ព័ត៌មានទាន់ហេតុការណ៍ :

- ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង - ឪពុក «យកកាំបិត អារក» កូនបង្កើតបណ្ដាលឲ្យរងរបួសធ្ងន់ - ពលរដ្ឋមានការព្រួយបារម្ភ រឿង ល្បែងអាប៉ោង នៅស្រុកត្រពាំងប្រាសាទ អាចបង្កឱ្យមានអំពើអសន្តិសុខកើតឡើង
ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២២ ម៉ោង ៨:៣០ ល្ងាច

រដ្ឋាភិបាល ដាក់ចេញផែនការ ដើម្បីជំរុញទាក់ទាញ កំណើនភ្ញៀវទេសចរ មកកាន់ខេត្តសៀមរាប

J7 Estate

ខេត្តសៀមរាប៖រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការ ដើម្បីជំរុញទាក់ទាញ កំណើនភ្ញៀវទេសចរ មកកាន់ខេត្តសៀមរាប។

ជុំវិញករណីនេះ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានមានប្រសាសន៍ថា ដើម្បីរួមចំណែកទាក់ទាញ ភ្ញៀវទេសចរ អន្តរជាតិបង្កើនការមកទស្សនា ខេត្តសៀមរាប ឡើងវិញសម្រាប់រយៈពេលខ្លីចំពោះមុខនេះ គឺត្រូវរួមគ្នាបន្តអភិវឌ្ឍន៍ផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗទាក់ទាញបន្ថែម ប្រកបដោយភាពច្នៃប្រឌិត ភាពចម្រុះ គុណភាព ថ្លៃសមរម្យ សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ នៅតាមតំបន់អាទិភាពទាំង៦ មានដូចជា តំបន់ឧទ្យានជាតិភ្នំគូលែន តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី តំបន់បេតិកភណ្ឌអង្គរ តំបន់ក្រុងសៀមរាប តំបន់បឹងទន្លេសាប និងតំបន់ទេសចរណ៍សៀមរាបថ្មី ដោយពង្រឹងគុណភាព សេវាឱ្យបានល្អប្រសើរ និងរៀបចំកញ្ចប់ទស្សនកិច្ច ជាមួយតម្លៃសមរម្យមកកាន់ខេត្តសៀមរាប ទាំងសម្រាប់ទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិ ឆ្ពោះទៅការប្រារព្ធយុទ្ធនាការទស្សនាកម្ពុជា ឆ្នាំ២០២៣ (Visit Cambodia Year 2023)។

លោក ថោង ខុន មានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ សមាសភាព និងយន្តការអនុវត្តចំណុះ ឱ្យគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ អមជាមួយការប្រកាសផែនការសកម្ម ភាពឆ្នាំ២០២២-២០២៣ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប នៅថ្ងៃចន្ទនេះ។

ក្នុងពិធីលោកទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា នៅក្នុងឆមាសទី១ឆ្នាំ២០២២នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៦ម៉ឺននាក់ កើនឡើងក្នុងអត្រា១.០២៥ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ និងភ្ញៀវទេសចរ ផ្ទៃក្នុងប្រមាណជាង១លាននាក់ កើនឡើងក្នុងអត្រា៧៩៨ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះជើងហោះហើរ មកកាន់ខេត្តសៀមរាបមានចំនួន៣៨៧ជើង នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ។

លោក ទៀ សីហា បន្តថា ខេត្តសៀមរាបនឹងទទួលបានទេសចរអន្តរជាតិ ប្រមាណជាង១០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២២នេះ ហើយនឹងកើនដល់ប្រមាណ៥០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខ ដោយនឹងស្រូបយក១/៤នៃភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា ខណៈដែលភ្ញៀវទេសចរផ្ទៃ ក្នុងជាង២លាននាក់នឹងមកទស្សនា ខេត្តសៀមរាប នៅក្នុងឆ្នាំ២០២២នេះ ហើយនិងប្រមាណ៤លាននាក់នៅក្នុងឆ្នាំ២០២៣។

