ខេត្តសៀមរាប៖ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (Mengly J. Quach Education) ជាក្រុមហ៊ុនមួយ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ តាមរយៈសេវាកម្មអប់រំ ដែលមានគុណភាពខ្ពស់ឈានមុខគេនៅ កម្ពុជា បានសម្រេចនូវសមិទ្ធផលដ៏ធំមួយទៀត ក្នុងប្រវត្តិសាស្រ្ត របស់ខ្លួន ជាមួយនឹងការសម្ពោធជាផ្លូវការនូវ អគារសិក្សាថ្មី សន្លាង របស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប។
ពាក់ព័ន្ធនឹងកម្មវិធីនេះ កញ្ញា គង់ លក្ខិណា នាយិកាសាខា មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បានលើកឡើងថា អគារសិក្សាថ្មីនេះ បានចូលរួមចំណែកយ៉ាងច្រើន ក្នុងវិស័យអប់រំ ប្រកបដោយសមិទ្ធផលដ៏អស្ចារ្យ និងផាសុកភាពក្នុងការសិក្សា។
បរិក្ខាទំនើបៗ ក្នុងទីតាំងនីមួយៗ បានជំរុញឱ្យសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ សិក្សា និងធ្វើការក្នុងសម័យទំនើបជឿនលឿន ដែលអភិវឌ្ឍ និងបណ្តុះ គំនិតបានយ៉ាងទូលំទូលាយ ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសជុំវិញ ពិភពលោក។
កញ្ញា បានអះអាងថា «បើទោះមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញរួចទៅ ហើយចំពោះសេវាកម្មអប់រំ យើងនឹងបន្តមានគំនិតផ្តួចផ្តើមបង្កើននូវចក្ខុវិស័យដ៏រឹងមាំបំផុតមួយនៅក្នុងប្រទេសកម្ពុជា ហើយយើងនឹងមានគោលដៅ បំពេញតម្រូវការ សម្រាប់ការអប់រំ ប្រកបដោយគុណភាព នៅក្នុងខេត្តសៀមរាប ជាមួយនឹងកម្មវិធី សិក្សា ផ្អែកលើតម្រូវការ របស់សិស្ស ដែលមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ និងការអប់រំនៅសតវត្សរ៍ទី២១។
«នាយិកាដដែល បានបញ្ជាក់យ៉ាងដូច្នេះ «យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសិស្សានុសិស្ស និងបណ្តានិស្សិត ដែលរស់នៅខេត្តសៀមរាប ក្នុងការសិក្សា និងបង្កើនជំនាញភាសា របស់ពួកគេ ជាមួយនឹងកម្មវិធីសិក្សា ដែលទទួលស្គាល់ជាអន្តរជាតិ និងអ្នកជំនាញខាងអប់រំ ប្របកដោយ សមត្ថភាព និងបទពិសោធច្រើនឆ្នាំ»។អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាអ្នកជំនាញខាងវិស័យអប់រំ បានថ្លែងថា លោក និងសហការី ពិតជាមានមោទនភាព និងសេចក្តីសោមនស្សក្រៃលែង ចំពោះអគារសិក្សាថ្មីនេះ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសង្កត់ធ្ងន់ថា នេះគឺជាសមិទ្ធផលធំមួយទៀត ក្នុងប្រវត្តិសាស្ត្រ របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បន្ទាប់ពីបើកដំណើរការដាក់ឱ្យប្រើប្រាស់ អគារមជ្ឈមណ្ឌល ភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង៦សាខាក្នុងរាជធានីភ្នំពេញ។វាគ្មិនដ៏ល្បី និងមានប្រជាប្រិយភាពរូបនេះ បានគូសបញ្ជាក់ពីភាពជោគជ័យ វេជ្ជបណ្ឌិត គួច ម៉េងលី និងមូលហេតុដែលបានពង្រីកសាខា នៅតាមបណ្ដាខេត្តជាបន្តបន្ទាប់ដូច្នេះ «ភាពរីកចម្រើនយ៉ាងឆាប់រហ័សនេះ គឺកើតឡើងដោយសារមានការគាំទ្រ និងតម្រូវការខ្ពស់ពីសិស្សានុសិស្ស និងអ្នកអាណាព្យាបាល សិស្សនៅគ្រប់ខេត្តរាជធានីទូទាំងប្រទេស។
វេជ្ជបណ្ឌិត គួច ម៉េងលី បន្តថា កន្លងមកនេះ ទោះស្ថិតនៅក្នុងការ រីករាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេស តែគ្រឹះស្ថានសិក្សា របស់លោកបានបន្តពង្រីកសាខាជាបន្តបន្ទាប់។
