ខេត្តកំពង់ចាម៖លោកចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្តាំផ្ញេីដល់សិស្សនគរបាលទាំងអស់ ត្រូវគោរព ក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ និងមានអត្តចរិកល្អ ដើម្បីក្លាយជាមន្ត្រីនគរបាលគំរូ ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ បន្ទាប់ពីបញ្ចប់ការសិក្សា ហើយចេញទៅបំពេញភារកិច្ច នៅតាមអង្គភាពសាមីវិញ។
តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងយ៉ាងដូច្នេះក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសំណេះសំណាល សួរសុខទុក្ខ សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង ជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ២ (ខេត្តកំពង់ចាម) នៅសុក្រនេះ។
លោកចាន់ អ៊ាន បានថ្លែងថា ក្រោមការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់ពី សម្តេចស ខេង បណ្ឌិត្យសភា និងសាលានគរបាលភូមិភាគនីមួយៗ បានធ្វើកំណែទម្រង់លើ ការងារសំខាន់ៗ ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារ:សិក្សា ការពង្រឹងវិន័យ និងការកសាង វប្បធម៌គុណភាព សំដៅលើកកម្ពស់ សមត្ថភាព វិជ្ជាជីវៈ កងកម្លាំងនគរបាល ឱ្យឆ្លើយតបទៅនឹងតម្រូវការអង្គភាពសាមី ព្រមទាំងស្របតាមគោលនយោបាយកំណែទម្រង់ កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចហ៊ុន សែន។
រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ រូបនេះ ក៏បានផ្ដាំផ្ញើដល់បណ្ឌិត្យសភា ត្រូវបន្ត អនុវត្តភារកិច្ចរបស់ខ្លួនឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត និងប្រកាន់ខ្ជាប់«វប្បធម៌គុណ» រីឯសិស្សនគរបាល គ្រប់រូប ត្រូវបន្តយកចិត្តទុកដាក់រៀនសូត្រ ហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង ហើយត្រូវគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន និងប្រកាន់ខ្ជាប់នូវទស្សនៈ«រៀនឱ្យចេះ មិនមែនរៀនឱ្យចប់នោះទេ»។
គួរបញ្ជាក់ថា នៅមុនពេល ជួបសំណេះសំណាល ជាមួយសិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ ចំនួន១៨៧នាក់ ដែលមកពីបណ្ឌិត្យសភានគរបាលកម្ពុជា ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង គណៈប្រតិភូ បានអញ្ជើញត្រួតពិនិត្យ វឌ្ឍនភាពនៃការស្ថាបនា និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងនោះមានផ្លូវបេតុង ប្រព័ន្ធលូ អគារស្នាក់នៅ ដែលជាអំណោយរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ផងដែរ៕SRP