ខេត្តសៀមរាប៖រថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដឹកភ្ញៀវទេសចរណ៍ ជនជាតិបរទេស បានបុកគោយន្តកន្ត្រៃបណ្តាលឲ្យស្លាប់មនុស្សចំនួន៣នាក់និងរបួសធ្ងន់ស្រាលចំនួន៥នាក់។
ហេតុការណ៍នេះកើតឡើងវេលាម៉ោង ១៧និង០០នាទី នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
លោកជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកនេះថា រថយន្តក្រុងម៉ាក Hyundai ពណ៌ស.ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3E. 1209 បើក បរ ដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ បើកបរ ក្នុងទិសដៅពីកើតទៅលិច មានអ្នករួមណើរជាភ្ញៀវបរទេសចំនួន០៨នាក់។
ចំណែកអ្នកបើកគោយន្តកន្ត្រៃមួយគ្រឿង ម៉ាកគូប៊ូតា ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ គឹម កាន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាខែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកពីលិច ទៅកើត មានអ្នករួមដំណើរជាមួយចំនួន៨នាក់។
ប្រភពបានបញ្ជាក់ថា មូលហេតុ គ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពី អ្នកបើកបរ រថយន្តមិនប្រកាន់ស្តាំ។
លោកសោម វីរៈ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះពិនិត្យនឹងប្រមូលវត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធីច្បាប់៕SRP