ខេត្តកំពង់ចាម៖លោកយឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម បានណែនាំដល់មន្ត្រី
សមាជិក សមាជិការ គណបក្សស្រុកស្ទឹងត្រង់ ត្រូវខិតខំលើកកម្ពស់ អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈ ប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាពលរដ្ឋ។
លោកថ្លែងបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ឋផលសន្និបាត គណកម្មាធិកាកណ្តាល វិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នៃស្រុកស្ទឹងត្រង់ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីលោក ហ៊ុន ម៉ានិត អនុប្រធានទី១ នៃក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្ស ជាច្រើនរូបទៀត។
ក្នុងកិច្ចប្រជុំ លោក យឹម ឆៃលី បានផ្តល់នូវអនុសាសន៏ណែនាំ ដល់សមាជិកសមាជិការគណបក្សស្រុកស្ទឹងត្រង់ សម្រាប់ត្រៀមយកជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ បន្តទៀត ពោលគឺត្រូវការពារដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងទប់ស្កាត់ រាល់ការប៉ុនប៉ង បង្កចលាចល របស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន សំដៅធានាដំណើរការអភិវឌ្ឍន៍ និងការរស់នៅដ៏សុខសាន្ត របស់ប្រជាពលរដ្ឋ ។
លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឲ្យបន្តជំរុញ និងពង្រឹងការអនុវត្ត គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច និងអនុវត្តឲ្យបានម៉ឹងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ព្រមទាំងខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការឲ្យបានល្អ និងជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ ឲ្យទទួលបានសមិទ្ធផលថ្មីៗទៀត។
លោកយឹម ឆៃលី ក៏បានណែនាំឲ្យពង្រឹងការអនុវត្តឲ្យបានល្អនូវតួនាទី ភារកិច្ច និងរបៀបរបបធ្វើការ របស់ក្រុមប្រឹក្សាឃុំ ព្រមទាំងបន្តពង្រឹងការរៀបចំកម្លាំង ដោយឈរលើទស្សនៈរក្សាចាស់ កសាងថ្មី និងពង្រឹងការងារចលនាមហាជន ជាពិសេសចលនាស្រ្តី និងកម្មករ។
លោកហ៊ុន ម៉ានិត បានសម្តែងការអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ ដែលបានជាប់ឆ្នោតអាណត្តិទី៥ ទាំងអស់ ព្រមទាំងជម្រុញ ឲ្យបន្តការកសាងនូវអំពើល្អ និងគៀងគរដល់សមាជិកថ្មី ដេីម្បីបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ក្នុងពិធីនេះ ក៏មានការប្រកាសសេចក្ដីសម្រេចទទួលស្គាល់ លោក ហ៊ុន ម៉ានិត អនុប្រធានទី១ នៃក្រុមការងារគណបក្ស ចុះមូលដ្ឋាន ខេត្តកំពង់ចាម ជាប្រធានក្រុមការងារ គណបក្សស្រុកស្ទឹងត្រង់ ផងដែរ៕SRP





