ខេត្តបាត់ដំបង៖ផ្ទះបុរាណដែលស្ថិតក្នុងក្រុងបាត់ដំបង ត្រូវអាជ្ញាធរបានកំពុងនិងតែអភិរក្សនិងកែលម្អលាបពណ៌ឱ្យដូចគ្នាដើម្បីទាក់ទាញភ្ញៀវទេសចរចូលទស្សនាកាន់តែច្រើន។
ដឹកនាំកិច្ចប្រជុំពិនិត្យការងាររៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពតំបន់ផ្ទះអភិរក្សក្រុងបាត់ដំបងនៅរសៀលថ្ងៃចន្ទ ម្សិលមិញ លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់ក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ ក្រុងទាំងអស់ ពន្លឿនក្នុងការរៀបចំការលាបពណ៌ផ្ទះ សម្រាប់ផ្ទះស្ថិតក្នុងតំបន់អភិរក្ស ដោយក្នុងនោះ រដ្ឋបាលខេត្តបានធ្វើការកំណត់លេខកូដពណ៌ ដែលពណ៌នោះគឺជាពណ៌នៃទម្រង់ដើមនៃអគារនៅតំបន់អភិរក្ស នោះតែម្ដង ដើម្បីឱ្យផ្ទះនៅតំបន់អភិរក្សនេះ មានពណ៌ដូចគ្នាផង និងដើម្បីរក្សាអត្តសញ្ញាណ ដើមនៃអគារទាំងនោះផង ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកចូលទស្សនាខេត្តបាត់ដំបង កាន់តែច្រើនឡើងៗ។
លោកក៏បានលើកឡើងអំពីការរៀបចំផ្លូវដើរ ចិញ្ចើមផ្លូវសម្រាប់អ្នកដំណើរងាយស្រួល ក្នុងការដើរ ដោយមានកម្ពស់ស្មើៗគ្នា និងមានរូបរាងដូចៗគ្នា ដើម្បីមើលឃើញថាមានរបៀបរៀបរយ និងមានសណ្ដាប់ធ្នាប់ផងដែរ។
ពាក់ព័ន្ធទៅនឹងតំបន់ផ្ទះអភិរក្សនេះផងដែរ លោក សុខ លូ ក៏បានលើកឡើងពីបញ្ហាមួយចំនួន ដូចជាការតសំយ៉ាបតង់កៅស៊ូ ការដាក់លក់ទំនិញមុខផ្ទះបាំងជិតផ្លូវដើរ ការតំឡើងស្លាកយីហោបាំង តួអគារ និង បញ្ហាបណ្តាញខ្សែកាបរញេរញៃ ជាដើម ដែលបានបង្កឱ្យមានភាពអសណ្តាប់ធ្នាប់ និងខូចសោភ័ណភាព។
លោកបានបន្តទៀតថា ដើម្បីប្រែក្លាយតំបន់នេះអោយទៅជាតំបន់ផ្ទះអភិរក្សពេញលេញ តម្រូវអោយមានការរុះរើសំយ៉ាប និងសា្លកយីហោចាស់ ដោយដាក់ជំនួសវិញនូវសំយ៉ាប និងស្លាកយីហោថ្មី ស្របទៅតាមស្តង់ដាររួមមួយ ដែលបានកំណត់ច្បាស់លាស់ទៅតាមប្លង់គំរូ៕SRP