ខេត្តសៀមរាប៖គ្រោះថ្នាក់ចរាចណ៍មួយបានបង្កឱ្យមានសោកនាដ្ឋកម្ម ស្លាប់មនុស្សម្នាក់ភ្លាមៗនិងនារីអ្នករួមដំណើររងរបួសធ្ងន់។
របាយការរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលអង្គភាពសៀមរាបប៉ុស្ដិ៍ទើបទទួលបាននៅរសៀលថ្ងៃនេះ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើងនៅថ្ងៃទី១៩ ខែមិថុនា ២០២២ វេលាម៉ោង៣ និង៣៥នាទី ចំណុចរង្វង់មូលព្រះបាទជ័យវរ័ន្មទី៧ ស្ថិតនៅភូមិថ្នល់ សង្កាត់ ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ផ្លូវជាតិលេខ៦ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣១៧-៣១៨។
របាយការណ៍បន្តថាហេតុការណ៍នេះ កើតឡើងរវាងរថយន្ត និងរង្វង់មូល។ រថយន្តម៉ាក TOYOTA PRUIS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AZ.8122 អ្នកបើកបរឈ្មោះ ទី សុធា ភេទ ប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប (ស្លាប់) និងមានអ្នករួមដំណើរ ម្នាក់ឈ្មោះ យី សុឃីម ភេទស្រី អាយុ២៨ឆ្នាំ ទីកន្លែងកំណើតភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប របួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ទិសដៅពីកើត ទៅលិច បានបុកខឿនចែកទ្រូងផ្លូវ បន្ទាប់មកបុករង្វង់មូល ហើយបានរ៉េ ចង្កូតទៅបុកបង្គោលភ្លើងសញ្ញាចរាចរណ៍(បង្គោលភ្លេីងស្តុប)ខាងលិច ឈៀងខាងជើង។ ក្នុងនោះខូតខាតរថយន្តធ្ងន់ ១គ្រឿង។ មូលហេតុ អ្នកបើកបររថយន្ត បើកបរក្នុងល្បឿនលឿន។
កម្លាំងជំនាញកំពុងស្រាវជ្រាវ និងកសាងសំណុំរឿងតាម នីតិវិធី ដើម្បីបញ្ជូនទៅតុលាការ។ ចំណែកវត្ថុតាងរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក៕SRP