ភ្នំពេញ៖លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៥ ខែមេសា នេះបានដឹកនាំប្រជុំពីចម្ងាយតាមប្រព័ន្អអេឡិចត្រូនិច ស្ដីពី “ វិធានការធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ “។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់អគ្គស្នងការរងទាំងអស់ លោកប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធ និងស្នងការនគរបាលរាជធានី-ខេត្តផងដែរ។
ក្នុងកិច្ចប្រជុំនេះ លោកនេត សាវឿន ដាក់ចេញនូវគោលការណ៍រួមដូចខាងក្រោម៖
ទី១.គ្រប់នាយកដ្ឋាន អង្គភាពចំណុះ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវប្រកាសចំណុចខ្ពស់ ពង្រឹងវិធានការសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពិសេសនៅតាមគោលដៅអាទិភាព វត្តអារាម រមណីយដ្ឋាន និងទីតាំងកន្លែងកម្សាន្តសប្បាយនានា ដោយត្រូវមានផែនការចាត់តាំងអនុវត្តច្បាស់លាស់។
ទី២.គ្រប់នាយកដ្ឋាន អង្គភាព ត្រូវមានកម្មវិធីការងារជាក់ស្ដែងដូចខាងក្រោម៖
ក.ធ្វើការប្ដូរវេនប្រចាំការ ២៤/២៤ម៉ោង ដើម្បីធានានិរន្តរភាពការងារ
ខ.ត្រូវពង្រឹងក្រុមប្រចាំបញ្ជា ទាំងនៅតាមនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីទទួលសំណូមពររបស់មហាជន និងត្រូវត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ សម្ភារៈ ដើម្បីអន្តរាគមន៍ដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់សភាពការណ៍។
ទី៣.ក្រើនរំលឹកដាស់តឿនដល់គ្រប់នាយកដ្ឋាន អង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ឱ្យអប់រំណែនាំមន្ត្រីក្រោមឱវាទអំពីការអនុវត្តវិធានសុខាភិបាល ពិសេសអនុសាសន៍ដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី “ ៣ការពារ ៣កុំ “ ដើម្បីថែរក្សាសុខភាពផ្ទាល់ខ្លួន ព្រមទាំងក្រុមគ្រួសារ និងត្រូវធ្វើជាគំរូដល់សាធារណជន៕SRP