ខេត្តកំពង់ចាម៖ក្នុងអង្គសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) នៅស្រុកចំការលើនៅព្រឹកមិញ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួនសម្រាប់ឲ្យកិច្ចដំណើរការសិក្ខាសាលាទទួលបានលទ្ធផលល្អប្រសើរដូចខាងក្រោម៖
១- មន្ទីរជំនាញអង្គការនានា ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្ដោះអាសន្នក្នុងសិក្ខាសាលាសមាហរណកម្ម ឆ្នាំ២០២១កន្លងទៅ សូមធ្វើការពិនិត្យ លើគម្រោង ណា មិន ទាន់បាន អនុវត្ដ គម្រោងណាបានអនុវត្ដរួច ដើម្បីបង្កើនការសហការផ្ដល់ព័ត៌មានពីការអនុវត្ដដល់ឃុំ។
២- មន្ទីរអង្គភាពដែលជាស្ថាប័នរបស់រដ្ឋឈានមុខក្នុងការផ្ដល់សេវារបស់ខ្លួន ស្របតាមគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ផ្ដល់ការគាំទ្រដល់គម្រោងអាទិភាពឃុំ។ សូមប្រើប្រាស់ឲ្យអស់លទ្ធភាពធនធានផ្សេងៗដែលបាន ពីថ្នាក់ជាតិតាមរយៈក្រសួងសាមី ឬធនធានមកពីអង្គការជាតិ អន្ដរជាតិ សប្បុរសជន និងប្រភពផ្សេងៗ ដើមី្បគាំទ្រគម្រោងអាទិភាពរបស់ឃុំ នៅក្នុងសិក្ខាសាលានេះ។ មន្ទីរជំនាញក៏ត្រូវ បង្ហាញពីគោលនយោបាយ ជំនាញរបស់ខ្លួន សម្រាប់ការអភិវឌ្ឍន៍ មូលដ្ឋាន ដើម្បីឲ្យស្រុក និងឃុំ រៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគមានសង្គតិភាព ជាមួយគោលនយោបាយ របស់ រាជរដ្ឋាភិបាលផែនការ យុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ និងផែនការអភិវឌ្ឍន៍របស់វិស័យជំនាញ។ ដោយកន្លងមកយើងបានសង្កេតឃើញថាមន្ទីរជំនាញគាំទ្រគម្រោងសកម្មភាពរបស់ឃុំ នៅក្នុងសិក្ខាសាលាសមាហរណកម្ម មានកម្រិតនៅឡើយ ដូចនេះសំណូមពរ ឲ្យមន្ទីរ អង្គភាពជំនាញ ខិតខំគាំទ្រគម្រោងឃុំ ដើម្បីបង្ហាញពីការយក ចិត្តទុកដាក់ផ្តល់សេវាសាធារណៈ ជូនប្រជាជននៅមូលដ្ឋាន។
៣- សំណូមពរដល់អង្គការជាតិអន្ដរជាតិ ដែលជាដៃគូអភិវឌ្ឍន៍ សូមពិនិត្យលើសកម្មភាពជាអាទិភាពរបស់ប្រជាជននៅមូលដ្ឋាន ដើម្បីបង្កើនការគាំទ្រគម្រោងវិនិយោគរបស់ឃុំ នៅតាម ទីតាំង គោលដៅអភិវឌ្ឍន៍របស់ខ្លួន។
៤- សូមយកវេទិកានេះធ្វើការពិភាក្សាគ្នាទៅវិញទៅមករវាងឃុំ និងមន្ទីរ-អង្គភាពអង្គការជាតិអន្ដរជាតិ ឲ្យបានច្បាស់លាស់ ដើម្បីធ្វើការចរចាររកអ្នកគាំទ្រ ហើយឈានដល់ការចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្នសម្រាប់អនុវត្ដគម្រោងនៅឆ្នាំ២០២៣៕SRP



