ខេត្តតាកែវ៖នគបាលស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យ ពីររូប ដែលជាតំណាងក្រុមហ៊ុនយូនីស៊ីធី ដែលត្រូវបានចោទប្រកាន់ថា បានឆបោកប្រាក់់ប្រជាពលរដ្ឋ នៅក្នុងកំពត និងខេត្តតាកែវ កន្លងមកអស់រាប់ម៉ឺនដុល្លារ។
លោកឌុក ធីយ៉ា អធិការនគបាលស្រុកត្រាំកក់ បានថ្លែងឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ នៅថ្ងៃម្សិលមិញ
បន្ទាប់ពីមានប្រជាពលរដ្ឋ ចំនួន៤នាក់ បានមកដាក់ពាក្យបណ្ដឹង ដល់សមត្ថកិច្ចស្រុកត្រាំកក់។
ជនសង្ស័យចំនួន២នាក់៖
ទី១ ឈ្មោះជៀន វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិចំការបីឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប មុខងារជាតំណាងចែកចាយផលិផលក្រុមហ៊ុនយូនីស៊ីធី។ ទី២ ឈ្មោះ ឈិន វ៉េត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត មុខងារជាតំណាងចែកចាយលក់ផលិផលក្រុមហ៊ុនយូនីស៊ីធី។ ដោយចោទប្រកាន់ពីបទ ឆបោក។
អធិការស្រុកត្រាំកក់ បានបន្តថា ជនរងគ្រោះដែលបានដាក់ពាក្យបណ្ដឹង ទី១ឈ្មោះ ចាន់ ចី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដំណាក់ឈើក្រម ឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ ២៨០០០ដុល្លារ និងប្រាក់រៀលអស់ ៦លានរៀល។
ទី២ ឈ្មោះ ណុប ចាន់ណា ភេទស្រីអាយុ៤០ឆ្នាំ រស់នៅភូមិប្រមូល ឃុំត្រមែង ស្រុកឈូក ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់៣៨៣០០ដុល្លារ។
ទី៣ឈ្មោះ កយ ជា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃខ្ជាយ ឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ប្រាក់អស់ ៧០០០ដុល្លារ។
នទី៤ ឈ្មោះ ស៊ឺម ហ៊ីម ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ ៤០០០០ដុល្លារ។
អធិការស្រុកត្រាំកក់បានបន្ថែមថា ក្រោយពីទទួលបណ្ដឹងនឹងដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោស្នងការ ព្រមទាំងមានការដឹកនាំសម្របសម្រួលនីតិវិធីដោយ ឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ មកសាកសួរកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
ដោយឡែក លោកស្រី កយ ជា តំណាងឲ្យក្រុមប្រជាពលរដ្ឋទាំង ៤នាក់ ខាងលើបានឲ្យដឹងថា ជនរងគ្រោះ សង្ឃឹមថាសមត្ថកិច្ចក៏ដូចជាតុលាការ នឹងជួយធ្វើយ៉ាងណាអោយជនសង្ស័យក៏ដូចជាតំណាងក្រុមហ៊ុនយូនីស៊ីធី សងប្រាក់ ត្រលប់មកពួកគាត់វិញព្រោះលុយ ដែលពួកគាត់យកទៅអោយក្រុមហ៊ុន គឺជាលុយដែលទៅខ្ចីតាមគ្រិះស្ថានហិរញ្ញវត្ថុ និងលុយមួយចំនួនទៀតបានទៅខ្ចីចងការគេដែលនាំឲ្យទាំងលុយការនិងដើមចេះតែឡើងរៀងរាល់ថ្ងៃ៕SRP