ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា រឿងរ៉ាវការបង្ក្រាបល្បែងស៊ីសង កុំចាំបាច់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្រែក ឬនាយករដ្ឋមន្ត្រី ស្រែកបានធ្វើនោះទេ គឺអាជ្ញាធរដូចជាថ្នាក់ក្រោមជាតិហ្នឹង ត្រូវតែចុះធ្វើហើយត្រូវធ្វើដូចភ្លៀងរលឹម។
សម្តេចបានថ្លែងថា បើទោះបីកម្ពុជាមិនមែន ជាគោលដៅវាយប្រហារភេរវកម្ម តែត្រូវរួមគ្នាទប់ស្កាត់កុំឱ្យកម្ពុជា ទៅជាជម្រករបស់ភេរវកម្ម។
សម្តេចហ៊ុន សែន បានបង្ហាញការជឿជាក់ថា ការបង្ក្រាបល្បែង នឹងរួមចំណែកកាត់បន្ថយការជួញដូរមនុស្ស និងបង្កើនសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម។
ថ្លែងនៅក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ ” សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” នៅព្រឹកមិញនេះដែរ សម្តេចហ៊ុន សែន ក៏បានផ្តាំផ្ញើ ឱ្យគ្រប់តួអង្គទាំងអស់ ធ្វើសកម្មភាពព្រមៗគ្នា ទៅលើការបង្រ្កាបគ្រឿងញៀន ល្បែងស៊ីសងខុសច្បាស់ និងជនប្រព្រឹត្តិបទល្មើស ដែលនាំទៅដល់ការជួញដូរមនុស្ស ហើយត្រូវស្រាវជ្រាវយកជនប្រព្រឹត្តិបទល្មើស នៃការជួញដូរមនុស្សមកផ្តន្ទាទោសតាមច្បាប់ ជាពិសេសត្រូវមានការត្រៀមបង្ការ ទប់ស្កាត់នូវរឿងអកុសល ទាំងអស់នេះ តាមរយៈវិធានការអប់រំ វិធានការច្បាប់ ជាពិសេសកុំឱ្យកូនចៅរបស់យើងក្លាយជាអ្នករងគ្រោះដោយសារតែអំពើខុសច្បាប់ទាំងអស់នេះ និងកុំឱ្យប្រទេសរបស់យើងក្លាយជាជំរក នៃអំពើវេរកម្ម និងធ្វើការគ្រប់គ្រងអាវុធឱ្យត្រឹមត្រូវ៕SRP