ភ្នំពេញ៖លោកសេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ អញ្ជើញនាំយកអំណោយសប្បរសធម៌ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋសម្រាលទារកភ្លោះបីនាក់ ត្រូវជាចៅៗ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ដៃគ្រួសារកូនភ្លោះបី ដែលកំពុងសម្រាកថែទាំសុខភាព នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
អំណោយដ៏សប្បុរសធម៌ទាំងនោះរួមមាន ថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។ ទារកភ្លោះទាំងបីនាក់នេះ ប្រសូត្រនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ជាកូនលើកទី៣ ម្តាយឈ្មោះ វណ្ណា រចនី អាយុ២៩ឆ្នាំ ឪពុកឈ្មោះ មិន ថារី អ្នកទាំងពីរមានមុខរបរជាកម្មកររោងចក្រ មានទីលំនៅរស់នៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។
លោក សេង ទៀង បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។
លោក បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេលជាង២៣ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឬបួននាក់ចំនួន ៣៨៨គ្រួសារ រួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាព រស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។
លោកបន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយ របស់ រាជរដ្ឋាភិបាល អំណោយ របស់ កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឲ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើត ចេញពីទឹកចិត្តជ្រះថ្លា ប្រកបដោយការ គិតគួរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជា ពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបីឬបួននាក់៕SRP