គឺជាមុខសញ្ញាទី៦ ដែលកម្លាំងជំនាញបានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន និងបានរកឃើញ ព្រមទាំងដកហូតបានម៉ូតូរបស់ជនរងគ្រោះមកវិញ បន្ទាប់ពីមុខសញ្ញានេះបានដោះស្លាកលេខម៉ូតូចេញ និងយកទៅលាក់ទុកអស់រយៈពេល ០៤ ខែ។

បច្ចុប្បន្នត្រូវបាននគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប រៀបចំបញ្ជូនបន្តទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមជម្រាបថាប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ព្រមទាំងមានការដឹកនាំ និងបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប៕SRP


Like 197
Comment 0
Share ចែកចាយ
Views 26K
Sponsored
Older posts
Page1 Page2 … Page693 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ជនជាតិឥណ្ឌាលក់មុងម្នាក់ ទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងសៀមរាប ជនជាតិឥណ្ឌាលក់មុងម្នាក់ ទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងសៀមរាប ចុះផ្សាយថ្ងៃទី ១៤ តុលា ២០២៦
សម្ដេចធិបតី៖ មិនទាន់ឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ មកកម្ពុជា សម្ដេចធិបតី៖ មិនទាន់ឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ មកកម្ពុជា ចុះផ្សាយថ្ងៃទី ១៤ តុលា ២០២៦
សម រង្ស៊ី មិនបដិសេធព័ត៌មានដែលគេផ្សាយយ៉ាងអាក្រក់ពីរូបគាត់ដែលអាចចាត់ទុកជាអំពើក្បត់ជាតិ? សម រង្ស៊ី មិនបដិសេធព័ត៌មានដែលគេផ្សាយយ៉ាងអាក្រក់ពីរូបគាត់ដែលអាចចាត់ទុកជាអំពើក្បត់ជាតិ? ចុះផ្សាយថ្ងៃទី ១៤ តុលា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×