ខេត្តសៀមរាប៖យោងតាមរបាយការណ៍បានឲ្យដឹងថានៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមTCជីកកាប់បំពង់ដាក់បង្កប់ទុយោ បានប្រទះឃើញគ្រាប់បែកដៃចាស់ៗជាង៣០០គ្រាប់ នៅជាប់របងសាលា១០មករា ក្នុងក្រុងសៀមរាប។
របាយការណ៍បានបង្ហាញថា គិតត្រឹមម៉ោង៤រសៀលនេះ ក្រុមដោះមីនCMAC និងមានការចូលរួមពីកងកំលាំងនគរបាលផ្នែកអាវុធជាតិផ្ទះ បានប្រមូលបានគ្រាប់មិនទាន់ផ្ទុះប្រភេទគ្រាប់បែកដៃ បានចំនួន៣២៥គ្រាប់។
របាយការណ៍បានបញ្ជាក់ទៀតថាការរកឃើញ គ្រាប់បែកដៃ បានចំនួន៣២៥គ្រាប់ ខាងលើនេះ នៅមិនទាន់អស់នៅឡើយទេ។ បើតាមការប៉ាន់ស្មាននៅសល់ប្រហែល20%ទៀត។ ប៉ុន្តែដោយខាងCMACគាត់ពុំបានយកឧបករណ៍មកគ្រប់គ្រាន់និងមានគ្នាតិច(ដោយថ្ងៃឈប់សម្រាក) ក៏ផ្អាកបណ្តោះអាសន្ននឹងបន្តនៅថ្ងៃបន្ទាប់ទៀត។ ទោះជាយ៉ាងណា ក្រុមការងាររាវគ្រាប់មិនទាន់ផ្ទុះរបស់CMAC បានដាក់ស្លាកសញ្ញាគ្រោះថ្នាក់ហ៊ុំព័ន្ធជុំវិញទីតាំងនោះដើម្បីការពារកុំឲ្យមនុស្សចូលទៅផងដែរ៕SRP