ខេត្តកំពត៖សម្ដេច ស ខេង បានមានប្រសាសន៍ថា វិស័យកសិកម្មនៅកម្ពុជាបាន និងកំពុងដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន ពិសេសចូលរួមចំណែក២០ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ សម្ដេច ថា វិស័យកសិកម្ម កាន់តែដើរតួនាទីសំខាន់ នៅក្នុងបរិបទនៃការប្រឈមុខ នឹងវិបត្តិកូវីដ-១៩ និងការប្រែប្រួលជាអវិជ្ជមាន មួយចំនួនរបស់សាកលលោក។
សម្ដេចបន្តថាវិស័យកសិកម្ម ក៏ជាចលករជំរុញបដិវត្តន៍ ឧស្សាហកម្មពិសេសកសិឧស្សាហកម្ម សម្រាប់ ទាំងពេលបច្ចុប្បន្ន និងអនាគត ដែលនាំមកនូវពហុប្រយោជន៍ និងគុណតម្លៃជាច្រើន ដូចជាការបន្ថែមតម្លៃ ការបង្កើនគុណភាព និងរយៈពេលនៃការរក្សាទុកផលិតផល ការពង្រីកទីផ្សារកសិផល ការអភិវឌ្ឍសហគ្រាសធនតូចនិងមធ្យម ការបង្កើតការងារក្នុងស្រុក កាត់បន្ថយចំណាកស្រុក និងបង្កើនឱកាសសម្រាប់ការនាំចេញផលិតផល។
សម្ដេចបានបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ដែលបង្កើតរោងចក្រកែច្នៃអាហារតាមស្តង់ដាអន្តរជាតិ សម្ពោធនាពេលនេះ គឺជាដំណោះស្រាយយុទ្ធសាស្រ្ត និងទាន់ពេលវេលាឆ្លើយតបទៅនឹងតម្រូវការផលិតកម្មសត្វ បង្កើតឱកាសការងារ កាត់បន្ថយការធ្វើចំណាកស្រុក បន្ថែមលើការពង្រីកសក្ដានុពលវិស័យ កសិឧស្សាហកម្មនោកម្ពុជា។
សម្ដេចក៏បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តក្រុមហ៊ុនបន្តខិតខំកសាងរោងចក្រ ផលិតចំណីអាហារបែបនេះបន្ថែមទៀត នៅតាមបណ្ដាខេត្តដែលមានសក្ដានុពល នៅកម្ពុជា។សម្ដេចក៏បានស្នើឱ្យក្រុមហ៊ុនជួយផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលបច្ចេកទេស ដល់មន្រ្តីកសិកម្ម និស្សិត សហគមន៍ និងប្រជាកសិករអំពីបច្ចេកទេសថ្មីៗ។
សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍យ៉ាងដូច្នជក្នុងពិធីសម្ពោធរោងចក្រ ផលិតចំណីអាហាររបស់ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ស្ថិតនៅឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត នៅថ្ងៃព្រហស្បតិ៍ នេះ៕SRP