លោកអភិបាលខេត្ត បន្ថែមថា ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត បានរៀបចំអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបជា “គោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងបរិយាប័ន្ន” ស្របតាមគន្លងប្រក្រតីភាពថ្មី គឺជាការចាំបាច់ជាយុទ្ធសាស្រ្ត ដែលគោលការណ៍នេះ ទាមទារឱ្យមានការអនុវត្ត ប្រកបដោយប្រសិទ្ធភាព តាមការចង្អុលទិស របស់ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដោយបានទទួលការអនុម័ត ពីរាជរដ្ឋាភិបាល កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ហើយផែនការមេនេះ បានកំណត់ចក្ខុវិស័យសៀមរាបជា “គោលដៅទេសចរណ៍អន្តរជាតិ ដ៏ទាក់ទាញ ប្រកបដោយគុណភាព, ផ្ដល់នូវធនធានទេសចរណ៍សម្បូរបែប, មានការទទួលស្គាល់ជាលក្ខណៈសកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ, និងមានភ្ញៀវទេសចរ មកកម្សាន្ត បានម្ដងហើយម្ដងទៀត ផ្សារភ្ជាប់ ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ចូលរួមដល់ការកាត់បន្ថយភាពក្រីក្រព្រមទាំងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ”។

ចំណែកលោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធចំណុះ ឱ្យយន្តការនៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ត្រូវពិភាក្សា និងសហការជាមួយរដ្ឋបាលខេត្ត និងវិស័យឯកជនក្នុងខេត្តសៀមរាប ដើម្បីរៀបចំជាបន្ទាន់ នូវយុទ្ធសាស្ត្រផ្សព្វផ្សាយ សម្រាប់គោលដៅទេសចរណ៍ ខេត្តសៀមរាប ដោយឡែកមួយឱ្យបានរហ័ស ស្របតាមមាគ៌ាចង្អុលផ្លូវ ដែលបានកំណត់ក្នុង ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។

លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានជំរុញឲ្យពន្លឿនការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីបង្កើនសមត្ថភាពផ្ទុកអ្នកដំណើរ តាមផ្លូវអាកាសមកកាន់ខេត្តសៀមរាប និង លើកទឹកចិត្តដល់ការបន្តខិតខំអភិវឌ្ឍ ក្រុងសៀមរាប និងតំបន់អាទិភាពទាំងអស់ ជាក្រុងទេសចរណ៍ឆ្លាត និងគោលដៅទេសចរណ៍ឆ្លាត និងរដ្ឋបាលខេត្តសៀមរាប ត្រូវរៀបចំសណ្តាប់ធ្នាប់ សម្អាត និងថែរក្សាអនាម័យក្នុងក្រុង ទីប្រជុំជន និងតាមគោលដៅទេសចរណ៍ ឱ្យបានល្អប្រសើរ។

គួរជម្រាបថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាលបានអនុម័តនូវ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» រួចមកហើយ ហើយកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះរាជរដ្ឋាភិបាល បានប្រកាសជាផ្លូវការ នូវសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ សម្រាប់តំបន់អាទិភាព ទាំង៦ រួមមាន៖១. តំបន់ឧទ្យានជាតិភ្នំគូលែន ត្រូវដឹកនាំដោយក្រសួងបរិស្ថាន , ២. តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី ត្រូវដឹកនាំដោយគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប , ៣. តំបន់បេតិកភណ្ឌអង្គរ ជាការទទួលខុសត្រូវរបស់អាជ្ញាធរជាតិអប្សរា , ៤. តំបន់ក្រុងសៀមរាប ត្រូវដឹកនាំដោយគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប , ៥. តំបន់បឹងទន្លេសាប ត្រូវដឹកនាំដោយគ្រឹះស្ថានអង្គរ និង ៦. តំបន់ទេសចរណ៍សៀមរាបថ្មី ត្រូវដឹកនាំដោយក្រសួងទេសចរណ៍៕SRP

Read Previous

សម្ដេចស ខេង៖ មន្រ្តីពាក់ព័ន្ធទាំងអស់មិនត្រូវសន្មត់ថា បញ្ហាប្រជាពលរដ្ឋដែលបានស្នើឬលើកឡើងមកនោះ ជារឿងតូចតាចឱ្យសោះ

Read Next

ឯកឧត្តមហ៊ុន ម៉ានិត ត្រូវបានតែងតាំងជាអនុប្រធានទី១ នៃក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ចាម