ខេត្តមណ្ឌលគិរី៖លោកគន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានបញ្ជាក់ថា ដើម្បីជាការឆ្លើយតបទៅនឹងគុណបំណាច់មិនអាចកាត់ថ្លៃបាន អតីតយុទ្ធជន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនប្រទេសជាតិមាតុភូមិ លោកបានណែនាំ និងស្នើដល់អាជ្ញាធរ សមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះសុខទុក្ខការលំបាក ក្នុងជីវភាពរស់នៅរបស់បងប្អូនក្រុមគ្រួសាររបស់អតីតយុទ្ធជនឲ្យបានល្អថែមទៀត។ ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល មេឃុំ សង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួនណាម្នាក់ឲ្យកាន់ការងារ អតីតយុទ្ធជន និងក្តាប់ស្ថានភាព ជីវភាពរស់នៅរបស់បងប្អូនអតីយុទ្ធជន ឲ្យបានច្បាស់លាស់ ដើម្បីធានាថាបងប្អូនយើងទទួលបាន នូវការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីប្រមុខរាជរដ្ឋាភិបាល។ ពីព្រោះការលះបង់សាច់ស្រស់ឈាមស្រស់ របស់បងប្អូនអតីតយុទ្ធជន មានគុណបំណាច់មិនអាចកាត់ថ្លៃបានឡើយ ចំពោះប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ។
លោកគន់ គីម បានស្នើសុំឱ្យគណ:កម្មាធិការ អាជ្ញាធរក្រុង/ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ បន្តចុះពិនិត្យ ឈ្វេងរកដីសម្បទាសង្គមកិច្ច ដើម្បីចែកជូនអតីតយុទ្ធជនយើង ដែលគ្នានដី ផ្ទះស្នាក់នៅពិតប្រាកដ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូល រួមកាត់បន្ថយភាពក្រីក្រផងដែរ។
លោកថ្លែបបែបនេះនៅរដ្ឋបាលខេត្តមណ្ឌលគិរី នាព្រឹកមិញនេះ ក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី។
លោកគន់ គីម ក៏បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះមន្រ្តីរាជការ ក៏ដូចជាសមាជិកអតីតយុទ្ធជនទាំងអស់ គឺសម្ដេចទាំងទ្វេរ មិនដែលភ្លេច ឬបោះបង់ចោលបងប្អូនអតីតយុទ្ធជនទេ ហើយសម្តេចនឹកឃើញជានិច្ចចំពោះអតីកាល ដែលធ្លាប់រួមអាវុធជាមួយគ្នាព្រោះសម្តេចក៏ជាជនពិការ ដោយសារសង្គ្រាមម្នាក់ផងដែរ។
សូមបញ្ជាក់ថា ក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី លោក ថង សាវុន ដែលត្រូវផ្ទេរភារកិច្ចពីប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តរតនគិរី ទៅបំពេញភារកិច្ច ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី រីឯលោម ស្វាយ សំអ៊ាង ដែលត្រូវផ្ទេរភារកិច្ចេពីប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី ទៅបំពេញផ្ទេរភារកិច្ច ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង៕SRP