ខេត្តព្រះវិហារ៖សម្ដេច ស ខេង បានប្រាប់អាជ្ញាធរខេត្តព្រះវិហារ ឱ្យយកចិត្តទុកដាក់ដោះស្រាយសំណើរ សំណូមពរ បញ្ហាប្រឈម និងមតិយោបល់ប្រជាពលរដ្ឋ ឱ្យបានល្អ និងមានប្រសិទ្ធភាព ព្រមទាំងយកចិត្តទុកដាក់ទប់ស្កាប់ការកាប់បំផ្លាញព្រៃឈើ និងថែរក្សាធនធានធម្មជាតិផងដែរ។
ការណែនាំឲ្យទប់ស្កាប់ការកាប់បំផ្លាញព្រៃឈើ និងថែរក្សាធនធានធម្មជាតិ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃសុក្រម្សិលមិញ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ។
ក្នុងពិធីសម្ដេចស ខេង ក៏បានប្រាប់អភិបាលខេត្តព្រះវិហារថ្មី ឲ្យយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ ដែលភាគច្រើនក៏បាននាំចូលតាមច្រកព្រំដែនខេត្តព្រះវិហារជាប់ប្រទេសឡាវ និងប្រទេសថៃ។
សម្ដេចបានស្នើថា«កងយុទ្ធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិដែលឈរជើងតាមព្រំដែន និងអាជ្ញាធរសមត្ថកិច្ចទាំងអស់ ដែលនៅតាមព្រំដែនត្រូវសហការគ្នា ហើយកុំឃុបឃិតជាមួយពួកជួញដូរគ្រឿងញៀនឱ្យសោះ»។
សម្ដេចបន្ថែមថាក្រៅតែពីបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងសន្តិសុខសង្គម បញ្ហាគ្រឿងញៀននេះក៏អាចជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់ ឬលាងលុយកខ្វល់ ដែលអាចធ្វើឱ្យប្រព័ន្ធធនាគារកម្ពុជាត្រូវចាត់បញ្ចូលក្នុងបញ្ជីប្រផេះ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចជាតិទាំងមូល។ ក្រៅពីនេះ បញ្ហាគ្រឿងញៀនក៏អាចជាប់ពាក់ព័ន្ធនឹងការរីកសាយភាយអាវុធមហាប្រល័យ និងអំពើភេរវកម្ម ដែលអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ប្រឆាំងផងដែរ។
សម្ដេចក៏បានផ្ដល់ការណែនាំឱ្យរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ទាំងអស់នៃខេត្តព្រះវិហារ យកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងនោះរាប់ទាំងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផងដែរ។
សូមជម្រាបថាលោក គីម រិទ្ធី ត្រូវបានប្រកាសតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ជំនួសលោកប្រាក់ សុវណ្ណ ដែលបានចូលនិវត្តន៍៕SRP