ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋមានបញ្ហាក្នុងជីវភាពចំនួន២៩៩គ្រួសារ មកពីចំនួន៣ក្នុងស្រុកបវេល គឺឃុំល្វា ឃុំអំពិលប្រាំដើម និងឃុំបវេល នៅព្រឹកមិញនេះបានទទួលអំណោយមនុស្សធម៌ របស់សម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងលោកជំទាវ។
ការផ្ដល់អំណោយ ដឹកនាំដោយលោកសក់ សេដ្ឋា ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបវេល លោក ខាន់ ម៉ាណេរ អនុប្រធានទី១ក្រុមការងារចុះជួយស្រុកបវេល និងលោក ចន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង។
អំណោយដែលបានផ្ដល់ជូន រួមមានអង្ករ មី ត្រីខ ទឹកស៊ីអុីវ ទឹកត្រី ទឹកសុទ្ធ ម៉ាស់ និងអាកុល។
ក្នុងឱកាសនោះដែរ លោក សក់ សេដ្ឋា បានជម្រាបជូនប្រជាពលរដ្ឋនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងសេចក្ដីថ្លែងអំណរគុណជូនប្រជាពលរដ្ឋដែលបានផ្ដល់ការគាំទ្រមកលើរាជរដ្ឋាភិបាល ដើម្បីបន្តដឹកនាំប្រទេសជាតិប្រកបដោយសុខ សន្តិភាព និងការអភិវឌ្ឍ។
ក្នុងនាមសម្ដេចក្រឡាហោម លោកក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅតាមការិយាល័យក្នុងភូមិ ឃុំនិងសង្កាត់របស់ខ្លួន និងសូមបន្តអនុវត្តវិធានការ៣កុំ ៣ការពារ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ ពីការឆ្លងជំងឺកូវីដ-១៩៕SRP






