លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដាក់បញ្ជាដល់សមត្ថកិច្ចមូលដ្ឋានវែកមុខស្វែងរកឃាតករ ជាជនដៃដល់មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់និងបានបានចាត់ឲ្យនគរបាលជំនាញធ្វើជូនដំណឹងទៅកាន់សាច់ញាតិ ដែលបានបាត់សមាជិកគ្រួសារ មកមើលសាកសពផងដែរ។
ការដាក់បទបញ្ជានេះធ្វើឡើងក្រោយមានករណីឃាតកម្មលើនារីម្នាក់ ត្រូវគេអារកសម្លាប់ ហើយយកទៅដុតបណ្តាលឲ្យសពឆេះខ្លោច ក្នុងចំការចេកមួយកន្លែង។
សូមជម្រាបថាកាលពីវេលាម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ប្រជាពលរដ្ឋ បានប្រទះឃើញសាកសពនារីម្នាក់ ត្រូវគេអារកសម្លាប់ ហើយយកមកដុតបណ្ដាលឲ្យសពឆេះខ្លោច ក្នុងចំការចេកមួយកន្លែង ស្ថិតនៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ករណីនេះសមត្ថកិច្ចបានសន្និដ្ឋានថា ឃាតករអាចសម្លាប់ជនរងគ្រោះនៅទីតាំងផ្សេង ហើយយកសពមកទំលាក់ និងដុតនៅទីតាំងខាងលើនេះ។
តាមការសន្និដ្ឋានជំហ៊ានបឋម សាកសពជាភេទស្រី អាយុប្រហែល២០ទៅ៣០ឆ្នាំ, សាកសពត្រូវភ្លើងឆេះប្រមាណ២៥% ដោយប្រើស្លឹកចេកដែលគរចោល កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។, សាកសពមានសភាពហើមស្អុយសំលៀកបំពាក់ខ្មៅមានស្នាមរបួសនៅលើ ក ផ្នែកខាងមុខ, សាកសពត្រូវបានដឹកពីទីតាំងផ្សេងយកមកទំលាក់ដីព្រៃចំការចេកហើយដុត៕SRP