ខេត្តបន្ទាយមានជ័យ៖បើពុំមានអ្វីប្រែប្រួលនោះទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវាមច្ឆជាតិ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។
ពិធីនេះនឹងប្រារព្ធធ្វើឡើង នៅអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
គួរបញ្ជាក់ថានៅថ្ងៃអាទិត្យ ម្សិលមិញ លោក
វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី លោក ហ៊ុន ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីការរៀបចំ និងបែងចែក ភារកិច្ចទទួលខុសត្រូវក្នុងពិធីប្រារព្ធទិវាមច្ឆជាតិ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ថ្ងៃទី០១ ខែកក្កដា គឺជាទិវា ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតែងតែប្រារព្ធ ទិវាមច្ឆជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងស្មារតីចូលរួមផ្សព្វផ្សាយ គ្រប់គ្រង ការពារ អភិរក្សធនធានធម្មជាតិ វារិជាត និងអភិវឌ្ឍន៍ ធនធានជលផល ឱ្យបានស្ថិតស្ថេរ និងនិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ។
សូមរំឮកជូនថា ចាប់តាំងពីឆ្នាំ២០០៣ ទិវាមច្ឆជាតិ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ លើកលែងឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារ វិបត្តិជាសាកល នៃជំងឺឆ្លងកូវីដ -១៩ គឺមានការលែងមេពូជត្រី កូនត្រី វារីសត្វ ពូជក្នុងស្រុក និងប្រភេទធនធានជលផល ដែលកំពុងរងគ្រោះថ្នាក់ប្រមាណ ៥លានកូន ក្នុង១ឆ្នាំ ចូលទៅក្នុងដែនទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុកមច្ឆជាតិឱ្យកើនឡើង សម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕SRP



