ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា បានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដោយធ្វេីយ៉ាងណាត្រូវពង្រឹង ការគ្រប់គ្រង និងប្រមូលចំណូលពន្ធ ឲ្យមានប្រសិទ្ធិភាព ជៀសវាងការបាត់បង់ប្រាក់ចំណូល របស់ជាតិ ក៏ដូចជាថវិកាសម្រាប់ធ្វើការអភិវឌ្ឍន៍ ក្នុងខេត្តកំពង់ចាមផងដែរ។
លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏ប្រាប់មន្ត្រី ពាក់ព័ន្ធទាំងអស់ ឲ្យជម្រុញដល់ក្រុមហ៊ុន សហគ្រាស ដែលប្រកបអាជីវកម្មនានា ត្រូវបំពេញបែបបទស្នើសុំប័ណ្ណប៉ាតង់ ដើម្បីគ្រប់គ្រង និងប្រមូលចំណូលពន្ធ ឲ្យមានប្រសិទ្ធភាព ស្របតាមការរីកចម្រើននៃ សេដ្ឋកិច្ច របស់ ព្រះរាជាណាចក្រកម្ពុជា។
លោកណែនាំបែបនេះក្នុងកិច្ចប្រជុំពិភាក្សាលេីសេចក្តីព្រាងគម្រោងចំណូល ចំណាយថវិកា របស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់គ្រប់គ្រងការចំណាយឆ្នាំ២០២៣ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។
ក្នុងកិច្ចប្រជុំ អ៊ុន ចាន់ដា ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកបំពេញភារកិច្ច អស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផល ការងារគ្រប់គ្រង ប្រមូលចំណូលពន្ធ យ៉ាងល្អប្រសើរ នាពេលកន្លងមក។
គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍសម្រាប់ឆ្នាំ ២០២៣ របស់សាលាខេត្តកំពង់ចាម មានដូចជា ការថែទាំដីធ្លី សួនច្បារ ព្រៃឈើ ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រសាទ ការថែទាំ ជួសជុលផ្លូវ ផ្លូវលំ ស្ពាន និងប្រព័ន្ធលូ ថែទាំ ជួសជុលផ្លូវសំបុកមាន់ និងស្លាកសញ្ញាចរាចរក្នុងក្រុងកំពង់ចាម និងការថែទាំប្រព័ន្ធធារាសាស្ត្រ សរុប ១៨ គម្រោង ដែលសរុបថវិកាប្រមាណជា 19.386.900.000 រៀល៕SRP