ខេត្តសៀមរាប៖សមត្ថកិច្ចបាននាំខ្លួនបុរសម្នាក់ដែលមានប្រពន្ធហើយ តែលួចមានសង្សាជាអ្នកសាឡន ហើយដេកជាមួយសាកសពរហូតហើមស្អុយ យកទៅសាកសួរចម្លើយសង្ស័យពាក់ព័ន្ធអំពើឃាតកម្ម។
ហេតុការណ៍ភ្ញាក់ផ្អើលនៅនៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការបែកធ្លាយ ករណីឃាតកម្ម បន្ទាប់ពីប្រជាពលរដ្ឋ រស់នៅក្បែរទីតាំងខាងលើ បានរាយការណ៍មកសមត្ថកិច្ច ថា មានធុំក្លិនស្អុយចេញពីបន្ទប់ជួល។ ករណីនេះ
សមត្ថកិច្ចបានចុះទៅដល់ទីតាំងបន្ទប់ជួលខាងលើ ពិតជាមានធុំក្លិនស្អុយមែន ទើបសមត្ថកិច្ចទម្លុះទ្វារបន្ទប់ចូលពិនិត្យមើល (បន្ទប់ចាក់សោរពីក្រៅ) ទើបប្រទះឃើញសាកសព គ្របភួយ និងជនសង្ស័យដេកក្បែរសាកសពតែម្ដង។
ប្រភពបានបន្តថា៖ ជនរងគ្រោះមានឈ្មោះ ផា រដ្ឋា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ អ្នកសាឡន ស្រុកកំណើត នៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប។ ចំណែកជនសង្ស័យឈ្មោះ សេង គឹមហួរ ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើត នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្ដសៀមរាប ទីលំនៅបច្ចុប្បន្ន ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប (ត្រូវជាសង្សារជនរងគ្រោះ)។
សមត្ថកិច្ចបានសាកសួរជនសង្ស័យ ដោយតាមការឆ្លើយសារភាព របស់ជនសង្ស័យថា ខ្លួនពិតជាបានសម្លាប់ ជនរងគ្រោះពិតប្រាកដមែន ដោយបានយកខ្សែរីដូវាំងនន រឹតក ជនរងគ្រោះបណ្ដាលឱ្យស្លាប់។
តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះ ស្លាប់ដោយសារការរឹតក (នៅលេីកជនរងគ្រោះមានស្នាម)។
ប្រភពបន្តថាមូលហេតុ ជនសង្ស័យប្រចណ្ឌនឹងជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន យកទៅអធិការនគរបាលក្រុងសៀមរាប។ ដោយឡែក សពជនរងគ្រោះ ត្រូវបានប្រគល់ ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP