ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានអះអាងនៅមុននេះបន្តិចថា៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដាក់ប៉ុស្តិ៍ត្រួតពិនិត្យសុខភាព នៅព្រំប្រទល់ ខេត្តសៀមរាបជាមួយខេត្តកំពង់ធំ។
អាជ្ញាធរខេត្តបានបន្តថា៖គិតមកទល់ពេលនេះ ស្ថានភាពកូវីដ១៩ កំពុងរីករាលដាល ក្នុងសហគមន៍ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ហើយរាជរដ្ឋាភិបាល ក៏បានបង្កើនការចាត់វិធានការកំរិតខ្ពស់បន្ថែមទៀត។
ជាមួយគ្នានេះ លោក ទៀ សីហា អភិបាលនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ មានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប បានសម្រេចដាក់ចេញវិធានការត្រួតពិនិត្យសុខភាពនៅចំណុចព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកស្ទោង ខេត្តកំពង់ធំ។ ការដឹកទំនិញ និងប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់ បានជាធម្មតា ដោយមិនមានការហាមឃាត់នោះឡើយ ដោយគ្រាន់តែមានការត្រួតពិនិត្យសុខភាព។
ដូចនេះ ចាប់ពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នេះ ក្រុមការងារក៏បានដាក់ដំណើរត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិ នៅចំណុចព្រំប្រទល់នេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ព្រមណែនាំឲ្យអនុវត្តការស្កែន QR Code Stop COVID-19 “ទប់ស្កាត់ ជំងឺកូនវីដ១៩”ផងដែរ។
ដូចនេះ សូមបងប្អូនធ្វើដំណើរឆ្លងកាត់ចំណុចនេះ សូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រុមការងារដែលប្រចាំការនៅទីនោះកុំបីខាន៕SRP