ព័ត៌មានទាន់ហេតុការណ៍ :

- អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង
ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៤ ម៉ោង ៦:០៨ ល្ងាច

ឯកអគ្គរដ្ឋទូតចិនបញ្ចប់អាណត្តិ៖ រដ្ឋាភិបាលចិននឹងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប និងជម្រាបលា ឯកឧត្តម វ៉ាង វិនធាន បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ព្រមទាំងបានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ជូនចំពោះសម្តេចធិបតី ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចនូវសមិទ្ធផលធំៗជាច្រើនលើវិស័យនយោបាយ សេដ្ឋកិច្ច ការទាក់ទាញវិនិយោគិន ការដាក់ចេញកម្មវិធីកំណែទម្រង់ស៊ីជម្រៅ និងការធ្វើឱ្យប្រសើរឡើងនូវវិស័យទេសចរណ៍ ជាដើម។ ឯកឧត្តមក៏បានសម្តែងនូវសេចក្តីរីករាយ និងការពេញចិត្ត ដែលបានចូលរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា ដោយសម្រេចបាននូវសមិទ្ធផលធំៗគួរឱ្យកត់សម្គាល់ជាច្រើនដូចជា៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ផ្លូវលឿនភ្នំពេញ-ខេត្តព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក៏ដូចជាការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនេះបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើរ និងការចេះជួយគ្នាទៅវិញទៅមក ក្នុងឋាន:ជាមិត្តដែកថែប ដ៏ស្មោះត្រង់ និងទុកចិត្តបាន។

បន្ថែមលើនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ផងដែរថា រដ្ឋាភិបាលចិននឹងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ ដែលបានចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។ សម្ដេចក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ដែលបានរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើនជាលំដាប់។ សម្ដេចធិបតី បានលើកឡើងថា “នេះជាពេលវេលាដ៏គួរឱ្យស្រណោះបំផុត ដែលមិត្តដ៏ល្អរបស់កម្ពុជា ត្រូវឃ្លាតឆ្ងាយ ហើយសម្តេចធិបតីសង្ឃឹមថា នឹងបានជួបឯកឧត្តមឯកអគ្គរដ្ឋទូតជាថ្មីម្តងទៀតក្នុងឱកាសសមស្របណាមួយ និងជូនពរឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតទទួលបានជោគជ័យក្នុងបេសកកម្មការងារថ្មី។ សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជារង់ចាំ និងស្វាគមន៍ឯកឧត្តមជានិច្ច។

បន្ទាប់ពីបញ្ចប់ជំនួបនេះ សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជានិមិត្តរូបនៃការប្រសិទ្ធនាម “ផ្លូវក្រវាត់ក្រុងទី៣” ដែលតភ្ជាប់ផ្លូវជាតិ លេខ១ទៅផ្លូវជាតិលេខ៤ ថាជា “មហាវិថី ស៊ី ជីនពីង” ផងដែរ៕SRP

Read Previous

មេប៉ូលិសព្រមាន ស្នងការនគរបាលខេត្តណា ដែលបណ្តែតបណ្តោយ ឲ្យមានសកម្មភាពក្មេងទំនើងកើតឡើង ត្រូវទទួលខុសត្រូវចំពោះមុខ

Read Next

ប្រធានសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក កោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបង្ហាញពីបំណងចង់បណ្តាក់ទុន