ខេត្តសៀមរាប៖បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗ ខណ:បើកម៉ូតូទៅបុករថយន្តធុនធំ១គ្រឿង ចំពេញទំហឹងដែលតៃកុងឈប់ទិញខារ៉ាបាវផឹក។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២១និង១០នាទីនៅចន្លោះបង្គោលគីឡូលេខ ៣០០-៣០១ ស្ថិតក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគងលើផ្លូវជាតិលេខ៦។
លោកលឹម សម្បត្តិ អធិកានគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូនិងរថយន្តចតស្ងៀម ដោយរថយន្តម៉ាកហ៊ីណូពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 3A 2904 បើកបរដោយមិនស្គាល់អត្តសញ្ញាណបានឈប់នៅផ្លូវ បែមុខទៅទិសខាងកើត។ ចំណែកម៉ូតូម៉ាកហុង ដាទ្រីមសេ១២៥ ពណ៌ខ្មៅឆ្នាំ២០០៦ ស្លាកលេខសៀមរាប1G1165 បើកបរដោយឈ្មោះ ម៉ៅ លន់ ភេទប្រុសអាយុ២៦ឆ្នាំ នៅភូមិថ្មី ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានបុករថយន្តឈប់ចំពីក្រោយ បណ្តាលអោយស្លាប់នៅកន្លែងតែម្តង។
អធិការបន្តថា ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងនិងធ្វើការវាស់វែង ប្រគល់សាកសពអោយទៅក្រុមគ្រូសារយកទៅបុណ្យតាមប្រពៃណី។ ដោយឡែកម៉ូតូខូចខាតធ្ងន់ រថយន្ត មិនមានការខូចខាតនោះទេ វត្ថុតាងទាំង២យកមករក្សាទុកនៅអធិការដ្ឋានស្រុកដើម្បីរង់ចាំការដោះស្រាយតាមច្បាប់។
បើតាមអធិការនគរបាលស្រុកប្រាសាទបាគងបានបញ្ជាក់ថា ករណីនេះមូលហេតុគឺម៉ូតូបើកបរក្នុងល្បឿនលឿនដោយខ្វៈការប្រុងប្រយ័ត្ន៕SRP
