ខេត្តបាត់ដំបង៖លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃសុក្រ ម្សិលមិញ បានបញ្ជាដោយផ្ទាល់ ដល់អាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារ ក្នុងការត្រួតពិនិត្យរថយន្តដឹកទំនិញធុនធ្ងន់ ដែលបានដឹកទំនិញចូលក្នុងក្រុងបាត់ដំបង ដែលធ្វើដំណើរពីភូមិសាស្រ្ដរាជធានីភ្នំពេញ ចូលដល់ក្នុងក្រុងបាត់ដំបង ដែលបង្កឱ្យមានការខូចខាត ផ្លូវសាធារណៈផង និងការប្រព្រឹត្តខុសពីសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ស្ដីពីការបញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ចូលមកក្នុងក្រុងបាត់ដំបង និងត្រូវផ្លាស់ប្ដូរទីតាំងឃ្លាំងស្ដុកទំនិញទៅនៅក្រៅក្រុងបាត់ដំបង។
នៅក្នុងប្រតិបត្តិការនេះដែរ ក៏បានធ្វើការហាមឃាត់រថយន្តធុនធ្ងន់មួយចំនួន ដែលចូលក្នុងក្រុងបាត់ដំបង និងបានស្វែងរកឃើញទំនិញហាមឃាត់មួយចំនួន ដោយបច្ចុប្បន្ននេះចំពោះរថយន្តដែលដឹកទំនិញហាមឃាត់ទាំងនោះ ត្រូវបានសមត្ថកិច្ចគយចល័ត នាំយកទៅទីស្នាក់ការគយចល័តនៅឃុំអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី។
លោក សុខ លូ បានធ្វើការបញ្ជាក់សារជាថ្មី ដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវធ្វើយ៉ាងណាធ្វើការបង្រ្កាប ឱ្យបានចំពោះរថយន្តដឹកទំនិញធុនធ្ងន់ ដែលចូលក្នុងក្រុងបាត់ដំបង ដែលធ្វើឱ្យមានការខូចខាត ដល់ផ្លូវក្នុងក្រុង បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនៅក្នុងក្រុងផង និងជាពិសេសធ្វើឱ្យខូចសណ្ដាប់ធ្នាប់ក្នុងក្រុងផងដែរ។
លោកក៏បានបញ្ជាក់បន្ថែមដល់សមត្ថកិច្ចគយចល័ត ក៏មិនត្រូវភ្លេចត្រួតពិនិត្យទំនិញខុសច្បាប់ ឬទំនិញមិនបង់ពន្ធជូនរដ្ឋដែរ ដែលនេះគឺជាតួនាទីរបស់សាខាគយ និងរដ្ឋាករខេត្តបាត់ដំបង ត្រូវពិនិត្យឱ្យមែនទែន បើទោះបីជារថយន្តនោះជារថយន្តដឹកទំនិញធុនតូច រថយន្តដែលអាចអនុញ្ញាតិ ឱ្យចូលក្រុងបាន ក៏មិនមែនមានន័យថា មិនពិនិត្យទំនិញមុនសិនដែរ ហើយក្នុងករណីបើរកឃើញដឹកទំនិញដែលខុសច្បាប់ ឬមិនមានការបង់ពន្ធជូនរដ្ឋត្រឹមត្រូវទេ ត្រូវធ្វើការហាមឃាត់ជាបន្ទាន់ដោយមិនត្រូវឱ្យរួចខ្លួនឡើយ។
លោកសុខ លូ បានធ្វើការអំពាវនាវដល់អាជីវករក្នុងក្រុងបាត់ដំបង ត្រូវមានការយល់ដឹងអំពីការហាមឃាត់រថយន្តដឹកទំនិញធុនធ្ងន់ចូលក្នុងក្រុងបាត់ដំបង ព្រោះកន្លងមកមានបងប្អូនអាជីវករ ពាណិជ្ជករ និងអ្នកប្រកបអាជីវកម្មផ្សេងៗ បានធ្វើការដឹកជញ្ជូនទំនិញលើសទម្ងន់ និងប្រើប្រាស់រថយន្តធុនធ្ងន់ទៀត បណ្ដាលឱ្យខូចខាតផ្លូវថ្នល់ក្នុងក្រុងអស់ជាច្រើន ដែលធ្វើឱ្យបាត់បង់ថវិកាជាតិក្នុងការជួសជុលផ្លូវក្នុងក្រុងកាន់តែច្រើន។
គួរបញ្ជាក់ផងដែរថា កន្លងមករដ្ឋបាលខេត្តបាត់ដំបង បានធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ ស្ដីពីការបញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ ចូលមកក្រុងបាត់ដមបង និងផ្លាស់ប្ដូរទីតាំងឃ្លាំងស្ដុកទំនិញទៅនៅខាងក្រៅក្រុងបាត់ដំបង ដោយក្នុងនោះរដ្ឋបាលខេត្តបានធ្វើការសម្រួលរយៈពេលយ៉ាងយូរ០១ឆ្នាំគិតចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ រហូតដល់បំណាច់ខែមេសា ឆ្នាំ២០២៣ ដើម្បីធ្វើការផ្លាស់ប្ដូរទីតាំងឃ្លាំងស្ដុកទំនិញទៅក្រៅក្រុង បើពុំនោះទេ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់នូវរាល់ការដឹកជញ្ជូនទំនិញដោយប្រើប្រាស់រថយន្តធុនធ្ងន់ ឬដឹកជញ្ជូនលើសទម្ងន់ដែលបានកំណត់៕SRP