ខេត្តត្បូងឃ្មុំ៖គម្រោងមូលនិធិអភិវឌ្ឍន៍ ឃុំចំនួន ២ក្នុងស្រុកមេមត់ ត្រូវបានដាក់ដេញថ្លៃជាសាធារណៈ នៅថ្ងៃចន្ទនេះ ដើម្បីបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋានឃុំ ក្រោមវត្តមាន លោក ស៊ឺង គិរីវណ្ឌី នាយកទីចាត់ការផែនការ និង វិនិយោគខេត្ត លោក អភិបាលរងស្រុកមេមត់ លោកមេឃុំទាំង២ និងដោយមានការចូលរួមពីគណកម្មការឃុំ មន្រ្តីបច្ចេកទេស តំណាងក្រុមហ៊ុនដេញថ្លៃ និងអ្នកពាក់ព័ន្ធ ផងដែរ។
លោក ស៊ឺង គិរីវណ្ឌី បានមានប្រសាសន៏សង្កត់ធ្ងន់ថា រាល់ការបើកសំណើរដាក់ដេញថ្លៃ លើគម្រោងមូលនិធិឃុំ ចាំបាច់ត្រូវអនុវត្តន៍គោរពតាមគោលការណ៏ អោយបានត្រឹមត្រូវ ទៅតាមនីតិវិធីលទ្ធកម្ម ដែលមានចែងក្នុងសៀវភៅណែនាំស្ដីពីការអនុវត្តន៏គម្រោងមូលនិធិឃុំ ជាធរមាន ធានាបានតម្លាភាព យុត្តិធម៌ គុណភាព ដែលរដ្ឋបាលមូលដ្ឋានទទួលយកបានទាំងអស់គ្នា។
បន្ទាប់ពីបានដំណើរការបើកឯកសារសម្រាប់ដាក់ដេញថ្លៃ របស់បណ្តាក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃរួចមក តាមទិដ្ឋភាពជាក់ស្តែងការដេញថ្លៃ គម្រោងមូលនិធិឃុំនេះ គឺបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងត្រឹមត្រូវតាមច្បាប់និងលក្ខខណ្ឌនៃការដេញថ្លៃ ខណៈប្រធានគណៈកម្មការលទ្ធកម្ម និងអ្នកចូលរួមទាំងអស់ យល់ព្រមទទួលយកគម្រោង។ ទន្ទឹមនេះ ក្រោយពីដំណើរការដេញថ្លៃ ត្រូវបានបញ្ចប់ សូមលោក-លោកស្រី ជាក្រុមហ៊ុនទទួលបានសិទ្ធទទួលការទាំងអស់ ត្រូវអនុវត្តន៏អោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដោយធ្វើយ៉ាងណា អនុវត្តគម្រោងសាងសង់ផ្លូវទាំងនេះ ប្រកបដោយគុណភាព បម្រើផលប្រយោជន៏ជូនប្រជាពលរដ្ឋបានយូអង្វែង។
សូមជម្រាបថា៖ ជាលទ្ធផលក្នុងកិច្ចដំណើរការបើកសំណើរដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំទាំង ២ រួមមាន ៖ ឃុំមេមងមានចំនួន១គម្រោងសាងសង់ផ្លូវបេតុងអាមេនិងដាក់អំពូលសូឡា ចំនួន ០១ ខ្សែរ បានទៅលើក្រុមហ៊ុន លី ឈួន។ ឃុំរំចេកមានចំនួន២គម្រោងទី១សាងសង់ផ្លូវក្រាលគ្រួសក្រហមធម្មជាតិចំនួន ០១ ខ្សែរ បានទៅលើក្រុមហ៊ុន ហ៊ន់ សោភណ័្ឌនិងគម្រោងទី២សាងសង់ផ្លូវបេតុងអាមេ ចំនួន ០១ ខ្សែរ បានទៅលើក្រុមហ៊ុន សេត មិថុនាដោយមានប៊ីតក្រុមហ៊ុនដាក់ចូលរួមដេញថ្លៃ សរុបចំនួន ៩ប៊ីត ផងដែរ៕SRP