ខេត្តព្រៃវែង៖ថ្លែងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នៅរសៀលថ្ងៃសុក្រនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា មកពីក្រុមគ្រូបង្រៀន គ្រូពេទ្យ និវត្តជន និងអតីតយុទ្ធជន ខេត្តព្រៃវែងសម្ដេចស ខេង បានលើកឡើងថា៖ ការបោះឆ្នោតនេះ ជាផ្នែកមួយនៃការពង្រឹងស្ថិរភាពនយោបាយ នៅមូលដ្ឋានទូទាំងប្រទេស ក្នុងគោលដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កាត់បន្ថយភាពក្រីក្រ តាមរយៈការផ្ដល់សិទ្ធិអំណាចជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំឃុំ សង្កាត់ តាមរយៈការបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ពួកគាត់។
សម្ដេចស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានគូសបញ្ជាក់ថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជានឹងដំណើរការយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បន្ទាប់ពីបានចាប់ផ្ដើមការ បោះឆ្នោត នេះ លើកដំបូងកាលពីឆ្នាំ២០០២ ជាមួយនឹងការរៀបចំប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងលទ្ធផលអាចទទួលយកបាន។
សម្ដេច ស ខេង ក៏បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តរួមគ្នាគាំទ្រ និងរួមចំណែកធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ បានប្រព្រឹត្តទៅដោយជោគជ័យ បញ្ចៀសឱ្យបាននូវការបំពានច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ នៃការបោះឆ្នោត ពិសេសគឺបញ្ចៀសអំពើហិង្សានានា។ សម្ដេចថា សូ ប្រជាពលរដ្ឋ ទាំងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមត្រៀមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
សម្ដេចស ខេង ក៏បានអំពាវនាវក្រុមគ្រូបង្រៀន គ្រូពេទ្យ និវត្តជន និងអតីតយុទ្ធជន នៃខេត្តព្រៃវែងទាំងអស់ បន្តបេសកកម្ម និងចូលរួមគាំទ្រដល់ដំណើរការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមចំណែកគាំទ្រការកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ៕SRP
