ខេត្តសៀមរាប៖បុរសម្នាក់បានដេកស្លាប់ នៅក្នុងបន្ទប់ជាន់ទី២ ក្នុងផ្ទះរបស់ខ្លួន រយៈពេលពីរយប់ពីរថ្ងៃ ទើបក្រុមគ្រួសារសាច់ញាតិ បានដឹង រាយការណ៍ជូនសមត្ថកិច្ច។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង ១៣ និង ៣០នាទី ថ្ងៃទី ០៥ ខែកក្កដាឆ្នាំ ២០២២ នៅក្នុងបន្ទប់ដេក ជាន់ទី ២ ក្នុងផ្ទះរបស់ជនរងគ្រោះ ដែលស្ថិតនៅក្នុង ភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះ មានឈ្មោះ យ៉ាត វណ្ណា ភេទប្រុស អាយុ ៥៦ ឆ្នាំ មានស្រុកកំណើត ភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅផ្ទះកើតហេតុ។
សមត្ថកិច្ចបន្តថា បន្ទាប់ពីក្រុមគ្រួសារសាច់ញាតិ ប្រទះឃើញ ជនរងគ្រោះ ខាងលើ បានដេកស្លាប់ និងមានហូរឈាម ចេញតាមមាត់ផងនោះ ក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើកុសលវិច័យភ្លាមៗ។
បន្ទាប់ពីពិនិត្យ ជុំវិញកន្លែងកើតហេតុ និងទៅលើ សាកសពជនរងគ្រោះ ឃើញថាមិនមានអ្វីខុសប្រក្រតី ដែលពាក់ព័ន្ធនឹងករណីអ្វីផ្សេង នោះឡើយ។
ចំពោះឈាមហូរចេញពីមាត់សមត្ថកិច្ចបញ្ជាក់ថា ដោយសារ ជនរងគ្រោះ បានស្លាប់ ក្នុងរយៈពេលយូរ (ប្រហែលម៉ោង ១-២ យប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២) ទើបបណ្ដាលឱ្យមានហូរឈាមចេញតាមមាត់។
សមត្ថកិច្ចបានបញ្ជាក់មូលហេតុថា ករណីស្លាប់នេះគឺ ដោយសារ ខ្យល់គរ ដោយជនរងគ្រោះ មានជំងឺប្រចាំកាយ លើសឈាម និង រោគបេះដូង។
ក្រោយពីធ្វើការពិនិត្យ សាកសពរួច សមត្ថកិច្ច បានប្រគល់ជូន ក្រុមគ្រួសារ ដើម្បីយកទៅ ធ្វើបុណ្យ តាមប្រពៃណី៕SRP




