ខេត្តកណ្ដាល៖បន្ទាប់ពីបែកធ្លាយរឿងអាស្រូវជាបន្តបន្ទាប់របស់ លោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តកណ្ដាល លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដកលោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តកណ្ដាល ហើយ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺលោក នុត វុត្ថា ទទួលបានតំណែងធំជាងមុនទៅទៀត នៅក្នុងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
យោងតាមលិខិតរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថាលោក ងួន សុវណ្ណ បច្ចុប្បន្នប្រធានសាខាពន្ធដារខេត្តតាកែវ ជាប្រធានសាខាពន្ធដារខេត្តកណ្ដាល ជំនួសលោក នុត វុត្ថា ដែលទទួលភារកិច្ចថ្មី។ ក្នុងលិខិតចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់យ៉ាងច្បាស់ថា ផ្ទេរភារកិច្ចលោក នុត វុត្ថា បច្ចុប្បន្នប្រធានសាខាពន្ធដារខេត្តកណ្ដាល ជាអនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពាក់ព័ន្ធតូច និងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
តាមលិខិតរបស់លោក អូន ព័ន្ធមុនីរ័ត្ន គឺលោក នុត វុត្ថា ត្រូវបានដកចេញពីតំណែងប្រធានសាខាពន្ធដារខេត្តកណ្ដាល ប៉ុន្តែលោក នុត វុត្ថា ទទួលបានតំណែងដែលធំជាងមុននៅក្នុងអគ្គនាយកដ្ឋានពន្ធដារ។
គួររំលឹកដែរថាមួយរយៈចុងក្រោយនេះ រឿងអាស្រូវរបស់លោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តកណ្ដាល ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។ប៉ុន្តែលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ មិនចាត់វិធានការណាមួយទៅលើលោក នុត វុត្ថា នោះទេ ទើបលោក អូន ព័ន្ធមុនីរ័ត្ន សម្រេចផ្លាស់ប្ដូរតួនាទីរបស់លោក នុត វុត្ថា៕SRP