ខេត្តបាត់ដំបង៖អភិបាលខេត្ត បាត់ដំបង លោក សុខ លូ បានថ្លែងប្រាប់មន្ត្រីរដ្ឋបាលស្រុក ចាត់វិធានការជាបន្ទាន់ ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ ដែលបង្កឱ្យមានការខូចខាតផ្លូវ ក៏ដូចជាបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ និងត្រូវធ្វើការចាត់វិធានការ តាមផ្លូវច្បាប់ដែលបានចែង ដោយមិនត្រូវភ័យខ្លាចអ្នកមានអំណាចណាឡើយ។
លោកសុខ លូ មានប្រសាសន៍ បែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកកំរៀង នៅថ្ងៃសុក្រនេះ។
លោកសុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងនាមគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុក រួមមានកងកម្លាំងទាំង៣ និងមន្រ្ដីរាជការក្រោមឱវាទ ត្រូវតែបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមក និងជាពិសេសត្រូវមានការគាំទ្រ និងជួយជ្រោមជ្រែងលោកអភិបាលស្រុកកំរៀងថ្មី ក្នុងន័យដល់រដ្ឋបាលស្រុក មានសកម្មភាពប្រសើរ ក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។
លោក ក៏បានណែនាំដល់អភិបាលស្រុក មន្រ្ដីរាជការ មេឃុំទាំងអស់ បន្តរៀនសូត្របន្ថែមទៀត ដើម្បីធ្វើបច្ចុប្បន្នភាព នៃផ្នត់គំនិតថ្មីៗ យល់ដឹងអំពីលិខិតបទដ្ឋានថ្មីៗ ឬច្បាប់ថ្មីៗដែលរាជរដ្ឋាភិបាលប្រកាសឱ្យប្រើប្រាស់ ដោយមិនត្រូវធ្វើការអនុវត្តរឿងដដែល គ្មានការរីកចម្រើនទៅមុខ និងមិនសមស្រប ទៅតាមបរិបទថ្មីឡើយ។
លោកក៏បានបន្តណែនាំដល់ដល់រដ្ឋបាលស្រុក ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញៀន ដែលជាបញ្ហាប្រទេសជាតិ កំពុងតែប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងខ្លា បញ្ហាគ្រឿងញៀន បានបំផ្លាញសេចក្ដីសុខ ប្រជាពលរដ្ឋ ធ្វើឱ្យមានអំពើចោរកម្មនានា បង្កឱ្យមានជម្លោះក្នុងគ្រួសារ កាប់សម្លាប់ជាដើម។
លោកក៏បានណែនាំឱ្យមានការគិតគូរក្នុងការរៀបចំ ការដាក់ពិន្ទុវាយតម្លៃភូមិ ឃុំ មានសុវត្ថិភាពនៅតាមភូមិឃុំ ដើម្បីពិនិត្យមើលថាតើឃុំណាបានអនុវត្តបានល្អជាងគេ។
លោកក៏បានណែនាំដល់រដ្ឋបាលស្រុក បន្តពន្យល់ណែនាំដល់ប្រជាពលរដ្ឋ ឱ្យមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលជាដូសជំរុញពីទី៣ រហូតដល់ទី៥ និងក្រោយរយៈពេល៤ខែឡើង ដើម្បីរក្សាគុណភាពអង់ទីករនៅក្នុងខ្លួនឱ្យមានប្រសិទ្ធិភាពខ្ពស់ បើមិនបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញបន្ទាប់ពីចាក់រួច៤ខែឡើងហើយ នឹងធ្វើឱ្យគុណភាពអង់ទីករនៅក្នុងខ្លួននឹងកាន់តែធ្លាក់ចុះជាក់ជាមិនខាន ។
លោកក៏បានណែនាំដល់រដ្ឋបាលស្រុក បន្តពង្រឹងសុខសន្ដិភាពព្រោះកាលណាប្រទេសមានសុខសន្ដិភាពហើយ ការអភិវឌ្ឍប្រទេសក៏កើតមានឡើងដែរ ប្រទេសជាតិមានការរីកចម្រើនបានអាស្រ័យលើសន្ដិភាព។
សូមជម្រាបថារាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចតែងតាំង លោក សុខ ដែន ឋានន្តរស័ក្តិឧត្តមមន្រ្ដី ថ្នាក់លេខ៥ ឱ្យកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាលស្រុកកំរៀង ជំនួសលោក សុខ គឹមខុន ដែលត្រូវបានចូលនិវត្តន៍៕SRP








