ខេត្តសៀមរាប៖ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ម្សិលមិញ បានអនុញ្ញាត ឲ្យពលរដ្ឋ រស់នៅក្នុងតំបន់ឧទ្យានអង្គរ បានជួសជុលផ្ទះ ចំនួន១៤ខ្នង។
ការអនុញ្ញាតនេះ បន្ទាប់ពីក្រុមជំនាញរបស់អាជ្ញាធរជាតិអប្សរា ការសហការ ជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយ សំណើសុំជួសជុល ផ្ទះរបស់ប្រជាពលរដ្ឋ។
យោងតាមមន្ត្រីអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា
កិច្ចការនេះចែកជាពីរគោលដៅ
ទី១ ក្រុមការងារប្រចាំស្រុកពួក បានពិនិត្យនិងដោះស្រាយ ស្ថិតក្នុងភូមិគោកស្នូល ភូមិត្រមេង ភូមិស្វាយ ឃុំខ្នាត ដោយបានអនុញ្ញាតជូនចំនួន៩សំណើ។
ទី២ ក្រុមការងារប្រចាំក្រុងសៀមរាប ដឹកនាំដោយ លោក ឡុងកុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានពិនិត្យ និងដោះស្រាយចំនួន ១០សំណើ ស្ថិតក្នុងភូមិទក្សិណត្បូង ភូមិនគរក្រៅ សង្កាត់គោកចក ដោយអនុញ្ញាតជូនចំនួន៥សំណើ។
សូមជម្រាបថារាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់នោះទេ៕SRP