ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាម បានសម្រេចប្រគល់សិទ្ធិឲ្យក្រុមហ៊ុនរីវើសាយ ឌីវេឡុបម៉ិន ឯ. ក សាងសង់ច្រាំងទន្លេឡើងវិញ។នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១ខែមេសា ឆ្នាំ២០២១នេះ។
សេចក្ដីប្រកាសរបស់អាជ្ញាធរខេត្តបានឲ្យដឹងថា៖
កន្លងមកនេះប្រជាពលរដ្ឋ រស់នៅតាមដងទន្លេមេគង្គ តែងតែជួបប្រទះនឹងការបាក់ស្រុតច្រាំងទន្លេ ជារឿយៗធ្វើឲ្យប៉ះពាល់លំនៅដ្ឋាន ផ្ទៃដីបង្កបង្កើនផល មន្ទីរពេទ្យ វត្តអារាម សាលារៀន និងផ្លូវគមនាគមន៍ នានា ដោយសារការប្រែប្រួលនៃលំហូរចរន្តទឹកក្នុងទន្លេមេគង្គ ដែលនាំមកនូវផលលំបាកយ៉ាងខ្លាំងដល់ ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ដោយមើលឃើញពីបញ្ហាប្រឈមទាំងនេះរដ្ឋបាលខេត្ត បានស្នើ សុំអន្តរាគមន៍ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដើម្បីស្វែងរកដៃគូអភិវឌ្ឍន៍ គម្រោង សាងសង់ច្រាំងទន្លេមេគង្គដែលកំពុងបាក់ស្រុតនេះឡើងវិញ។
រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូន ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ និងសាធារណៈជន ទាំងអស់មេត្តាជ្រាបថា ដោយបានការយកចិត្តទុកដាក់យ៉ាងសកម្មពីសំណាក់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឲ្យ រដ្ឋបាលខេត្តកំពង់ចាម ប្រគល់សិទ្ធិជូន ក្រុមហ៊ុនរីវើសាយ ឌីវេឡុបម៉ិន ឯ. ក សាងសង់ច្រាំងទន្លេឡើងវិញ និងបូមដីកោះដុះថ្មី ដើម្បីតម្រង់ចរន្តទឹកហូរក្នុងភូមិសាស្រ្តស្រុកស្រីសន្ធរ និងស្រុកកងមាស ដើម្បីបញ្ចៀស ការបាក់ស្រុតច្រាំងទន្លេមេគង្គ តាមបច្ចេកទេសត្រឹមត្រូវ និងស្របតាមនីតិវិធីច្បាប់ជូនបងប្អូនប្រជាពលរដ្ឋ។ ក្នុងជំហានបឋមរដ្ឋបាលខេត្ត បានកំណត់យកទីតាំងអាទិភាពចំនួន០៣កន្លែង ដែលប្រឈមខ្លាំងជាងគេ សម្រាប់ក្រុមហ៊ុនចាប់ផ្តើមដំណើរការការងារចាប់ពីថ្ងៃជូនដំណឹងនេះតទៅ តាមទីតាំងដូចខាងក្រោម៖
-ទីតាំងនៅ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ សាងសង់ច្រាំងទន្លេប្រវែង ១,០០០ម៉ែត្រ
-ទីតាំងនៅ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ សាងសង់ច្រាំងទន្លេប្រវែង ៥០០ម៉ែត្រ -ទីតាំងនៅ ឃុំសូរគង ស្រុកកងមាស សាងសង់ច្រាំងទន្លេប្រវែង ៥០០ម៉ែត្រ
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង ខេត្តកំពង់ចាម ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់ខាងលើ សូមមេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការជាមួយមន្ត្រីបច្ចេកទេស និងអជ្ញាធរមូលដ្ឋាន ដើម្បីសម្រេចការងារបានជោគជ័យ៕SRP