ខេត្តត្បូងឃ្មុំ៖ក្នុងឱកាសអញ្ជើញជាអធិបតី ខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និង សម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចន្ទថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សន្តិភាព បានកើតឡើងរយៈពេលជាង ៤៣ឆ្នាំមកហើយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
សម្ដេចហ៊ុន សែន បន្តថា រយៈពេល ៤៣ឆ្នាំមកនេះ កម្ពុជាបានធ្វើកិច្ចការជាច្រើនជាមួយវៀតណាម ក្នុងនោះសម្រេចការបោះបង្គោលព្រំដែន ៨៤ភាគរយ ខណៈដែលចំណុចសេសសល់ ១៦ភាគរយទៀត កំពុងដំណើរការជាបន្តបន្ទាប់ ដោយឈរលើទស្សនវិស័យព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា៖ មិនមែនតែបូរណភាពទឹកដីកម្ពុជា ជាមួយប្រទេសវៀតណាមនោះទេ ជាមួយប្រទេសក្បែរខាងផ្សេងទៀត ក៏មិនឱ្យមានការបាត់បង់ទឹកដីដូចគ្នា សូមប្រជាពលរដ្ឋស្ងប់ចិត្ត និងទុកចិត្តលើការដឹកនាំរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជា៕SRP