«បើតាមស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃគ្រឹះស្ថានសិក្សាខាងលើ សម្រាប់ឆ្នាំ២០២២ នេះ លោកបានបន្តពង្រីក សាខាឆ្ពោះទៅតាមបណ្ដាខេត្តជាច្រើនទៀត។ ជាក់ ស្តែងនៅថ្ងៃទី១៧ កក្កដានេះ អ្នកវិនិយោគលើវិស័យអប់រំ អ្នកឧកញ៉ា គួច ម៉េងលី បានដាក់សម្ភោធ ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប។លោកបានប្រាប់ឱ្យដឹងថា មានសាខាខេត្តតាកែវ ខេត្តកំពង់ចាម បន្ទាយមានជ័យ រតនគិរី ស្ទឹងត្រែង និងសាខាទួលសង្កែ ក៏នឹងគ្រោងសម្ពោធដាក់ឱ្យដំណើរការ ក្នុងពេលខាងមុខជាបន្តបន្ទាប់ផងដែរ។
១. ហើយម្យ៉ាងវិញទៀត មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានវគ្គបណ្តុះបណ្តាលផ្នែកភាសាអង់គ្លេស ភាសាចិន ភាសាថៃ គ្រប់កម្រិត វគ្គបណ្តុះបណ្តាល TESOL ថ្នាក់ត្រៀមប្រឡង TOEFL កម្មវិសិក្សាតាមអនឡាញ (i-Learn) និងសេវាកម្មនាំសិស្សទៅសិក្សានៅក្រៅប្រទេស (SOGO) ផងដែរ។
ចំពោះការចុះឈ្មោះសិក្សានៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ទទួលបាន អាហារូបករណ៍ដូចខាងក្រោម៖- កម្មវិធីសិក្សាភាសាអង់គ្លេស (ESL Program)- ៤០% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៤នាក់ឡើងទៅ ក្នុងពេលតែមួយ- ៣០% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៣នាក់ ក្នុងពេលតែមួយ- ២០% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ២នាក់ ក្នុងពេលតែមួយ- ១០% សម្រាប់សិស្សទូទៅ- សិស្សដែលកំពុងសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបានអាហារូបករណ៍ ៤០% សម្រាប់ការចុះឈ្មោះចូលរៀន នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ -សិស្សដែលកំពុងសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ ទទួលបានអាហារូបករណ៍ ៥០% សម្រាប់ការចុះឈ្មោះចូលរៀន សិក្សាភាសាចិន នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។
២. បវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ សម្រាប់សាខាតាមបណ្តាខេត្ត ក៏ដូចជាសាខានៅក្នុងរាជធានីភ្នំពេញ នឹងចូលរៀនថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយសម្រាប់សាខាសៀមរាបនេះផ្ទាល់អាចចុះឈ្មោះពីពេលនេះ រហូតដល់ត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នឹងទទួលបាន៖ – ចូលរៀនក្នុងកម្មវិធីរៀនត្រៀមសម្រាប់ឆ្នាំសិក្សាថ្មី២០២២-២០២៣ ដោយឥតគិតថ្លៃ (ថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២)។-បង់ថ្លៃពាក្យសុំចុះឈ្មោះចូលរៀនត្រឹមតែ៥០% ប៉ុណ្ណោះ។-ទទួលបានអាហារូបករណ៍សិក្សាចំនួន១៥%។ -បើចុះឈ្មោះចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ទទួលបានតែអាហារូបករណ៍សិក្សាចំនួន១០% ប៉ុណ្ណោះ។
៣. គួររម្លឹកថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅអំឡុងឆ្នាំ២០០៥ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព ប្រសិទ្ធភាព និងសក្ដានុពលសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា ពិធីសម្ពោធបានធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២ ព្រឹកមិញនេះ ក្រោមអធិបតីភាពរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ បុគ្គលិក លោកគ្រូ អ្នកគ្រូនិងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។
អគារសិក្សាថ្មីរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង នេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕SRP























