ខេត្តកំពង់ចាម៖សម្ដេចស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពជាតិចរាចរណ៍ផ្លូវគោក ក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធី «ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦» ប្រារព្ធនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹក នៅតែបង្ហាញក្ដីបារម្ភចំពោះកំណើនគ្រោះថ្នាក់ជាក្រុម ដូចជាការបាត់បង់ជីវិតគ្រួសារចំនួន៧នាក់នៅស្រុកជំគិរី និងការបាត់បង់ជីវិត៥នាក់នៅផ្លូវជាតិលេខ៣ក្រុងបូគោ ខេត្តកំពត ការបាត់បង់ជីវិត៥នាក់នៅផ្លូវជាតិលេខ៥ស្រុកមោងឬស្សី និងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករតាមបណ្ដាខេត្តមួយចំនួន។ សម្ដេចកត់សំគាល់ថាមូលហេតុនៃគ្រោះថ្នាក់នេះ គឺបណ្ដាលមកពីបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព និងការមិនប្រកាន់ស្ដាំ។
សម្ដេច ស ខេង បន្តថាពិធីនេះមិនត្រឹមតែរួមចំណែករំលែកទុក្ខជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជាព្រឹត្តិការណ៍ក្រើនរំលឹកអ្នកប្រើប្រាស់ផ្លូវឱ្យមានការយល់ដឹងអំពីហានភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព បើកបរវ៉ាជែងដោយប្រថុយប្រថាន បើកបរមិនប្រកាន់ស្ដាំ បើកបរក្នុងស្ថានភាពស្រវឹង និងមានសារធាតុញៀនជាដើម ដើម្បីឱ្យកែប្រែឥរិយាបទទាំងនោះ ហើយងាកមកគោរពច្បាប់ និងមានការប្រុងប្រយ័ត្នវិញ។
សម្ដេច ស ខេង ក៏បានរំលឹកថាបើប្រៀបធៀបនឹងឆ្នាំ២០១៩ គឺនៅក្នុងឆ្នាំ២០២០កន្លងទៅនេះ កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានចំនួន៩៤២លើកស្មើនឹង២៣ភាគរយ កាត់បន្ថយអ្នកស្លាប់៣៥៥នាក់ស្មើនឹង១៧ភាគរយ និងអ្នករបួស១៤៥៥នាក់ស្មើនឹង២៤ភាគរយ។ ដោយឡែកក្នុងរយៈពេល១១ខែឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០ កម្ពុជាបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន៥៣៣លើកស្មើនឹង១៨ភាគរយ អ្នកស្លាប់១៦៧នាក់ស្មើនឹង១១ភាគរយ និងអ្នករបួសបាន១១២០នាក់ស្មើនឹង២៦ភាគរយ។
សម្ដេច ក៏បានឆ្លៀតគូសបញ្ជាក់អំពីភាពចាំបាច់និងសារៈសំខាន់នៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព រួមមាន ១.ផ្ដល់សេវាសាធារណៈ ជាពិសេសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត, ២.គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, ៣.មានសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍, ៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង, ៥.ដុះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព, ៦.មានអនាម័យ មានសោភណ្ឌភាពល្អ និងមានបរិស្ថានល្អ និង៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហាន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕SRP