ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធិ បានបង្ហោះសារថា រឿងភ្នំតាម៉ៅមានមុខ២។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរសារនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា ដូចខ្ញុំតែងនិយាយជារឿយៗមកហើយ ថាអ្វីៗសុទ្ធតែមានមុខ ២ របស់វាជានិច្ច ! រឿងព្រៃភ្នំតាម៉ៅ ( តាមពិតមិនមែនជាប់ភ្នំតាម៉ៅទេ។ ក្នុងរូប ភ្នំតាម៉ៅគឺនៅឯនាយ ) មានមុខ ២ របស់វាដែរ។
លោក ខៀវ កាញារីទ្ធិ បានបន្តថា៖ ទី១ អ្នកមូលដ្ឋានទីនោះខកចិត្ត ព្រោះដីនៅទីនោះបាត់ហាងឆេង អ្នកសង្ឃឹមពង្រីកមុខរបរនៅទីនោះក៏ខូចបំណង ហើយ ហេដ្ឋារចនាសម្ព័ន្ធទំនើបមិនបានមកដល់ទីកន្លែងគាត់។
តែមុខទី២ គឺព្រៃរបោះកន្លែងនោះដែលមានតែឈើគ្មានតម្លៃសេដ្ឋកិច្ចនឹងប្រែក្លាយទៅជាព្រៃដែលមានសុទ្ធតែរុក្ខជាតិកម្រ និងមានតម្លៃក្នុងមួយទៅពីរទស្សវត្សរ៍ទៀត។
សូមរំលឹកថាភ្នំតាម៉ៅត្រូវបានក្រុមហ៊ុនបានធ្វើការឈូសឆាយក្លាយជាវាលហោស្ថានជិត៦០០ហិកតា ដើម្បីវិនិយោគ ប៉ុន្តែបន្ទាប់ពីបានធ្វើការឈូសឆាយរយៈពេលប៉ុន្មានថ្ងៃមក ក៏មានការប្រតិកម្មយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ។ ភ្លាមៗបន្ទាប់ពីមានការប្រតិកម្មបែបនេះ លោក ឡេង ណាវ៉ាត្រា បានប្រកាសបញ្ឍប់នូវការវិនិយោគរបស់ខ្លួន។ ចំណែកប្រមុខរាជរដ្ឋាបាលកម្ពុជា បានចេញប្រកាសលុបចោលនូវគម្រោងអភិវឌ្ឍន៍ របស់ក្រុមហ៊ុនឡេង ណាវ៉ាត្រា ផងដែរ។ ជាមួយគ្នានេះដែរ សម្ដេច ហ៊ុន សែន ក៏បានដាក់បញ្ជាឲ្យមានការដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ ឡើងវិញ និងដាក់ការពារអភិរក្សតំបន់ធនធានធម្មជាតិ៕SRP