ខេត្តព្រៃវែង៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំ អោយអាជ្ញាធរមូលដ្ឋាន ត្រូវផ្សារភ្ជាប់ទំនាក់ទំនងល្អ ជាមួយប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ដោយទទួលយកនូវរាល់សំណើសំណូមពរ របស់ប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈ ព្រមទាំងអនុវត្តន៍ ឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីធានាបាននូវសុខ សុវត្ថិភាព និងភាពសុខសាន្ត ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ។
ការណែនាំនេះ នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារវត្តពោធិរង្សី ស្រុកកញ្ចៀច ខេត្តព្រៃវែង នៅថ្ងៃទី ១៩ខែ មិថុនា ម្សិលមិញ។
សម្ដេចស ខេង បានសូមថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃខេត្តព្រៃវែង ដែលបានខិតខំអស់កម្លាំងកាយ និងស្មារតី ចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរនៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
សម្ដេចស ខេង បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញ នូវវិធានការទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពនូវការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ដោយរាជរដ្ឋាភិបាល បានផ្ដល់វាក់សាំង បង្ការជម្ងឺកូវីដ១៩ ជូនប្រជាពលនៅទូទាំងប្រទេស ដែលអាចធ្វើឲ្យប្រទេសជាតិ អាចបើកដំណើរសេដ្ឋកិច្ចឡើងវិញបង្ក លក្ខណៈសម្បត្តិងាយស្រួលក្នុងការលើកកម្ពស់ជីវរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងវិញ។
សម្ដេចស ខេង បានមានប្រសាសន៍ លើកឡើងបន្តទៀតថា វត្តអារាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមជាតិយើង ដោយក្នុងនោះបានអប់រំប្រជាពលរដ្ឋឲ្យកសាងតែអំពើរល្អអំពើរជាកុសល ដែលនាំឲ្យភូមិឃុំ សហគមន៍របស់យើងទទួលបាននូវភាពសុខសាន្ត៕SRP
